ភ្នំពេញៈ បុរសម្នាក់ ដែលជាអ្នកមានលុយកាក់ថ្លៃថ្នូរ តែបែរជាមានចរិតអន់ទៅវិញ ពេលបង្កគ្រោះថ្នាក់ ចរាចរ ដោយបើករថយន្តលុច្សស៊ីសរបស់ខ្លួន បុកបុរស២នាក់ រហូតបាក់ដៃបាក់ជើងហើយ មិនព្រមចុះ ដោះស្រាយ ឬជួយសង្រ្គោះជនរងគ្រោះនោះទេ បែរជាទូរស័ព្ទស្វែងរកអន្តរាគមន៍ និងដកកាំភ្លើងសំញែង នៅកន្លែងកើតហេតុទៀត។

ហេតុការណ៍ដែលមើលទៅគួរឲ្យហួសចិត្តនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណជា១០យប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១២ នៅតាមបណ្តោយវិថីគីមអ៊ីលស៊ុង កាច់ជ្រុងសាលាទួលគោក ទល់មុខស្ថានីយ ប្រេងឥន្ធនៈតូតាល់ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ជនរងគ្រោះ២នាក់ ដែលធ្វើដំណើរតាមម៉ូតូ ត្រូវរថយន្តលុច្សស៊ីស បុកបណ្តាលឲ្យបាក់ដៃ និងបាក់ជើង រងរបួសជាទម្ងន់។ ក្រោយពេលជួបគ្រោះថ្នាក់ បុរសអ្នកមាន មិនឲ្យតម្លៃជីវិតអ្នកក្រនោះ បានដើរចុះពីរថ យន្តលុច្សស៊ីស ពាក់ស្លាកលេខ ភ្នំពេញ 2J-0161 របស់ខ្លួនយ៉ាងសង្ហា ដោយមិនខ្ចីមើលជនរងគ្រោះ ហើយទូរស័ព្ទស្វែងរកអន្តរាគមន៍ ថែមទាំងយកកាំភ្លើងមក សំញែងថែមទៀត បន្ទាប់ប្រុងនឹងដើរចេញពីកន្លែងកើតហេតុ។ តែដោយសារប្រជាពលរដ្ឋនៅទីនោះ ដែលមើលទៅមិនពេញភ្នែកនោះ បាននាំគ្នាឡោមព័ទ្ធ និងស្ទាក់ចាប់បុរសរូបនេះ មិនឲ្យចេញទៅណា ឡើយ ដោយឃើញស្ថានភាពមិនសូវស្រួលបុរសអ្នកមានរូបនេះ ក៏បោះកាំភ្លើងរបស់ខ្លួនចោលតែម្តង។

លុះមួយសន្ទុះក្រោយមកទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ជនបង្ក និងរថយន្តរង់ចាំ ដោះស្រាយជាមួយភាគីជនរងគ្រោះ។

តែទោះជាយ៉ាងទាំងភាគីជនបង្ក និងជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ សី ណារ៉ុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]