បាល់ទាត់៖ ក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League នឹងវិលមកបំពេញចក្ខុ របស់ប្រិយមិត្ត ដែលស្នេហាវិស័យ កីឡាបាល់ទាត់ វិញហើយ ដោយនៅយប់រំលងអាធ្រាតនេះ គឺមានការប្រកួតចំនួន  ៨ គូ ត្រូវជា ៤ ពូល គឺ ពូល A B C និង D។

ក្នុងនោះ គេសង្កេតឃើញមាន ការប្រកួតរបស់ ក្រុមអង់គ្លេសទាំងពីរ រួមមាន Liverpool បើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួន ស្វាគមន៍ ក្រុម Ludogorets របស់ប្រទេសប៊ុលហ្ការី ខណៈកាំភ្លើងធំ Arsenal ត្រូវហោះទៅកាន់ ប្រទេសអាឡឺម៉ង់ ដើម្បីប្រកួតជាមួយក្រុម Dortmund នាកីឡាដ្ឋាន Signal-Iduna-Park។


Liverpool vs Ludogorets

Liverpool នឹងវិលទៅក្របខ័ណ្ឌកំពូល របស់ទ្វីបអឺរ៉ុបនេះវិញ បន្ទាប់ពីអាក់ខាន អស់រយៈពេល ៥ ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ ២០០៩ មក ដោយយប់នេះ កីឡាដ្ឋាន Anfield នឹងរៀបចំការ ព្រឹត្តិការណ៍ប្រកួតនេះ សារជាថ្មី។ ហង្សក្រហម Liverpool របស់លោក Brenden Rodger ហាក់ដូចជាមានជំនឿមុតមាំ អាចបំបាក់ក្រុម មកពីប៊ុលហ្ការីនេះ ជាខ្លាំង បើទោះជាការប្រកួតកន្លងទៅ ចាញ់ Aston Villa ០ទល់នឹង១ យ៉ាងអាម៉ាស ក្នុងទឹកដីខ្លួនឯងក៏ដោយ។

ចំណែកឯក្រុម Ludogorets វិញក៏មិនអន់ដែរ ដោយក្រុមប៊ុលហ្ការីមួយនេះ អាចឡើងមក វគ្គជម្រុះក្នុងពូលបាន ក៏ព្រោះតែបំបាក់ក្រុម Steaua Bucureşti របស់រ៉ូម៉ានី ដោយបាល់ប៉េណាំងទី បន្ទាប់ពីលទ្ធផលស្មើគ្នា ១ទល់នឹង១ ទាំងពីរជើង កាលពីនៅវគ្គជម្រុះ រួចមក។ បើក្រលេកទៅមើលការប្រកួត លីកក្នុងប្រទេសវិញ គឺទើបតែបំបាក់ Botev Plovdiv  ១ទល់នឹង២ ក្រៅដីតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Ludogorets គឺមានខ្សែប្រយុទ្ធឆ្នើមម្នាក់ វ័យ ២៨ ឆ្នាំ សញ្ជាតិប្រេស៊ីល Juninho Quixadá រកគ្រាប់បាល់បាន ៣ គ្រាប់ ក្នុង ៨ ប្រកួត។


Dortmund vs Arsenal

ងាកទៅកីឡាដ្ឋាន Signal-Iduna-Park របស់ Dortmund វិញ ត្រូវស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal របស់ចក្រភពអង់គ្លេស។ បីប្រកួតក្នុង Bundesliga គឺ Dortmund ធ្វើបានយ៉ាងល្អ ដោយឈ្នះ ២ និងចាញ់ ១ ប្រកួតចុងក្រោយ បានលុត Freiburg ៣ទល់នឹង១ បច្ចុប្បន្នឈរនៅលេខរៀងទី ៤ ក្នុងតារាង។ Dortmund បើទោះបីជាបាត់បង់ ខ្សែប្រយុទ្ធ Lewandoski ក៏ដោយ ក៏ក្រុមនេះ បានធ្វើឲ្យ មហាជនភ្ញាក់ផ្អើល ដោយបានបំបាក់ក្រុម Bayern Munich ដល់ទៅ ២ទល់នឹង០ ដណ្តើមបានពាន Super Cup កាលពីមុនបើករដូវកាល កន្លងទៅនេះ។

ងាកទៅកាំភ្លើងធំ Arsenal វិញ អាចឡើងមកកាន់វគ្គ ចែកពូលនេះបាន ក៏ដោយសារតែយកឈ្នះ Beşiktaş របស់ទួរគី ដោយលទ្ធផលទាំងពីរជើង ១ទល់នឹង០ ដែរ ចំណែកឯការប្រកួតទាំង ៤ លើកក្នុងលីកប្រទេស ដូចជាធ្វើមិនបានល្អសោះ ដោយឈ្នះ ១ និងស្មើរហូតដល់ទៅ ៤ ដង ចុងក្រោយស្មើជាមួយនឹង Man CITY ២ទល់នឹង២ ក្នុងទឹកដីខ្លួនឯង។


គួរបញ្ជាក់ផងដែរថា ក្នុងជំនួបចុងក្រោយ ទាំង ៤ រវាងក្រុមទាំងពីរនេះ គឺ Arsenal ឈ្នះ ២ ស្មើ ១ និង Dortmund ឈ្នះ ១។

តារាងការប្រកួត

តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះខ្លះ នាយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]