អ៊ីតាលី ៖ តើលោកអ្នកចង់ស្នាក់នៅ សណ្ឋាគារ នៅលើកំពូលភ្នំ គយគន់ មើលទេសភាព ធម្មជាតិដ៏ស្រស់បំព្រង ក្នុងពេលលំហែកាយ ដោយ មិនចំនាយលុយ សូម្បីតែមួយសេនដែរឫទេ?

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សណ្ឋាគារមួយ ដែលត្រូវបាន គេសាងសង់ឡើង នៅលើកំពូលភ្នំអាល់ ប្រទេសអ៊ីតាលី កំពុងស្វាគមន៍ ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដែលអាចឡើង ដល់កំពូលភ្នំនេះ នឹងទទួលបានការស្នាក់នៅ ក្នុងសណ្ឋាគានេះ ដោយឥតគិតថ្លៃ។

សណ្ឋាគាដ៏អស្ចារ្យនេះ គឺមានទីតាំងនៅ លើកំពូលភ្នំ Foronon Buinz នៃប្រទេសអ៊ីតាលី មានរយៈកំពស់ ២,៥៣០ ម៉ែត្រពីដី ត្រូវបានរចនា និង សាងសង់ឡើង ក្នុងគោលបំណង រំលឹកដល់ អ្នកឡើងភ្នំម្នាក់ លោក Luca Vuerich ដែលបានស្លាប់ ក្នុងការធ្លាក់ ទឹកកក ពីលើ ខណៈពេល ដែលគាត់ កំពុងឡើង ទឹកជ្រោះមួយកន្លែង។

ក្នុងនោះដែរ វត្ថុធាតុដើម ដែលបានយកមកសាងសង់ សណ្ឋាគារមួយនេះ គឺបានមកពី តង់ឈើ និង ដែកចំនួន ៩ ឈុត បានមកពីអ្នកដំនើរ ដែលបានធ្វើដំនើរកំសាន្ត មកលើភ្នំនេះ ហើយបានផ្គុំវា ធ្វើជាកន្លែងស្នាក់នៅ។ ចំនែកឯសំភារៈ ដែលត្រូវសាងសង់ មួយចំនួនទៀត ត្រូវដឹកជញ្ចូន ដោយ ឧទ្ធម្ភាគចក្រ។ បន្ទាប់មក គ្រួសារ និង មិត្តភក្តិ របស់លោក Vuerich ព្រមទាំងក្រុម ជួយសង្រ្គោះស្ម័គ្រចិត្ត ដែលមានគ្នា សរុបទាំងអស់ ១២ នាក់ បានសហការគ្នា យ៉ាងសស្រាក់សស្រាំ ដើម្បីកសាងអគារ មួយនេះ ក្នុងរយៈពេលត្រឹមតែ  មួយថ្ងៃ ប៉ុណ្ណោះ។

អ្វីដែលធ្វើឲ្យសណ្ឋាគារ លើកំពូលភ្នំអាល់នេះ មានលក្ខណៈពិសេស ទៀតនោះ គឺក្រុមហ៊ុនអ៊ីតាលី Diemmelegno បានសាងសង់និង រចនា អគារ ផ្នែកខាងក្រៅ ដើម្បីជៀសវាង ព្រិលធ្លាក់ លុបលើអគារ នារដូវរងារផងដែរ។ ទោះបីជានៅក្នុងរដូវរងារ ព្រិលធ្លាក់មក លុបរូបរាងអគារ បាត់ក៏ដោយ ក៏ផ្លូវចូល ដែលបានសាងសង់ នៅភាគខាងត្បូង ទល់មុខនឹងពន្លឺព្រះអាទិត្យ ធ្វើឲ្យរលាយទឹកកក បានយ៉ាងងាយស្រួល ក្នុងការចេញចូលក្នុងអគារ ផងដែរ។

ចំនែកឯ ការសាងសង់នេះដែរ វាជាគំនិតច្នៃប្រឌិត របស់ស្ថាបត្យករ លោក Giovanni Pescamosca ដែលបានមកពីទីក្រុង Udine ប្រទេស អ៊ីតាលី។ លោកបានឲ្យដឹងថា “ចាប់តាំង ពីអគារមួយនេះ ត្រូវបានសាងសង់រួច វាបានក្លាយជាទិសដៅ ទេសចរណ៍ របស់អ្នក ដែលចូលចិត្ត ឡើងភ្នំ ។ ទោះបីជា នៅក្នុងរដូវរងារខ្លាំង និង រដូវក្តៅ អគារមួយនេះ គឺជាកន្លែងសុវត្ថិភាព ដែលអាចធ្វើឲ្យអ្នកទេសចរណ៍ ទាំងអស់អាចទស្សនា ធម្មជាតិដ៏ស្រស់ត្រកាល បានយ៉ាងសប្បាយរីករាយ”៕

ចង់ដឹងយ៉ាងណាសូមទស្សនារូបភាពទាំងអស់គ្នា ៖ 






ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]