លីបេរីយ៉ា ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា មេរោគមរណៈអ៊ីប៊ូឡា បើឆ្លងទៅអ្នកណាហើយ អ្នកនោះពិតជា មិនអាចមាន ជីវិតរស់ទេ ព្រោះតែមេរោគ កំណាចមួយនេះ មិនទាន់មាន ថ្នាំព្យាបាលនៅឡើយ។ យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា វេជ្ជបណ្ឌិតដែល បានព្យាបាល អ្នកជំងឺអ៊ីប៊ូឡា នៅក្នុង តំបន់ដាច់ស្រយាល នៃប្រទេស លីបេរីយ៉ា បានទទួលលទ្ធផលល្អ ក្រោយពីបាន ព្យាបាល អ្នកជំងឺអ៊ីប៊ូឡា ដោយថ្នាំព្យាបាល មេរោគអេដស៍ រួចមក។

លោកវេជ្ជបណ្ឌិត Gobee Logan បានផ្តល់ថ្នាំព្យាបាលមេរោគអេដស៍ lamivudine ទៅអ្នកជំងឺអ៊ីប៊ូឡា ចំនួន ១៥ នាក់ ដែលក្នុងនោះ មានតែអ្នក ជំងឺ ២ នាក់ប៉ុណ្ណោះ ដែលបានបាត់បង់ជីវិត និង អ្នកជំងឺ ១៣ នាក់ទៀត អាចរូចផុត ពីសេចក្តីស្លាប់ ដែលពួកគេទើបតែ ផឹកថ្នាំមេរោគអេដស៍ lamivudine នេះ បានតែ ៥ ថ្ងៃ ប៉ុណ្ណោះ។

Elizabeth Kundu អាយុ ២៣ ឆ្នាំ ដែលជាអ្នកជំងឺអ៊ីប៊ូឡា បាននិយាយថា បន្ទាប់ពីនាងបានផឹកថ្នាំ  ដែលវេជ្ជបណ្ឌិត Logan ឲ្យហើយ នាងមាន អារម្មណ៍ធូរស្រាល ពីជំងឺជាងមុន និង ថែមទាំងធ្វើឲ្យនាង ទទួលទានអាហារ បានច្រើនជាងមុនទៀតផង។

ចំនែកឯលោក វេជ្ជបណ្ឌិត Logan បាននិយាយថា “ខ្ញុំជឿជាក់ថា នៅពេលដែលអ្នកជំងឺ បានផឹកថ្នាំនេះ នៅពេលដែលឆ្លងភ្លាមៗ វាពិតជាអាច ជួយសង្រ្គោះជីវិត ពួកគេបានមែន ហើយខ្ញុំក៏បានធ្វើការ ពិសោធន៍វាហើយដែរ នៅក្នុងកន្លែងដែល ខ្ញុំកំពុងព្យាបាល”។

លោកបានឲ្យដឹងទៀតថា ថ្នាំ lamivudine អាចធ្វើឲ្យអ្នកជំងឺ មានបញ្ហាថ្លើម និង បញ្ហាសុខភាពដទៃទៀត ប៉ុន្តែ លោកត្រូវតែប្រថុយ ឲ្យអ្នកជំងឺ ប្រើប្រាស់ថ្នាំនេះ ព្រោះតែអ៊ីប៊ូឡា គឺជាមេរោគ ដែលអាចឆក់យក អាយុជីវិតពួកគេ យ៉ាងលឿនបំផុត។

លោកក៏បានដឹងដែរថា ក្រុមអ្នកស្រាវជ្រាវអាមេរិក នឹងនិយាយថា មានតែការ សិក្សាស្រាវជ្រាវពិតៗ អាចបង្ហាញពីប្រសិទ្ធភាព របស់ថ្នាំ lamivudine ដែលឲ្យអ្នកជំងឺអ៊ីប៊ូឡា ពាក់កណ្តាល ប្រើប្រាស់ថ្នាំ lamivudine និង ពាក់កណ្តាលទៀត ប្រើប្រាស់ថ្នាំដទៃ ។ ប៉ុន្តែ មនុស្សកាន់តែ ច្រើនទៅ ត្រូវបាន មេរោគមរណៈមួយនេះ ឆក់យកអាយុជីវិត ពួកគេ ជារៀងរាល់ថ្ងៃ ហើយលោក មិនចង់ ចំនាយពេលច្រើន ក្នុងការពិសោធន៍ នេះទេ អ្វីដែលសំខាន់បំផុត គឺជួយសង្រ្គោះមនុស្ស ក្នុងនាមជាគ្រូពេទ្យម្នាក់ តាមលទ្ធភាព ដែលលោកអាច ធ្វើទៅបាន។

គួរបញ្ជាក់ផងដែរ លោកវេជ្ជបណ្ឌិត Logan បានសំរេចចិត្តឲ្យថ្នាំ ព្យាបាលមេរោគអេដស៍ lamivudine ទៅឲ្យអ្នកជំងឺអ៊ីប៊ូឡា ធ្វើការសាកល្បងនេះ គឺនៅពេលដែលលោក បានអាន នូវទិនានុប្បវត្តិ វិទ្យាសាស្រ្តថា មេរោគអេដស៍ និង អ៊ីប៊ូឡា ធ្វើដំនើរការ នៅក្នុងរាងកាយមនុស្ស  មានលក្ខណៈ ដូចគ្នាភាគច្រើន។

នៅពេលដំបូង លោកបានព្យាយាម សាកល្បងថ្នាំ ព្យាបាល មេរោគអេដស៍ឈ្មោះ acyclovir ប៉ុន្តែវាហាក់ដូចជា មិនបានធ្វើឲ្យ អ្នកជំងឺធូស្រាល សោះ ដូច្នេះលោក ក៏បានសាកល្បងថ្នាំ ព្យាបាលមេរោគអេដស៍ lamivudine នេះវិញម្តង ហើយ បានឃើញថា វាពិតជាអាច ធ្វើឲ្យអ្នកជំងឺ មានអាការៈ ធូស្រាល និង រួចផុតពីសេចក្តីស្លាប់ ក្រោយពីបាន ប្រើប្រាស់ ត្រឹមរយៈពេលតែ មួយទៅពីរថ្ងៃ ប៉ុណ្ណោះ។

លោក វេជ្ជបណ្ឌិត Anthony Fauci ដែលជានាយក នៃ វិទ្យាស្ថានជាតិ អាឡែរហ្សី និង ជំងឺឆ្លង បានិយាយថា ទ្រឹស្តីរបស់វេជ្ជបណ្ឌិត Logan គឺមានគុណសម្បត្តិល្អ ដែលថ្នាំ ព្យបាលមេរោគអេដស៍ Lamivudine និង ប្រភេទថ្នាំ ដែលមានសារធាតុផ្សំតែមួយនេះ គឺកំពុងត្រូវបានគេសិក្សា ដើម្បីយកមក ព្យាបាល មេរោគមរណៈអ៊ីប៊ូឡា នេះផងដែរ។ ក្នុងនោះដែរ លោក វេជ្ជបណ្ឌិត  Fauci ក៏បានស្នើរសូមឲ្យ បណ្តាញសារព័ត៌មាន  CNN ឲ្យលោក នូវអ៊ីម៉ែល របស់លោក វេជ្ជបណ្ឌិត Logan ដើម្បីទំនាក់ទំនង ពិភាក្សាពីការស្រាវជ្រាវ ថ្នាំព្យាបាល មេរោគមរណៈអ៊ីប៊ូឡា ក្នុងពេលឆាប់ៗនេះ៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនារីដេអូទាំងអស់គ្នា ៖


ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ CNN

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]