ខេត្តកំពង់ចាម ៖ ​រថយន្ត​កាម​រីឆ្លាម​​ ស៊េរី ១៩៩៩ ពណ៌​ត្រីឆ្លូញ១គ្រឿង ​​​បានឆាបឆេះ​​សន្ធោ​សន្ធៅ​​​ ខណៈ​​ពេល​កំពុង​បើកបរធ្វើដំណើរ​​​លើ​កំណាត់​​​ផ្លូវជាតិលេខ៧ ដល់ភូមិ​ទួល​វិហារ ​​ឃុំ​ជីរោទ៍ទី២ ​ស្រុកត្បូងឃ្មុំ ​ដោយ​សារ​​តែ​​ឆ្លង​​ចរន្ត​​​ភ្លើង​ក្នុងរថយន្ត ។ ហេតុការណ៍នេះ​បាន​​ កើតឡើង​នៅវេលាម៉ោង​​៤ និង​១៥​នាទី​រសៀល ថ្ងៃទី៤ កុម្ភៈ​​​ ២០១២ ​បន្ទាប់មក​ត្រូវបាន​​រថយន្ត ពន្លត់​អគ្គិភ័យ​របស់ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត ​​១គ្រឿងចេញមក​​អន្តរាគមន៍​​បាញ់ទឹកពន្លត់​​​រហូត​​​រលត់​​ជាស្ថាពរ ។

តាម​ម្ចាស់​រ​ថយន្តឈ្មោះសា លី ភេទប្រុស ​អាយុ​៤៣​ឆ្នាំ ​ជា​ខ្មែរអ៊ិស្លាម ​​​រស់នៅ​ភូមិព្រែ​​ក​បាក់ ​ឃុំព្រែកកក់ ​ស្រុកស្ទឹង​​​ត្រង់​បានឱ្យ​ដឹង​​ថា ​មុន​ពេលកើតហេតុ​​​គាត់បាន​បើករថយន្ត​​ចេញពី​​​ក្រុងសួង​​​បានបន្តិច ​​មានស្ត្រី៣នាក់​បក់​ដៃ​ហៅ​​​​​​​​ដោយនឹក​ស្មាន​​​ថារថយន្ត​របស់គាត់​ជា​រថយន្ត​ឈ្នួល​ ហើយគាត់​ក៏ឈប់ដឹក​តែម្តងទៅ ។

ម្ចាស់​រថយន្ត​បានប្រាប់​​បន្តថា ​លុះមក​ដល់​ត្រង់​ចំណុច​​ភូមិទួល​​វិហារ​​ក្បែរម្តុំ​​ស្ពាន​មាត់​​​ឃ្មង់​​​ ​ស្រាប់​តែធុំ​ក្លិន​ឈ្ងៀមខុសប្លែក​​ពីធម្មតា ​​​​គាត់​ក៏​ឈប់រថយន្ត​​អែបស្តាំ​​ដៃ​ គ្រាន់តែ​​ចុះពីលើរ​ថយន្ត​​​បានបន្តិច ស្រាប់តែ​រថយន្តនោះ​​​ចាប់​ផ្តើម​​ឆេះ​ហុយ​​​ផ្សែ​ង​ទ្រលោម​​​​ខ្មួលខ្មាញ់​​ទៅ​លើ​អាកាស​តែ​ម្តង ។ ​​​ពេលនោះ​ស្ត្រី៣នាក់​នោះ​បាន​​ឡើង​ជិះ​ម៉ូតូ​ឌុប​​​​បន្ត​ទៅ​​កាន់ក្រុង​កំពង់ចាម​​​ ចំណែក​​រូប​គាត់​បានត្រឹម​​​​​តែរត់​​ចេញ​​​ឈរមើល​​​ពី​ចម្ងាយ ព្រោះ​​មិន​មាន​អ្វី​​ពន្លត់​ភ្លើង​ដែលកំពុង​តែឆេះ​នោះទេ ​​។ ​​រថ​យន្ត​កាមរី​ឆ្លាមនេះ ​រូបគាត់បាន​ទិញជាង​១​ឆ្នាំ​មកហើយ​​ក្នុងតម្លៃ​៩.០០០​ដុល្លារ ​​​សម្រាប់​​ជិះ​នៅ​ក្នុងគ្រួសារ តែ​ពេល​នេះឆេះ​ខ្ទេចខ្ទី​អស់​​សល់​​តែ​គ្រោង​ឆ្អឹង ដោយ​​សារ​តែឆ្លង​ចរន្ត​​ភ្លើង។

ចំណែក​​នគរបាល​​ប៉ុស្តិ៍​​​រដ្ឋបាល​ឃុំ​​ជីរោទ៍​ទី២​បាន​ប្រាប់ឱ្យ​ដឹង​ដែរថា ​រថយន្ត​កាមរី​ឆ្លាម​១ គ្រឿង​ខាង​លើ បានបើកចេញ​​​​ពីកើត​មកលិច​​តាម​បណ្តោយ​​​​ផ្លូវជាតិ​លេខ៧ ​​លុះ​មកដល់​ត្រង់​ម្តុំ​​​ស្ពាន​មាត់​​ឃ្មង់​​ ក៏ស្រាប់តែធុំ​ក្លិន​​ឈ្ងៀមប្លែក​​​ ហើយ​​បុរស​ជាអ្នកបើ​កបរ​បានឈប់​រថ​យន្តជា​បន្ទាន់​​ ដើម្បីពិនិត្យ​មើល ។ ​ដោយ​ឃើញ​ហុយ​​​ផ្សែង​គាត់ ក៏​​​​ប្រញាប់​យកទឹក​ទៅ​​​ជះ​​​​ ស្រាប់តែ​​​​ភ្លើង​​បាន​ឆាបឆេះ​ឡើង​​​​តែម្តង ​។  ប្រហែល​ជា​២០​នាទី​​​ក្រោយមក ​​រថយន្ត​ពន្លត់​អគ្គិភ័យ​​​របស់​ស្នង​​​ការ​ដ្ឋាន​នគរបាលខេត្ត​បានចេញ​មក​អន្តរា​គមន៍​​​​បាញ់ទឹក​ពន្លត់​​​​ទម្រាំតែ​​រលត់​សល់​តែ​គ្រោង​ឆ្អឹង ​​ប៉ុណ្ណោះ ។ នៅក្នុង​ហេតុការណ៍នោះ​មិនមាន​នរណា​ម្នាក់រងគ្រោះថ្នាក់នោះទេ ​​គ្រាន់តែ​​បង្ក​ការ​​ភ្ញាក់ផ្អើល​ដល់អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​​ហើយ​នគរបាល​​ស្រុកបានជួយ​​​សម្រួល​ចរាចរណ៍​មិនឱ្យ​​មានការ​កកស្ទះ​​នោះ​ទេ៕

ដោយប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]