បាល់ទាត់៖ កាលពីថ្មីៗនេះ យោងតាមរបាយការណ៍ គេហទំព័រ Daily Star របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool ខិតជិតក្នុងការផ្ទេរ ខ្សែប្រយុទ្ធបារាំង វ័យ ២៦ ឆ្នាំ ពីក្រុម Real Madrid របស់អេស៉្បាញ មកកាន់កីឡាដ្ឋាន Anfield នៅរដូវកាលដោះដូរកីឡាករ រដូវរងា នាខែ មករា ខាងមុខនេះ បន្ទាប់ពីក្រុមអធិរាជ-ស អេស៉្បាញមួយនេះ បានដាក់តម្លៃ ៣៨ លានផោន ស្មើនឹងជា ៦០ លានដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការលក់ ខ្សែប្រយុទ្ធរបស់ខ្លួន។

គ្រូបង្វឹក ហង្សក្រហម Liverpool លោក Brenden Rodger សង្ឃឹមថា ការមកដល់ របស់ខ្សែប្រយុទ្ធរូបនេះ មិនត្រឹមតែអាចជំនួសកន្លែង របស់ខ្សែប្រយុទ្ធ Suarez ដែលបានផ្ទេរទៅកាន់ Barcelona នោះទេ ថែមទាំង ជួយពង្រឹងប្រព័ន្ធប្រយុទ្ធ របស់ហង្សក្រហម បន្ថែមទៅលើកម្លាំងដែលមានស្រាប់ តួយ៉ាងដូចជា ខ្សែប្រយុទ្ធ Balotelli, Sturridge និង Lambert ជាដើម។

គួរបញ្ជាក់ផងដែរថា Benzema បង្ហាញវត្តមានឲ្យ Real Madrid បាន ២៤៣ ប្រកួត និងរកគ្រាប់បាល់បាន ១១៣ គ្រាប់ បើគិតមកទល់ពេលនេះ។

ងាកទៅកីឡាករ Sami Khedira សញ្ជាតិអាឡឺម៉ង់ របស់ក្រុម Real Madrid ដដែលវិញ ក៏នឹងចាកចេញ ពីកីឡាដ្ឋាន Santiago Bernabeu ដែរ បន្ទាប់ពីតារា World Cup វ័យ ២៧ ឆ្នាំរូបនេះ បានយល់ព្រមសំណើរទិញ ពីកាំភ្លើងធំ របស់ Arsenal រួចជាស្រេច ដោយនៅសល់តែ កិច្ចពិភាក្សា រវាងក្រុមទាំងពីរ ពាក់ព័ន្ធនឹងតម្លៃទិញ តែប៉ុណ្ណោះ។

បើទោះបីជាមានការប្រមាញ់ ពីក្រុមតោខៀវ យ៉ាងណាក៏ដោយ ប្រធានក្លឹប Real Madrid លោក Florentino Perez ក៏ប្រាថ្នាលក់កីឡាករនេះដែរ បន្ទាប់ពីកិច្ចសន្យារបស់គាត់ នឹងត្រូវបញ្ចប់ នៅរដូវកាលក្រោយ ដូចនេះលោក Perez មិនចង់ឲ្យ Khedira ចាកចេញ ដោយគ្មានតម្លៃខ្លួន នោះទេ៕


ប្រភព៖ Daily Star | Metro 1 & 2

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]