ខេត្ត​បាត់​ដំបង​ ៖ យុវជន​​ម្នាក់​បាន​ត្រូវ​​សមត្ថកិច្ច​​​ឃាត់​ខ្លួន ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា បាន​ចាប់​បង្ខំ​​រំលោភ​​ស្ត្រី​មេ​ម៉ាយ​កូន​២​ម្នាក់ តែ​​រួម​រ័ក​មិន​ទាន់​​ដល់​ត្រើយ​ផង​​ ព្រោះ​តែ​​នាង​ស្រែក​​​​​​ក៏​បង្ខំ​ចិត្ត​រត់​ ហើយ​ដោយ​​សារ​កំហឹង​​ ជន​នេះ​ក៏​​​បាន​លប​មក​​ដុត​ផ្ទះ​នាង​ចោល​ទៀត។ ​​មន្ត្រី​សមត្ថកិច្ច​ប្រាប់​ថា ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១១​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​​២១ មិថុនា ​នៅ​ក្នុងឃុំ​អំពិល​ប្រាំ​ដើម ​ស្រុក​បវេល ។

មន្ត្រី​នគរ​បាល​​ស្រុក​បវេល​បាន​ឱ្យ​ដឹង​ថា ​យុវជន​​រូប​នេះ​ឈ្មោះ រឹត ​គឹម​ហួន ហៅ​ក្រឹម អាយុ​២៤​ឆ្នាំ ​រី​ឯ​ស្ត្រី​​មេម៉ាយ​នោះ ​​អាយុ​៣៦​ឆ្នាំ ​ហើយ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​មួយ​ថ្ងៃបន្ទាប់​ពី​កើត​ហេតុ ។ ទោះ​ជា​យ៉ាង​ណា​ តាម​ការ​សួ​រ​នាំ​​ភាគី​ទាំង​២​​​​​​​​​​​​​​ធ្លាប់​​​តែ​ស្រុះ​ស្រួល​គ្នា​ ឡើង​ឋាន​សួគ៌​ច្រើន​ដង​មក​ហើយ​នា​ពេល​កន្លង​​​មក តែ​លើក​នេះ​បែរ​ជា​​ស្ត្រី​មេ​ម៉ាយ​ម្នាក់​នេះ​ប្តឹង​​ចោទ​ថា ​ចាប់​រំលោភ​ ​ហើយ​ព្យាយាម​​​ដុត​បំផ្លាញ​ខ្ទមគាត់​ចោល​ទៀត ។

​​តាម​ការ​ស្រង់​សម្តី​ពី​​សមត្ថកិច្ច​​​ ស្ត្រី​​មេ​ម៉ាយ​កូន​២​​រូប​នោះ​និយាយ​ថា ​​ជន​នេះ​បាន​លប​ចូល​ទៅ​ចាប់​រំលោភ​​​គាត់​ដល់​ក្នុង​ផ្ទះ​ ខណៈ​​ដែល​គាត់​កំពុង​ដេក​លក់​ជា​មួយ​កូន ។ ​​ពេល​ចាប់​រំលោភ​នោះ​គាត់​ក៏​​ស្រែ​ក​ឱ្យ​គេ​ជួយ​​ទាំង​យប់​ ហើយ​​​ជន​នេះ​បាន​ព្យាយាម​តោង​ឡើង​លោត​ចេញ​តាម​ដំបូល​ផ្ទះ​របស់​​​គាត់​ដែល​ ធ្លុះ​ធ្លាយ​មើល​ឃើញ​មេឃ ។ ស្ត្រី​​មេ​ម៉ាយ​រូប​នេះ​​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​​ដែរ​ថា ​កន្លង​​​មករូប​​គាត់ និង​យុវជន​ម្នាក់​​​នេះ​ធ្លាប់​ពាក់​ព័ន្ធ​រឿង​​ស្នេហា​ជា​មួយ​​គ្នា​មែន​ តែ​បែក​គ្នា​យូរ​ដែរ​ហើយ​ លុះ​នៅ​យប់​​កើត​ហេតុ​​​ស្រាប់​តែ​​​លប​មក​​ចាប់​រំលោភ​គាត់​ មិន​​តែ​ប៉ុណ្ណោះ​​ក្រោយ​ពី​រត់​បាត់​​បន្តិច​ ក៏​លប​ចូល​​មក​ដុត​ផ្ទះ​គាត់​ចោល​ទៀត ​តែ​សំណាង​ល្អ​បាន​អ្នក​ភូមិ​ជួយ​ទាន់ ​កុំ​អី​ត្រូវ​​ឆេះ​ហ្មត់។

ផ្ទុយ​ពី​ការ​បំភ្លឺ​​របស់​ស្ត្រី​​មេ​ម៉ាយ​ខាង​លើ​ យុវជន​​ត្រូវ​ចោទ​ឈ្មោះ រឹត​ គឹម​ហួន ​ហៅ​ក្រឹម និយាយ​ថា ខ្លួននិង​អ្នក​មេ​ម៉ាយ​វ័យ​​៣៦​ឆ្នាំ​នោះ​​បាន​ស្រឡាញ់​គ្នាតាំង​ពី​អំឡុង​​ ថ្ងៃ​ចូល​ឆ្នាំ​​ខ្មែរ​​​ឆ្នាំ​២០១១​មក​​ម៉្លេះ​ ទើបតែ​​​មួយ​រយៈ​​ចុង​ក្រោយ​​នេះ ពួក​គេ​បាន​​បែក​គ្នា​វិញ ប៉ុន្តែ​មិន​តិច​ជាង​​១០​ដង​ទេ ដែល​​ពួក​ខ្លួន​បាន​បបួល​គ្នា​​​ឡើង​ឋាន​សួគ៌។ ​នៅយប់​កើត​ហេតុ​ខ្លួន​ស្រវឹង​​ដើរ​មក​​ពី​ផ្ទះ​មិត្ត​ភក្តិ​​ក៏​នឹក​ឃើញ​ ចង់​ជួប​អ្នក​មេ​ម៉ាយ​​​និយាយពី​​​​រឿង​​រ៉ាវ​​កន្លង​​មក និង​​ចង់​រួម​​មេ​ត្រី​ផង​ ព្រោះ​បែក​គ្នា​យូរ​​ដែរ​ហើយ ។ ​ជន​នេះ​និយាយ​ថា ​ខ្លួន​បាន​ហៅ​អ្នក​មេ​ម៉ាយ​ឱ្យ​​បើក​ទ្វារ​​ ហើយ​គាត់​​ងើប​បើក​ទ្វារ​រួច​ខ្លួន​ក៏​ឡើង​ទៅ​​ ដោយ​និយាយ​​​​ប្រាប់​ឱ្យ​គាត់​​ជួយ​កោស​ខ្យល់​​ឱ្យ​​ព្រោះ​ខ្លួន​ស្រវឹង ។ គ្រា​នោះ​គាត់ក៏​​ព្រម​កោស​ខ្យល់​ឱ្យ​ ហើយ​ដោយ​មាន​អារម្មណ៍​​ចង់​រួម​មេត្រី​ខ្លួន​ក៏​ចាប់​ផ្តើម​ភ្លាមៗ​តែ​​ម្តង ឯ​​គាត់​ក៏​មិន​ប្រកែក​ដែរ ។ លុះបាន​បន្តិច​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់​តែ​​គាត់​ស្រែក​ថា ​ខ្លួន​ចាប់​រំលោភ​ធ្វើ​ឱ្យ​ផ្អើល​​អ្នក​ភូមិ​​ទាំង​កណ្តាល​យប់ ។ ស្ថិត​ក្នុង​​គ្រា​អា​សន្ន​​បែប​នេះ ខ្លួន​ក៏​ស្ទុះ​​ទៅ​តោង​ឡើង​​តាម​ដំបូល​ដែល​ធ្លុះ​ធ្លាយ​នោះ​តែ​ម្តង ​ព្រោះ​លឿន​ជាង​​រត់​ចេញ​តាម​ទ្វារ ។ ដោយ​ក្តៅ​ក្រហាយ​នឹង​អ្នក​មេ​ម៉ាយ​​នោះ​ស្រែក​រំខាន​បែប​នេះ ក្រោយ​ពី​សភាព​ការណ៍​ស្ងប់​ស្ងាត់​​បន្តិច​ ខ្លួន​ក៏​លប​មក​​ដុត​ផ្ទះ​​គាត់​ចោល​ ។ ​ការ​ពិត​ខ្លួន​មិន​បាន​​ចាប់​គាត់​រំលោភ​ទេ គឺ​ជា​ការ​ព្រម​ព្រៀង​គ្នា​ដូច​សព្វ​ដង ។

​មន្ត្រី​ជំនាញនិយាយ​​ថា ​តាម​ការ​បំភ្លឺ​ពី​ភាគី​ទាំង​២​ថា ​មូល​ហេតុ​ដែល​ស្រ្តី​មេម៉ាយ​នោះ​ស្រែក​ដោយ​សារ​ពេល​កំពុង​រួម​រ័ក​​មាន​ការ ​ប៉ះ​ពាក្យ​​សម្តី​គ្នា ។ តាម​ចម្លើយ​ថា គ្រា​នោះ​ពួក​គេ​​និយាយ​គ្នា​​ពី​រឿង​មាន​កូន ដែល​ពី​ដំបូង​ខាង​ប្រុស​ថាទទួល​ខុស​ត្រូវ លុះ​បន្តិច​​ក្រោយ​​មក​​បែ​រ​ជា​និយាយ​​​ថា ខ្លួន​មិន​ចង់ទទួល​ខុស​ត្រូវ​ទេ ​ទើប​មាន​ការ​ប្រទូស្តរ៉ាយ​​គ្នា​តែ​ម្តង​ទៅ ។ ​ទោះបី​​ជា​បែប​ណា​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​បញ្ជូន​​ទៅ​តុលាការ​​ហើយ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]