ពិភពលោក៖ ទូរស័ព្ទស្មាតហ្វូន iPhone 6 និង iPhone 6 Plus បានចរាចរលក់ ជុំវិញពិភពលោក ហើយអ្វីដែលយើង ស្មានមិនដល់នោះ គឺក្នុងរយៈពេលខ្លី បែបនេះសោះ ផលិតផលទាំង២នេះ ត្រូវបានលក់ដាច់ សរុបចំនួន ១០លានគ្រឿង មកហើយ។

តែក្រោយពីលក់ បានប៉ុន្មានថ្ងៃ ក៏មាន ការវាយប្រហារទៅលើ ស្មាតហ្វូន iPhone 6 Plus ដែលមាន អេក្រង់ ទំហំ៥.៥អ៊ីញ ព្រោះថា ទូរស័ព្ទម៉ូដែលនេះ អាចទៅជាកោង បាន។ អតិថិជនខ្លះបាន អះអាងថា ទូរស័ព្ទ iPhone 6 Plus ប្រែទៅជាកោង ដោយគ្រាន់តែ ពួកគេដាក់វាក្នុង ហោប៉ៅហើយអង្គុយ មួយស្របក់ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យឲ្យ ក្រុមហ៊ុន Apple បាននិយាយថា “ពួកយើងកំពុងតែ ធ្វើការស៊ើបអង្កេត យ៉ាងសកម្មបំផុត ទៅលើបញ្ហាខុសឆ្គង ជាច្រើនដែលទាក់ទងនឹង ផលិតផលរបស់យើង បន្ទាប់ពីនេះពួកយើង នឹងធ្វើការកែតម្រូវ ឲ្យប្រសើរជាងនេះ ដើម្បីកុំឲ្យអតិថិជន របស់យើងមាន ការថ្នាំងថ្នាក់ចិត្ត”។

ជាមួយគ្នានេះ នៅក្នុងសហគមន៍មួយ នៃវេបសាយ 9to5mac.com បានឲ្យដឹង ពីជនអនាមិក ដែលបាន សរសេរ នៅក្នុងនេះថា ( ខ្ញុំមានការព្រួយបារម្ភ ពី iPhone 6 Plus ដោយសារតែ វាបានទាញ សក់ខ្ញុំ នៅពេលដែល ធ្វើការហៅទូរស័ព្ទ ចេញ។ ជាដំបូង ខ្ញុំគិតថា សក់គ្រាន់ តែស្អិតជាប់ នឹង អេក្រង់ការពារ ប៉ុណ្ណោះ តែនៅពេលដែល ពិនិត្យ ឲ្យច្បាស់ ទើបដឹងថា វាជាការ ជាប់ រវាង កញ្ចក់ និង អាលុយមីញ៉ូម ដែលបណ្ដាលឲ្យ សក់ជាប់ ស្អិតនៅ ខាងក្នុងតែម្ដង និង នៅពេលដែល ព្យាយាមដកចេញ នោះ វានឹងធ្វើឲ្យ អ្នកឈឺចាប់) ។ មិនត្រឹមតែមានពាក្យ ចចាមអារ៉ាមបែបនេះ នៅលើវេបសាយមួយនេះ នោះទេ គឺសូម្បីតែ នៅក្នុង បណ្ដាញទំនាក់ទំនង Twitter ក៏មានអ្នកប្រើប្រាស់ ធ្វើការត្អូញត្អែរដូចគ្នា៕



វីដេអូ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]