រតនគិរីៈ បុរសចំណាស់ម្នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីគៀរគ្នា ជាមួយ រថយន្ត ហ៊ីយ៉ុនដាយមួយគ្រឿង ខណៈដែលរូបគេ កំពុងជិះម៉ូតូ ចេញពីកន្លែងចាក់សាំងមួយកន្លែង នៅចំណុចភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានប្រមាណ២៥ម៉ែត្រ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តុប សុន អាយុ៦២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានឡុង ខេត្តរតនគិរី ។ ចំណែក អ្នកបើកបររថយន្ត ពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ នាំខ្លួនមកដោះស្រាយ ។

តាមចម្លើយសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ថា មុនកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A-4830 ចេញពីកន្លែង ចាក់សាំង មួយកន្លែង តែម្នាក់ឯង បានប្រហែល២៥ម៉ែត្រ មកខាងមុខផ្លូវភ្លោះ ផ្លូវជាតិលេខ៧៨A ។ ភ្លាមៗនោះ គេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0148 បានបើកយ៉ាងលឿន បញ្ច្រាសទិសដៅ របស់ម៉ូតូ មកដល់ចំណុចកើតហេតុ ក៏វ៉ាក់អ៊ើជាមួយម៉ូតូ ដោយម៉ូតូប្រឹងបើកគេច ផុតក្បាលរថយន្ត តែត្រូវប៉ះដៃជាមួយ ផ្នែកខាងក្រោយ នៃរថយន្ត បណ្តាល ឱ្យដួល បោកក្បាលនឹងជញ្ចាំងរថយន្ត ដួលផ្កាប់មុខទៅនឹងផ្លូវ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ តែម្តង ។

ប្រភពខាងលើបន្តថា ចំណែកអ្នកបើកបរ រថយន្តបង្កហេតុ ក្រោយឃើញហេតុការណ៍ដូច្នោះ ក៏បានបើក រថយន្តរត់គេច យកទៅប្លុងចោល នៅខាង ក្រោយ វិទ្យាល័យសម្តេចឳ-សម្តេចម៉ែ ហើយបើកទ្វាររត់បាត់ ស្រមោល ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរខេត្ត បានមកធ្វើការវាស់វែង ហើយបានលើកម៉ូតូ ដាក់លើរថយន្ត យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ នៃ ស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ។ចំណែកសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈស្រី សុផាន់ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]