រាជធានីភ្នំពេញ ៖ កន្លងមកគេដឹងត្រឹមតែហេតុផលមួយប៉ុណ្ណោះថា លោកអេ ភូថង មានបំណងឱ្យ កូនស្រីរបស់ ខ្លួនបំភ្លេចការប្រដាល់ ដើម្បីងាកទៅ រកការសិក្សាឱ្យបានជាប់លាប់។ ប៉ុន្តែក្នុងបទ សម្ភាសន៍មួយថ្មី បានធ្លាយចេញ មូលហេតុថា លោកអេ ភូថង ក៏ធ្លាប់ជំរុញឱ្យកូន ស្រីលុកលុយក្នុង អាជីពនេះដែរ ប៉ុន្តែមកពីនាងបំពេញមិនបាននូវលក្ខន្តិកៈក្នុង នាមជាកីឡាការិនី ទើបលោកខឹងចិត្ត ក៏ឱ្យលាឈប់ តែម្ដង។

អ្នកស្រីសាំង សុម៉ាលី ភរិយារបស់លោកអេ ភូថង និយាយថា បើទោះជា អេ យ៉ានុត ជាកូនស្រី តែម្នាក់ ប៉ុន្តែអ្នកស្រី និងស្វាមីមិន ដែលរើសអើងចំពោះអាជីពប្រដាល់ ហើយបង្ខំឱ្យនាងបោះបង់ នោះទេ ដោយមានតែជំរុញឱ្យ នាងប្រឹងប្រែងនា ពេលកន្លងមកផង ។ ជាក់ស្ដែងក្នុងពេល អេ យ៉ានុត ឡើងប្រកួត លោកអេ ភូថង ក្រៅពីមិនជំទាស់ គឺថែមទាំងជំរុញ និងលើកទឹកចិត្តឱ្យ នាងស្ទុះស្ទា កាន់តែខ្លាំង ។ អញ្ចឹងហើយទើបភាគ ច្រើនណាស់ ដែលលោកបង្ហាញខ្លួននៅ រេញប្រដាល់ក្នុងពេល អេ យ៉ានុត ឡើងប្រកួត ដើម្បីជួយប្រាប់តិចនិក វាយទៅលើគូប្រកួត ។ មានហេតុផលតែមួយគត់ ដែលធ្វើឱ្យអតីតកីឡាករល្បីឈ្មោះរូបនេះប្ដូរជំហរ ហើយបង្ខំឱ្យកូនស្រី លាឈប់ការប្រដាល់ នោះគឺមកពី អេ យ៉ានុត មិនអនុវត្តតួនាទីអាជីព ហើយធ្វើឱ្យលោកអាម៉ាស់មុខ ។

អ្នកស្រីសាន សុម៉ាលី និយាយថា ៖ «ប្ដីខ្ញុំកន្លងមក ទោះជាមានការជំទាស់ពីឪពុកម្ដាយមិនឱ្យ អេ យ៉ានុត ឡើងប្រដាល់ ក៏គាត់ជំរុញកូនស្រីដែរ ព្រោះស្រឡាញ់អាជីពហ្នឹង ប៉ុន្តែមកពី អេ យ៉ានុត ធ្វើឱ្យគាត់ ខ្មាសគេ ទើបខឹងឱ្យឈប់ប្រដាល់តែម្ដង!» ។ បញ្ហានោះ គឺបណ្ដាលមកពី អេ យ៉ានុត ឡើងវ៉ៃប៉ុន្មានលើកចុងក្រោយមិនប្រឹងប្រែងហាត់ទាល់តែសោះ ដែលទំនងមកពីនាងសំអាងថា បានបង្វឹកសិស្សក្នុងក្លិបរាល់ថ្ងៃ គឺមិនចាំបាច់ ហ្វឹកហាត់ខ្លួនឯងក៏បាន ។ អ្នកស្រីបន្តថា លទ្ធផល បរាជ័យប៉ុន្មានលើក ចុងក្រោយរបស់ អេ យ៉ានុត បានធ្វើឱ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់លោកអេ ភូថង និងក្លិបប្រដាល់យ៉ាងខ្លាំង ទើបត្រូវតែបញ្ឈប់នាងកុំឱ្យមានការរិះគន់ ។ និយាយរួម អេ យ៉ានុត ចង់ឡើងវ៉ៃ ប៉ុន្តែមើលទៅ កូនស្រីរូបនេះខ្ជិលហាត់ណាស់ ហើយការប្រដាល់ មិនមែនហេង សុទ្ធតែឈ្នះឯណា អញ្ចឹងហើយទើបប្ដីអ្នកស្រីខឹងលែងឱ្យប្រដាល់តែម្ដង ព្រោះគិតមើល ឪពុកបើកក្លិប ប៉ុនណាប៉ិនណី ហើយកូនឡើង ប្រដាល់ប៉ាតណាប៉ាតណី ម៉េចនឹងកើត ។

អ្នកស្រីប្រាប់ថា សម្រាប់អ្នកស្រីនៅតែមានបំណងឱ្យកូនបន្តការប្រកួត ទោះជានាងជានារី និងកាន់តែធំពេញវ័យនោះក៏ដោយ ។ ហេតុផលនោះ គឺចង់ឱ្យនាងស្គាល់ការលំបាកក្នុងការរកប្រាក់ និងចេះផ្គត់ផ្គង់ដោយខ្លួនឯង ប៉ុន្តែតាមមើលលោកអេ ភូថង មិនអាចបណ្ដោយឱ្យនាង បន្តការ ប្រដាល់ទៀតទេ ក្នុងពេលដែលលោក ទាមទារឱ្យនាងហ្វឹកហាត់ឱ្យជាប់លាប់ កន្លងមកគឺនាងចេះតែផ្គើន ហើយធ្វើឱ្យ លោកអាម៉ាស់មុខ ទៅចាញ់ គូប្រកួតដែលសុទ្ធតែធ្លាប់ឈ្នះបែបនេះ។ អ្នកស្រីនិយាយថា ៖ «មើលទៅយ៉ានុត លែងបានប្រដាល់ច្រើនជាង ព្រោះពេលនេះ ប៉ាវាហាមដាច់ខាត ឱ្យឈប់តែម្ដង ហើយឪពុកម្ដាយពួកខ្ញុំទាំងសងខាង ក៏ហាមដូចគ្នា! ម្យ៉ាងពេលនេះ យ៉ានុត ប៉ាវាឱ្យទៅរៀន ខាងជាងអ៊ុតសក់ជាងមួយខែហើយ គឺមិនឱ្យមករវីរវល់រឿង ប្រដាល់វិញទេ ព្រោះដឹងថា បើឱ្យបន្តការប្រដាល់ ក៏មើលទៅមិនសូវស្វិតស្វាញ!» ។ អ្នកស្រីប្រាប់ថា ទោះជាលោកអេ ភូថង មិនអាចហាមឃាត់ កូនស្រី ដល់ទឹកចុងក្រោយ ក៏ការប្រដាល់របស់នាង ស្ថិតក្នុងសភាពពិបាក បកក្រោយច្រើនជាង ដោយសារពេលនេះ នាងនៅរៀនថ្នាក់ទី៨ នៅឡើយ ដែលមានន័យថា ទម្រាំចប់បាក់ឌុប គឺដល់ពេលរៀបចំគ្រួសារ ឬត្រូវមានអាជីពថ្មី ខាងផ្នែកអ៊ុតសក់ បាត់ទៅហើយ។

អ្នកស្រីបញ្ជាក់ថា ៖ «យ៉ានុត បើឱ្យប្រដាល់ទៀត ក៏មិនកើតដែរ ព្រោះកូនហ្នឹងមិនសូវចង់ហ្វឹកហាត់ទេ ចង់គឺបានតែចង់ប៉ុណ្ណោះ ប៉ុន្តែអ្នកកីឡា មិនអាចអញ្ចឹងបានទេ ព្រោះបើឡើងចាញ់ៗ គេរិះគន់ណាស់ ពិសេសសម្រាប់អ្នកដែលមានឪពុកជាកីឡាករ និងជាម្ចាស់ក្លិបអញ្ចឹង!» ។ អ្នកស្រីកំពុងជំរុញឱ្យ អេ យ៉ានុត ងាកទៅរកការសិក្សា និងបំប៉នផ្នែកជំនាញអ៊ុតសក់ បន្ទាប់ពីមើលឃើញថា ការប្រដាល់ផ្នែកនារី ក៏រីកចម្រើន ស្ដួចស្ដើងនៅកម្ពុជានោះ។ យ៉ាងណាមិញ អ្នកស្រីបានសម្ដែង ការបារម្ភពីការប្រដាល់ ផ្នែកនារី បន្ទាប់ពីកូនស្រី និងកីឡាការិនី មួយចំនួន បន្តលាឈប់ ដោយគ្មានអ្នកចំណូលថ្មី បែបនេះ ៕

កូនស្រីរបស់អតីតកីឡាករ អេ ភូថង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង