បាល់ទាត់៖ បន្ទាប់ពីក្រុមយក្ស-ស Real Madrid របស់ប្រទេសអេស៉្បាញ សម្រេចលក់ខ្សែបម្រើស្លាប Angel Di Maria ទៅឲ្យក្រុមបិសាចក្រហម Man UTD រហូតធ្វើឲ្យរង្គោះរង្គើ ផ្ទៃក្នុងរបស់ក្លឹបនេះរួចមក អ្នកតំណាង លោក Jorge Mendes កំពុងតែរត់ឯកសារ នាំយកខ្សែប្រយុទ្ធ ព័រទុយហ្កាល់ Ronaldo ចាកចេញពីទឹកដី Santiago Bernabéu ដើម្បីស្វែងរកទ្រនំថ្មី។


                                      អ្នកតំណាង លោក Jorge Mendes

បើតាមសារព័ត៌មាន បានឲ្យដឹងថា ការផ្ទេរ Ronaldo ចេញពី Real Madrid អាចនឹងកើតឡើង នៅកំឡុងពេលដោះដូរកីឡាករ រដូវរងា នាខែ មករា ខាងមុខនេះ ដោយគេសង្កេតឃើញមាន ក្រុមអង់គ្លេស ចំនួនពីរ ដែលជាជម្រើសដ៏ល្អ របស់ Ronaldo ពោលគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Man Utd។

ដូចគ្នានេះដែរ ក្រុម Man Utd បានប្រកាសថា ខ្លួនបានត្រៀមទឹកប្រាក់ ប្រមាណជា ៥៥ លានផោន រួចជាស្រេច ដើម្បីនាំយកកីឡាករនេះ មកកាន់ទឹកដី Old Trafford សារជាថ្មី បន្ទាប់ពីលក់ខ្សែប្រយុទ្ធ វ័យ ២៩ ឆ្នាំរូបនេះ ទៅឲ្យ Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួន រហូត ដល់ទៅ ៨០ លានផោន។

មិនត្រឹមតែ Man Utd នោះទេ ដែលចាប់អារម្មណ៍ ទៅលើខ្សែប្រយុទ្ធរូបនេះ ខណៈក្លឹបតោខៀវ Chelsea ក៏ត្រៀមទឹកប្រាក់ ៦០ លានផោន រួចជាស្រេចដែរ ដើម្បីនាំយក Ronaldo មកកាន់ទឹកដី Stamford Bridge ដោយសង្ឃឹមថា Ronaldo អាចនឹងវិលមកចាប់ដៃ សារជាថ្មី ជាមួយ នឹងគ្រូបង្វឹក លោក Jose Mourinho បន្ទាប់ពីចំណាយពេល អស់ ៣ រដូវកាល ជាមួយគ្នា កាលពីនៅ Real Madrid គិតចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៣៕


ប្រភព៖ Metro 1 | 2 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]