ស្ទឹងត្រែង៖ អ្នកលក់ទឹកអំពៅ តាមរឺម៉កម៉ូតូ និងសន្តិសុខ ផ្សារស្ទឹងត្រែង បានឈ្លោះប្រកែកគ្នា តឹង សរសៃកយក ឈ្នះរៀងៗខ្លួន ព្រោះតែរឿងក្រុម សន្តិសុខផ្សារ បានទារថ្លៃភាស៊ី ថ្លៃអនាម័យ លើសសៀវភៅបន្ទុក និងតម្រូវឱ្យបង់ថ្លៃកន្លែង កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ នៅលើដងផ្លូវ ជាប់ផ្សារ បន្លែអតីតសួនច្បារ ខេត្តស្ទឹងត្រែង ។

លោកថៃ ថន អាយុ៣៣ឆ្នាំ និងអ្នកស្រី សេង សុខា អាយុ៣២ឆ្នាំ ជាប្តី-ប្រពន្ធនឹងគ្នា ប្រកបរបរ ចិញ្ចឹម ជីវិតតាមរយៈរ៉ឺម៉កម៉ូតូ ដឹកនិងគាប ទឹកអំពៅ លក់ បាននិយាយ ប្រាប់ឲ្យថា ខណៈលោក សន្តិសុខផ្សារ បានសំឡុតគំរាមថា បើទោះបីផ្លូវនេះ ជាផ្លូវរដ្ឋសាធារណៈ ក៏ដោយ ខណៈលោក មកលក់ នៅក្នុងតំបន់ កាន់កាប់ និងគ្រប់គ្រង ដោយលោក ប្រធានផ្សារ លោកមិន ដែលបដិសេធតាម ការណែនាំរបស់លោក ប្រធានផ្សារ ម្តងណាទេ ។ មិនតែប៉ុណ្ណោះបើទោះបីជាលោក លក់ទឹកអំពៅចល័ត ទីតាំងក៏ពិតមែន តែ លោក និងភរិយា បានបង់លុយ ទៅឲ្យលោក សែ ម៉េងជា ប្រធានផ្សារ ក្នុង១ខែ ៦ម៉ឺនរៀល ថ្លៃភាស៊ី ៥០០រៀល និងថ្លៃអនាម័យ ក្នុងមួយថ្ងៃថ្លៃ៥០០រៀល មិនដែលខកខាន ម្តងណាឡើយ ។

បុរស២នាក់ប្តី-ប្រពន្ធបន្តថា លោក និងភរិយា បានបើករ៉ឺម៉កម៉ូតូ លក់លើដងផ្លូវ សាធារណៈក្នុងខេត្ត ហើយបានមកឈប់ សំចតនៅលើ ដងផ្លូវ ដើម្បី លក់ទឹកអំពៅ ឲ្យភ្ញៀវ នៅគ្រានោះ មានលោកសន្តិសុខ ផ្សារជើងខ្លាំង ពីរនាក់ មកទារលុយ ខែចំនួន ៦ម៉ឺនរៀល និង លុយថ្លៃភាស៊ី ព្រមទាំងលុយ អនាម័យ សរុប១ពាន់រៀល បន្ថែមទៀត ។ ខណៈនោះលោកមិនទាន់លក់បាន លុយទេ ហើយក៏ពុំទាន់ មានលុយ បង់ឲ្យដែរ ស្រាប់តែលោក សន្តិសុខ ជើងខ្លាំង ទាំងពីរនាក់នោះ បានស្ទុះមកចាប់ ទាញយករ៉ឺម៉ក លក់ទឹក អំពៅក្នុងបំណង អូសយកទៅ ស្នាក់ការផ្សារ ដើម្បីជម្រិតទាលុយលោក និង ភរិយា បានឃាត់ មិនឲ្យយក នៅគ្រានោះរូបលោក និងភរិយាស្ទើរតែ ត្រូវបានលោកសន្តិសុខ ផ្សារទាំង ពីរនាក់នោះ ប្រើអំពើហិង្សា ដាក់ទៅហើយ ។

ខណៈដែលជម្លោះកំពុងឈានដល់ការតានតឹង ខ្លាំងឡើង លោក សែ ម៉េងជា ប្រធានផ្សារ ដ៏មានឥទ្ធិពល បានមកដល់ ហើយបានបញ្ជាក់បា្រប់ ក្រុមអ្នក កាសែត ជុំវិញសភាព តានតឹងនេះថា លោកមិនដែល បានទាលុយ លើសពីសៀវភៅ បន្ទុកម្តងណាទេ អ្វីដែលកើត ឡើងនៅពេលនេះ គឺជា ការនិយាយ បំភ្លើស ប្រាសចាកពីការពិត ហើយអ្វីដែល លោកចុះ មកដល់ទីកន្លែង កើតហេតុនេះ គឺក្នុងបំណង មកបញ្ឈប់មិន ឲ្យពីរនាក់ប្តីប្រពន្ធនេះ លក់នៅ លើផ្លូវដងផ្លូវ សាធារណៈនេះទៀត ព្រោះខ្លាចប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងអនាម័យ សាធារណៈ ។ ប្រសិនបើចង់លក់ ទៅលក់កន្លែង ណាដែល មិនស្ថិតក្នុងរង្វង់ ដែនកាន់ កាប់របស់លោក ចាប់ពីមាត់ទន្លេដល់ មុខមន្ទីរអប់រំ និងពីគល់ស្ពានថ្ម រហូតដល់គល់ ស្ពានដែកខាង ក្រោយ ព្រះរាជដំណាក់ ក្នុងក្រុងស្ទឹងត្រែង បើពុំនោះទេត្រូវ តែទៅរក ទីតាំងឈរជើង លក់ឲ្យបានច្បាស់ លាស់ដូចគេដូចឯង ។

ចំណែកលោកថៃ ថន និងភរិយា បានបញ្ជាក់ជំហរថា លោកមិនយល់ព្រម ទៅលក់នៅ កន្លែងអត់ មនុស្សទិញនោះទេ លោកនឹងដើរ លក់នៅគ្រប់ កន្លែង ឲ្យតែជាផ្លូវនោះ ជាផ្លូវ របស់រដ្ឋ ចំណែកថ្លៃភាស៊ី និងថ្លៃងនាម័យ លោកនឹងអនុវត្តន៍ បង់ទៅតាមសៀវភៅ បន្ទុក តែចំពោះការ បង់ថ្លៃកន្លែង គឺមិនឱ្យទេ ព្រោះគេដើរ លក់ចល័ត តាមផ្លូវ សាធារណៈ មិនមែនលក់នៅតូប ក្នុងផ្សារឡើយ ។

ដោយសារការទឹងសរសៃកកាន់តែខ្លាំងឡើងៗធ្វើឱ្យមានការភ្ញាក់ ផ្អើលពេញ ផ្សារក្រុមអាជីករ ផ្សារ ក៏បាន លាន់មាត់ចោទ លោក សែ ម៉សងជា ថា មិនចំពោះអ្នកលក់ ទឹកអំពៅពីរនាក់ប្តី ប្រពន្ធនោះទេ ដែលរងការគាបសង្កត់ សូម្បីតែពួកគាត់ ក៏រងគំនាបពីការ យកលុយ លើសពីសៀវភៅ បន្ទុក នេះដែរ តែពួកគាត់មិន ហ៊ានមាត់ជាក់ស្តែង ដូចជាអ្នកលក់ បន្លែក្រាលការ៉ុង ១ប្រឡោះយក ៥០០រៀល កន្លែងលក់ខោអាវជ ជុះយក ៥ពាន់រៀល និងផ្ញើម៉ូតូ១ គ្រឿងថ្លៃ១០០០រៀល។ល។

លោក ផឹក សុបិន អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹង នៅរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១២ថា ការប្រកបរបរចិញ្ចឹម ជីវិតលក់ដូរតាម រយៈរទេះរុញចល័ត នៅលើផ្លូវ សាធារណៈ នោះផ្សារ គ្មានសិទ្ធិទារលុយ ឲ្យដាក់ខែនោះទេ គឺគ្រាន់តែបង់លុយ ថ្លៃភាស៊ី និងថ្លៃអនាម័យ ទៅតាម ការកំណត់ ក្នុងសៀវភៅបន្ទុក ចេញដោយ មន្ទីរសេដ្ឋកិច្ច និហិរញ្ញវត្ថុ តែប៉ុណ្ណោះ ៕

Photo by DAP-News

Photo by DAP-News
ដោយ៖ គឹមស្រេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]