រាជ​ធានី​ភ្នំពេញ​​​​​ ៖ ចោរ​ប្លន់​​​មាន​គ្នា​​២​នាក់​​ប្រដាប់ដោយ​​​កាំ​ភ្លើង​​ខ្លី​​​២ដើម និង​​គ្រាប់​បែក​​ដៃ​១​គ្រាប់​​បាន​ធ្វើ​​​​សកម្ម​ភាព​​ភ្ជង់​​​ និង​បាញ់​​គំរាម​ជា​ច្រើន​​គ្រាប់​​ប្លន់​យក​​កាបូប​​​ប្រាក់​​ និង​គ្រឿង​អលង្ការ​សរុប​​ជាង​​១ម៉ឺន​​ដុល្លារ​​ពី​អាជីវក​រ​លក់​គ្រឿង​អលង្ការ​​ប្លា​ទីន​​​និង​ប្រាក់​ និង​​ប្តូរ​ប្រាក់​​ផង​ដែរ ​នៅ​ផ្សារ​​ត្រពាំង​ថ្លឹង​ ​ខណៈ​​​ត្រឡប់​​មក​ដល់​មុខ​ផ្ទះ​ ។ ក្រោយ​អំពើ​ប្លន​់​បាន​សម្រេច​​​ ពួក​ចោរ​​បាន​រត់គេច​ខ្លួន​​​ដោយ​សុវត្ថិ​ភាព​ ។

ហេតុ​ការណ៍​​ប្លន់​អ្នក​លក់​មាស​​​មួយ​ថ្មី​ទៀត​​​ធ្វើ​​ឱ្យ​ភ្ញាក់​ផ្អើល​​​​នេះ​បាន​កើត​ឡើង​​កាលពី​​​​​​វេលា​ម៉ោង​​​​៦និង​​​​​៤០នាទី​​ល្ងាច​ថ្ងៃ​ទី​​២១ មិថុនា ​នៅ​ចំណុច​​មុខ​ផ្ទះ​​ជន​រងគ្រោះ​​​លេខ​​១៣ បុរី​​​​តូនី វ៉ាន់​ឌី​ ដែល​មាន​ទីតាំង​​​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជន​រង​គ្រោះ​​ទាំង​​២នាក់​​​ ប្តី​ឈ្មោះ​​សាន ​​ឡា អាយុ​​៣៧​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ​​ជីម សុខេន អាយុ​​៣៣​ឆ្នាំ ​ជា​អាជីវករ​​​លក់​គ្រឿង​អលង្ការ​​​​ប្លា​ទីន​ និង​ប្រាក់​​​ និង​ប្តូ​រ​ប្រាក់​​នៅ​ផ្សារ​​ត្រពាំង​ថ្លឹង​ ​។ ​អ្នក​រង​​គ្រោះ​ទាំង​​២នាក់​មិន​​រង​របួស​​​ក្នុង​អំពើ​ប្លន់​​​​នោះ​ទេ ​ទោះ​បី​​មាន​​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទុះ​អាវុធ​​ក៏​ដោយ​ ។ ​​ទ្រព្យ​សម្បត្តិ​​​ដែល​ត្រូវ​​ក្រុម​ចោរ​​ប្លន់​យក​ទៅ​​នេះ​មាន​គ្រឿង​​​អលង្ការ​​ប្លា​ទីន​ជា​ច្រើន​​តម្លឹង​ គ្រឿង​អលង្ការ​​​​ប្រាក់​​​១៥​តម្លឹង ប្រាក់​ដុល្លារ​​អាមេរិក​​ជាង​​២​ពាន់​ដុល្លារ​ និ​ងប្រាក់​​​រៀល​​មួយ​ចំនួន​​​ធំ​ សរុប​​​ការ​បាត់​បង់​​​​គិ​ត​ជា​​​​​ប្រាក់​​មាន​ជាង​​១​ម៉ឺន​ដុល្លារ​​អាមេរិក​ ។

ចំណែក​ឯ​​​ក្រុម​ចោរ​​​ប្លន់​​​ត្រូវ​បាន​​ប្រភព​អះ​អាង​​ថា មាន​គ្នា​​២​នាក់​ ​ស្លៀក​ពាក់​​​ស៊ី​វិល​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​២ដើម​ ម៉ាក K54 និង​គ្រាប់​បែក​​​​​ដៃ​១​គ្រាប់​​​ ។ ពួក​ចោរ​​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុង​ដា​​ឌ្រីម​សេ​​​១២៥ ពណ៌​ខ្មៅ ​​បាន​​ធ្វើ​សកម្ម​ភាព​​បាញ់​​​​គំរាម​ជន​រង​​គ្រោះ​ និង​អ្នក​ជិ​ត​ខាង​​ចំនួន​​៤​គ្រាប់​​ឱ្យ​បាក់​​ស្មារតី​​​​មុន​ពេល​​ចាក​ចេញ​ទៅ​​ ។ ក្រោ​យ​ពេល​​កើត​ហេតុ​​ សមត្ថ​កិច្ច​​​បាន​រក​ឃើញ​​សម្បក​គ្រាប់​កាំ​ភ្លើង​​ខ្លី​ម៉ាក​​K៥៤ ​ចំនួន​​៤គ្រាប់​នៅ​នឹង​កន្លែង​​​ ។

អាជីវករ​​រង​គ្រោះ​​ឈ្មោះ​​សាន ឡា ​រៀ​ប​រាប់​​ប្រាប់​សមត្ថ​កិច្ច​​​ថា នៅ​មុន​ពេល​កើត​ហេតុ​​ គាត់​និង​​ប្រពន្ធ​បាន​​​ប្រមូល​គ្រឿង​អលង្ការ​​ និង​លុយ​​ដាក់​ក្នុង​​​កាបូប​ខ្មៅ​មួយ​​ដូច​ធម្មតា​​បិទ​តូប​​ឈប់​​​លក់​ដូរ​ ចាក​ចេញ​ពី​ផ្សារ​​​ឆ្ពោះ​ទៅ​​​ផ្ទះ​ដោយ​​ជិះ​ម៉ូតូ​​​ម៉ាកសង់​​កូរ៉េ ​ពណ៌​ក្រហម១​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​​១BI-៥៧០៤​ ដែល​​គាត់​​ជា​អ្នក​ឌុប​​ ប្រពន្ធ​​ជិះ​​ខាង​ក្រោយ ​​កាន់​កាបូប​​លុយ​​ និង​គ្រឿង​​អលង្ការ​ និង​មាន​កូន​ស្រី​​​តូ​ចអាយុ​៤​ឆ្នាំ ​ជិះ នៅ​​ខាង​មុខ​​ផង​ដែរ ។

បុរស​នោះ​​បាន​បន្ត​​ទៀត​ថា ​ពេល​ជិះ​ម៉ូតូ​​ទៅដល់​​ច្រក​​ចូល​​​ផ្ទះចម្ងាយ​​​ប្រមាណ​​ជាង​៣០​ម៉ែត្រ​ ស្រាប់​តែ​​​ឃើញ​​​ចោរ២​នាក់​​​ជិះ​ម៉ូតូ​​តាម​ពី​​ក្រោយ​​​​​ទៅ​ដល់​​ រួច​ធ្វើ​សកម្ម​ភាព​​កៀរ​​​ឱ្យ​ឈប់​​ និង​ភ្ជង់​​​កាំ​ភ្លើង​​ ប៉ុន្តែ​​គាត់​មិន​បាន​ឈប់​​​ភ្លាម​ៗ​​ទេ ​​ខំ​​ជិះ​​រត់​ទៅ​​​រហូត​ដល់​ផ្ទះ​​​ ក៏​ត្រូវ​​​​ចោរ​២​នាក់​នោះ​​ស្ទាក់​មុខ​ជាប់ ។ ពេលស្ទាក់​​​ជាប់​​ឱ្យ​ឈប់​​​នោះ​​ ក្រុម​​ចោរ​បាន​​​​​​គំរាម​​​​បាញ់​សម្លាប់​​ និង​​ស្រែក​សំឡុត​​ឱ្យ​គាត់​​​ និង​ប្រពន្ធ​​​ក្រាប​ចុះ​​​ទៅលើ​ដី​​រួច​ដណ្តើម​​យក​កាបូប​​ដាក់​គ្រឿង​​​អលង្ការ​​ និង​លុយ​​ទាំង​កំរោល ហើយ​​ភ្លាមៗ​​ពួក​ចោរ​នោះ​​អត់​ទាន់​​​ផ្ទុះ​អាវុធ​ទេ ។ គាត់​រៀប​រាប់​ថា​ ​បន្ទាប់​ពី​​ឮ​ការ​​ស្រែក​គំរាម​​​កំហែង​​​មក​លើ​​គាត់​និង​ប្រពន្ធ​​​នោះ​​ ក៏​បាន​​​ធ្វើ​​​ឱ្យ​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​​ជិត​ខាង​​ចេញ​មក​មើល​​  ទើប​​ក្រុម​ចោរ​បាញ់​​​ផ្ញុច​ដី​​២​គ្រាប់​​ បណ្តាល​​ឱ្យ​ត្រូវ​ទ្វារ​​​ផ្ទះ​អ្នក​ជិត​ខាង​​​១​គ្រាប់​​​ធ្លុះ​ធ្លាយ​ និង​បាញ់​​​ឡើង​លើ​​គំរាម​​២​គ្រាប់​ផ្ទួន​​ៗ​​ទៀត ទើប​ពួក​ចោរ​ជិះ​ម៉ូតូ​​​ចេញ​​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព​​ ។

ថ្វី​ដ្បិត​​តែ​គ្រាប់​កាំ​ភ្លើង​​ចោរ​មិន​បាន​​ធ្វើ​​ឱ្យ​ជន​រង​គ្រោះ​ និង​អ្នក​ជិ​តខាង​​​រង​របួស​​ ឬ​​ស្លាប់​​​ ប៉ុន្តែ​​​វា​បាន​​​បង្ក​ការ​ភ័យ​ខ្លាច​​យ៉ា​ង​ខ្លាំង​​​ដល់អ្នក​​នៅ​ទី​នោះ​​ ព្រោះ​តែ​​ភាពក្លាហាន​ និង​​​​ព្រហើន​​​របស់​ចោរ ​​។ មិន​តែ​ប៉ុណ្ណោះ​​មុន​ពេល​ចាក​ចេញ​​ទៅ​ក្រៅ​ពី​ការ​ផ្ទុះ​​​អាវុធ​​​ ​ចោរ​​បាន​កាន់​គ្រាប់​បែក​​​​មួយ​គ្រាប់​​នៅ​ក្នុង​ដៃ​​​លើក​បង្ហាញ​​​ជា​ការ​​គំរាម​​មិន​ឱ្យ​​នរណា​ម្នាក់​​​​ប្រថុយ​ជីវិត​​ដេញ​​តាម​ពួក​គេ​ឡើយ ​បាន​ន័យ​ថា ​បើ​នរណា​​​ហ៊ាន​​ដេញ​តាម​​​ពួក​​​គេ​នឹង​​បោក​គ្រាប់​បែក​​សម្លាប់​​​មិន​ខាន​ ។ ក្រោយ​ពេល​កើត​ហេតុ​​​ ទើប​ឃើញ​​កម្លាំង​ប៉ូលិស​​ និ​ងប៉េអឹម​​ខណ្ឌ​ពោធិ៍​សែនជ័យ​​ទៅ​ដល់​​បានចេញ​​​អន្តរា​គមន៍​​​​​ធ្វើ​ការពួន​ស្ទាក់​​​​​​គ្រប់​ច្រក​ល្ហក ប៉ុន្តែ​​​ក្រុម​ចោរ​​នៅតែ​​​អាច​គេច​​​ខ្លួន​​​រួច​ដដែល ។

គួរ​​ឱ្យ​​កត់​សម្គាល់​​​​ផង​ដែរថា នេះ​គឺ​ជា​​​លើក​ទី​២​ហើយ​ ដែល​ក្រុម​ចោរ​​ប្រដាប់​ដោយ​​កាំ​ភ្លើង​​ខ្លី​ និង​​គ្រាប់​បែក​​នេះ​ប្លន់​​​អាជីវករ​​​​​លក់​គ្រឿង​​អលង្ការ​​​ ដែល​​កាល​​ពីប៉ុន្មាន​​​ខែ​មុន​ ​មុខ​​សញ្ញា​​​ចោរ​ដដែល​​​នេះ​​ធ្លាប់​​ធ្វើ​សកម្ម​​ភាព​​​ប្លន់​​នៅក្នុង​ផ្សារ​​កាណា​ស៊ី​ធី ​បាន​​សម្រេច​ម្តង​​រួច​​​មក​ហើយ ​។ ទោះ​បី​​​​ជាបែបនេះ​ក្តី​​​​ គេ​សង្ឃឹម​ថា ​សមត្ថ​កិច្ច​​នឹង​អាច​​​វែក​មុខ​​​ឃើញ​​​ជាមិន​ខាន ៕​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]