អាមេរិក៖ កាលពីម្សិលមិញ នេះខ្មែរឡូតបាន ចុះផ្សាយអត្ថបទមួយ ដែលនិយាយពីករណី មេរោគមរណៈ អ៊ីបូឡា បានផ្ទុះឡើងនៅ ក្នុងសហរដ្ឋអាមេរិក តែអ្នកជំងឺមិនទាន់ ត្រូវបានបង្ហាញ អត្តសញ្ញាណ នៅឡើយ។

យ៉ាងណាមិញ នៅថ្ងៃនេះអត្តសញ្ញាណ របស់អ្នកជំងឺ មួយនោះ ត្រូវបាន បង្ហាញនិងបានបង្ក ការភ្ញាក់ផ្អើលក៏ ដូចជាភ័យខ្លាចដល់ មនុស្ស ដែលធ្លាប់ ប្រាស្រ័យទាក់ទងជាមួយ នឹងបុរសម្នាក់នោះ។ យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា អ្នកជំងឺដែលមាន ផ្ទុកមេរោគអ៊ីបូឡា មានឈ្មោះថា Thomas Eric Duncan សញ្ជាតិ លីបេរី ដែលបានធ្វើដំណើរ មកកាន់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ ខែកញ្ញា ដើម្បីមកលេង គ្រួសារ។

ផ្អែកលើសម្តី ប្អូនស្រីរបស់ Thomas ដែលបានប្រាប់ក្រុម អាជ្ញាធរថា នៅពេលដែលមកដល់ ទឹកដីរដ្ឋតិចសាស់ បងប្រុសរបស់នាង ក៏ធ្លាប់ទៅកាន់ មន្ទីរពេទ្យ Presbyterian ដើម្បីត្រួតពិនិត្យ ថាគាត់មានមេរោគ កំណាចនេះ នៅក្នុង ខ្លួនឬយ៉ាងណាផងដែរ ព្រោះគាត់ដឹងថា ខ្លួនធ្លាប់ ឆ្លងកាត់តំបន់ដែល មានជំងឺអ៊ីបូឡា វាយលុកយ៉ាងខ្លាំង តែនៅពេលនោះ ក្រុមគ្រូពេទ្យ មិនបានរកឃើញ រោគសញ្ញាណាមួយ ទាក់ទង និងមេរោគ នេះឡើយ ដែលជា ហេតុធ្វើឲ្យមិនមាន ការប្រុងប្រយ័ត្ន ចំពោះបញ្ហាមួយនេះ។

លើសពីនេះទៀត រឿងដែលកាន់ តែរន្ធត់ទៀតនោះ មានការអះអាងថា សិស្សសាលា ៥នាក់ ដែលរស់នៅក្នុង ទីក្រុង Dallas រដ្ឋតិចសាស់ ធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយនឹងបុរស ជាអ្នកជំងឺម្នាក់នេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍ បញ្ជាក់មកថា ក្មេងៗសិស្សសាលា ទាំងនោះត្រូវបាន ពិនិត្យយ៉ាងម៉ត់ចត់ និងមិនបានរកឃើញ រោគសញ្ញារបស់ ជំងឺអ៊ីបូឡា នៅក្នុងខ្លួនពួកគេឡើយ ហើយពេលនេះពួកគេ ត្រូវបាន បញ្ជូនត្រឡប់ ទៅកាន់គេហដ្ឋាន រៀងៗខ្លួនវិញហើយ តែត្រូវស្ថិតនៅ ក្រោមការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យជំនាញ។

ក្រុមអាជ្ញាធរផ្នែក សុខាភិបាលរបស់ សហរដ្ឋអាមេរិក បានធ្វើការអះអាងថា មកទល់នឹងពេលនេះ ប្រទេសខ្លួនទើបតែ មាន១ករណីប៉ុណ្ណោះ ដែលទាក់ទងនឹង មេរោគមរណៈ អ៊ីបូឡា និងបានបន្ថែមទៀតថា “យើងនឹងធ្វើការ តាមដាននិង ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ទៅលើអ្នកដែលធ្លាប់ នៅក្បែរ ឬក៏ប៉ះពាល់ អ្នកជំងឺមួយនេះ រួមមានគ្រូពេទ្យ, គ្រួសារនិង អ្នកជិតខាង ជាដើម ដើម្បីធានាថា នឹងមិនមានការ រីករាលដាល បន្ថែមឡើយ”។

គួរបញ្ជាក់ផងដែរថា ករណីមួយនេះ ត្រូវបានប្រជាជន ជាច្រើនដែលរស់នៅ ក្នុងរដ្ឋតិចសាស់ មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ជាពិសេស គឺអ្នកជិតខាង របស់ Thomas ដែលជាអ្នក ជំងឺអ៊ីបូឡា ដំបូងបំផុត នៅក្នុងសហរដ្ឋអាមេរិក តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបថតរបស់ Thomas ដែលផ្ទុកមេរោគ អ៊ីបូឡា

អគារផ្ទះល្វែង ដែល Thomas រស់នៅរួមជាមួយ និងក្មេងៗសិស្សសាលា


ឡានពេទ្យដែលដឹក Thomas ត្រូវបានទុកដាក់ ដាច់ដោយឡែក


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]