ពិភពលោក៖ នរណា ក៏ធ្លាប់ឡើងចុះ កាំជណ្តើរដែរ ព្រោះវាជា មធ្យោបាយ របស់មនុស្ស ក្នុងការ ឡើងចុះ ពីទីខ្ពស់។ តាំងពីដើមរៀងមក រហូតទល់ បច្ចុប្បន្ន ទោះបី មានជណ្តើរយន្ត ពិតមែន ក៏គេនៅតែ មិនចោលជណ្តើរឡើង ដោយថ្មើរជើងនោះដែរ។ ចុះបើយើងក្រឡេក ទៅមើលជណ្តើរពីសម័យដើមវិញ ដូចជណ្តើរយើង ឡើងសព្វថ្ងៃ ដែរឬទេ?

ជណ្តើរធម្មតា ប្រិយមិត្ត ច្បាស់ជា ធ្លាប់ឃើញឡើងសឹកភ្នែកទៅហើយ ឥឡូវយើងមក មើលប្រភេទ ជណ្តើរពីមុនៗ វិញម្តង ថាវាមានអ្វីប្លែក និង គួរឲ្យចាប់អារម្មណ៍យ៉ាងណាខ្លះ បានជាដល់ថ្នាក់ សូម្បីតែ សារព័ត៌មាន ស៊ីអ៊ិនអ៊ិន ក៏ចុះផ្សាយ និង ឲ្យឈ្មោះ ជណ្តើរទាំង១៣ នេះ ជាជណ្តើរ ដ៏គួរឲ្យខ្លាចបំផុត យ៉ាងដូច្នេះ។ មើលហើយប្រិយមិត្ត ជួយឲ្យមតិទៅមើល ថាសមនឹងឲ្យរហ័សនាម ចឹងដែរទេ?

1~ ជណ្តើរប្រាសាទអង្គរវត្ត - កម្ពុជា

ជណ្តើរនេះ ទ្រេតចោត លក្ខណៈជ្រាលចុះ ស្ទើរតែ ៧០ភាគរយទៅហើយ ដែលពិតជា ពិបាកក្នុងការ ឡើងពិតមែន។ តែក៏មានបង្កប់ន័យ ចង់រំលឹកទៅដល់ មនុស្សដែរថា មួយជំហានៗ ឡើងទៅលើនោះ ពិតជាពិបាក ប្រៀបបីដូចជា ការឡើងទៅលើ ឋានសួគ៌ ដូច្នោះដែរ ព្រោះបើសិនជាឡើងមិនស្រួលៗ អាចនឹងធ្លាក់ទៅក្រោម។


2~ ជណ្តើរ Verruckt នៅទីក្រុង និង រដ្ឋ កាន់សាស់ - អាមេរិក

នេះជាជណ្តើរឡើងទៅលើ កន្លែងជិះបន្ទះរអិល ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក បើក ដំណើរការ ទទួលភ្ញៀវចូលលេងកំសាន្ត កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។ វាមាន ២៦៤ កាំ និង ត្រូវបត់បែន ចំនួន ២៥ជុំ។ សំរាប់កម្ពស់វិញ ស្មើនឹងអាគារ ១៧ជាន់ និង ខ្ពស់ជាង ជ្រោះ Niagara ទៅទៀត ហើយនៅពេលដែល ជិះចុះមក អាចមានល្បឿន ដល់ទៅ ជាង ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។


3~ ជណ្តើរឡើងទឹកជ្រោះ Pailon del Diablo - អេក្វាដ័រ

ជណ្តើរនេះ ត្រូវបានរចនាឡើង តំរូវនឹងទីតាំង ដែលជាកន្លែងព្រៃភ្នំ។ វាមានលក្ខណៈរលោង និង រអិល ហើយទីនោះ ក៏ឆាប់ចុះអ័ព្វផងដែរ ដែលពិបាក ក្នុងការធ្វើដំណើរ ឡើងទៅលើ មែនទែន។


4~ ជណ្តើរ Half Dome នៅរដ្ឋកាលីហ្វ័រញ៉ា - អាមេរិក

វាដូចជាផ្លូវ មានលក្ខណៈចោតឡើង ទៅលើ និង មានចម្ងាយ ជិត ១០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ មានដុំថ្មជាច្រើន ហើយអ្នកដំណើរ ត្រូវដើរតាមជណ្តើរខ្សែកាប ដែលមានជាង ៤០០ កាំ។


5~ ជណ្តើរ Inca - ប៉េរូ

ជណ្តើរនេះស្ថិតនៅ ក្នុងតំបន់ Machu Picchu ជាមួយនឹងកម្ពស់របស់វា ១៨២ ម៉ែត្រ ពីដី ពិតជាមើលទៅ ស្រៀវមិនធម្មតានោះទេ។ ភ្ញៀវទេសចរ ឡើងទៅលើនោះ មានចំនួន ប្រមាណជា ៤០០នាក់ ជារៀងរាល់ព្រឹក។


6~ ជណ្តើរឡើងរូបសំណាក់ Statue of Liberty នៅទីក្រុង ញ៊ូវយ៉ក - អាមេរិក

យើងធ្លាប់តែឃើញ រូបពីក្រៅ ប៉ុន្តែប្រិយមិត្តមួយចំនួន អាចនឹងមានដែលឃើញ ជណ្តើរឡើង នៅក្នុងរូបសំណាក់នេះ នោះទេ។ ជណ្តើរនេះ មើលទៅ មានលក្ខណៈស្មុគស្មាញ និង មាន ៣៧៧កាំ ហើយកម្ពស់វិញ អាចចាត់ទុកបានថា ដូចជាការ ឡើងទៅកាន់ អាគារ ២០ជាន់ ដូច្នោះដែរ។ ដើម្បីអាចឡើងទៅលើនោះបាន ត្រូវកក់ទុក រយៈពេល ៣ខែជាមុន ដោយបញ្ជាក់អំពី ឈ្មោះ និង ពេលវេលា ឲ្យបានច្បាស់លាស់ ហើយអាចឡើងបាន តែ ៤នាក់ សំរាប់ការកក់ទុកនេះប៉ុណ្ណោះ។


7~ ជណ្តើរ Florli - ណកវេ

វាមាន ៤៤៤៤ កាំ និង មានកម្ពស់ដល់ទៅ ជាង ៧០០ម៉ែត្រ ឯណោះ ហើយក៏ជាជណ្តើរធ្វើពីឈើ ដែលវែងជាងគេបំផុត នៅលើពិភពលោក យើងនេះដែរ។


8~ ជណ្តើរឡើង ភ្នំហួរសាន្ត - ចិន

ចំពោះចំនួនកាំជណ្តើរ មិនត្រូវបានដឹងច្បាស់នោះទេ ព្រោះរាល់ពេល អ្នកដែលឡើងទៅលើនោះ ព្យាយាមធ្វើការរាប់ចំនួនម្តងៗ តែងតែភ្លេចជានិច្ច ព្រោះថា ឡើងកាន់តែខ្ពស់ អារម្មណ៍របស់អ្នកឡើង កាន់តែមិនស្រួល និងចេះតែខ្លាចធ្លាក់ស្លាប់។


9~ ជណ្តើរ Janssen Obervatory - បារាំង

ជណ្តើរនេះ មិនសូវជាខ្ពស់ទេ ហើយក៏មិនសូវជា តូចប៉ុន្មាននោះដែរ ប៉ុន្តែ វាស្ថិតនៅលើ កំពូលភ្នំ ដ៏សែនខ្ពស់បំផុតមួយ ដែលរាល់ពេលឡើងម្តងៗ ទើបដឹងថា គួរឲ្យស្រាវយ៉ាងណា ម្យ៉ាងរាល់ពេលឡើង មានខ្យល់បក់បោកខ្លាំង ហើយសីតុណ្ហភាព ក៏មិនសូវជាល្អប៉ុន្មាននោះដែរ សំរាប់អ្នកឡើងទៅលើនោះ។


10~ ជណ្តើរ Batu Caves - ម៉ាឡេស៊ី

នេះជាជណ្តើរដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការឡើងទៅកាន់ កន្លែងសក្តិសិទ្ធ សំរាប់គោរពបូជា ពីសំណាក់ អ្នកកាន់សាសនាហិណ្ឌូ ដែលមិនស្ថិតនៅ ប្រទេសឥណ្ឌា។ ជណ្តើរនេះ មានចំនួន ២៧២កាំ និង មានកម្ពស់ ១០០ម៉ែត្រ។


11~ ជណ្តើរ Sagrada Familia ទីក្រុង បាសេឡូណា - អេស្ប៉ាញ

ជាជណ្តើរមួយសំរាប់ឡើងទៅលើដំបូល នៃព្រះវិហាររូម៉ាំងកាតូឡិក មួយកន្លែង ក្នុងប្រទេសអេស្ប៉ាញ ដែលធ្វើឲ្យអ្នកឡើង មានអារម្មណ៍ថា ខ្លួនឯងដូចជាកំពុងតែ តោងឡើង ទៅវិញ។ វាមានកម្ពស់ខ្ពស់ គួរសម តែអ្វីដែលគួរឲ្យខ្លាចផងដែរនោះ ត្រង់ថា ជណ្តើរនេះមិនមាន អ្វីជួយឃាំង កុំឲ្យធ្លាក់ចេញទៅម្ខាងទៀត ខណៈពេល កំពុងឡើងឡើយ។


12~ ជណ្តើរ Haiku នៅហាវៃ - អាមេរិក

ជណ្តើរនេះ មានចំនួន ដល់ទៅ ៣៩២២កាំ និង មានគ្រោះថ្នាក់ណាស់ដែរ ហើយថែមទាំង មិនត្រូវបានគេ អនុញ្ញាតឲ្យឡើងឡើយ មានន័យថា ការឡើងទៅលើ ត្រូវចាត់ទុក ជាសកម្មភាពខុសច្បាប់។
ចុចមើល៖ ជណ្តើរឋានសួគ៌



13~ ជណ្តើរ Duomo di Milano ទីក្រុង Milan – អ៊ីតាលី

ដើម្បីទស្សនាទិដ្ឋភាព ដ៏ស្រស់ស្អាត នៃទីក្រុងមួយនេះបាន គឺត្រូវឡើងតាមកាំជណ្តើររបស់អាគារ ដ៏ខ្ពស់មួយ ដែលមានលក្ខណៈឡើងចុះ និង មានទំហំតូច ហើយស្តើងទៀតផង។

ចុះសំរាប់គំនិតប្រិយមិត្តវិញ យល់ថា ជណ្តើរមួយណា គួរឲ្យខ្លាចជាងគេដែរ?

ប្រភព៖ CNN

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]