ភ្នំពេញ ៖ តារាចម្រៀងក្មេងវ័យ ប្រចាំនៅក្នុងភោជនីយដ្ឋាន បឹងមាស កញ្ញា ប៊ុន លក្ខិណា ដែលជាកូន ស្រីទី៣ របស់អតីតតារា ចម្រៀងល្បី ក្នុងទសវត្សរ៍ទី៦០ និង៧០នោះ គឺអ្នកស្រី នូ ភិជ្ជរ៉ា ដែលប្រជាពលរដ្ឋ ទូទៅស្គាល់ អតីតតារា ចម្រៀងនេះ ដោយរហ័សនាមថា " ៧ហ៊ុន "។

ខណៈដែលនាង បានក្លាយជាតារា ចម្រៀងស្នងតំណែង ពីម្តាយរយៈពេល៤ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ សុភមង្គលនៅ ក្នុងក្រូមគ្រួសារ មិនបានផ្តល់ភាព កក់ក្តៅដល់ រូបនាងនោះឡើយ ពោលដោយសារតែ បងប្អួនជាពិសេស គឺម្តាយ បានរស់នៅ បែកពីនាងអស់រយៈពេល១៥ឆ្នាំ មកហើយ បច្ចុប្បន្ន នាងរស់នៅ តែពីរនាក់បងស្រីម៉ង់ៗ ជាអ្នកចម្រៀង ដូចគ្នា ប្រៀបបីដូច ជាលលក ញីឈ្មោល ។

ពេលរំឮកទៅដល់ឈ្មោះ ម្តាយរបស់នាង អ្នកស្រី "៧ហ៊ុន" តារាចម្រៀងចាប់ផ្តើមឡើងកូដ ប៊ុន លក្ខិណា បានទម្លាក់ទឹកមុខ និងបង្ហាញអារម្មណ៍ ស្រងូតស្រងាត់ ពេលគ្មានភាពកក់ក្តៅពីម្តាយ រយៈពេលជាង១៥ឆ្នាំ ដោយនាងថែមទាំងបង្ហាញ ពីការចង់ទៅ ជួបមុខម្តាយផ្ទាល់ នៅឯ សហរដ្ឋអាមេរិក ទៀតផង ។

តារាចម្រៀងដែលទើបមាន ឱកាសឡើងបង្ហាញមុខ នៅស្ថានីយទូរទស្សន៍ ជាលើកដំបូង ប៊ុន លក្ខិណា បាននិយាយថា" បែកពីម៉ាក់យូរពេក ពេលនឹកដល់គាត់ ខ្ញុំចាប់ផ្តើមទឹកភ្នែក រលីងរលោង បែកគាត់ តាំងពីខ្ញុំមានអាយុ ជាង១០ឆ្នាំ មកម៉្លេះ។ សព្វថ្ងៃខ្ញុំគ្រាន់តែបានទាក់ទងគាត់ តាម រយៈទូរស័ព្ទ ហើយម៉ាក់ខ្ញុំគាត់គ្មានឱកាស នឹងបានមកលេងស្រុកខ្មែរទេ ព្រោះគ្មានឯកសារគ្រប់គ្រាន់ ក្នុងការឆ្លងដែនចេញចូល ខ្ញុំពិតជាមានអារម្មណ៍ ឯកោខ្លាំងមែនទែន " ។

ប៊ុន លក្ខិណា នាងថែមទាំងបាន បង្ហាញមហិច្ឆតាក្នុងការ ក្រាញននាលនៅលើឆាកសិល្បៈ  ទោះបីមានរយៈពេលជាង៤ឆ្នាំ ទៅហើយក្ដី ដោយគោលដៅ ចង់ឆ្ពោះទៅរកកាសម្តែង នៅក្រៅប្រទេស និងចង់ឲ្យមានមុខ តាមរយៈបណ្តាញស្ថានីយ ទូរទស្សន៍នានា ដើម្បីឲ្យនាងមានឱកាស កាន់តែ ទូលំទូលាយ ទទួលការគាំទ្រពី មហាជនបន្ថែមទៀត បន្ទាប់ពីការច្រៀងក្នុងភោជនីដ្ឋាន បឹងមាស ។

ប៊ុន លក្ខិណា បានខិតខំតស៊ូទាំងយប់ទាំងថ្ងៃ ក្នុងការងារសិល្បៈ មិនគិតពីការនឿយហត់ បើទោះបីជាពេលខ្លះ នាងស្ថិតនៅក្នុងស្ថានភាព ស្រងេះស្រងោច នឹកម្តាយដែល ឃ្លាតឆ្ងាយអស់រយៈដ៏យូរក្តី ។  ប៊ុន លក្ខិណា និយាយបន្តថា " ខ្ញុំចង់ចេញទៅសម្តែង នៅក្រៅប្រទេស ពិសេស នៅអាមេរិក ដើម្បីជាឱកាស បានជួបមុខ ម្តាយរបស់ខ្ញុំ ព្រោះខ្ញុំនឹកគាត់រាល់ថ្ងៃ តែហាក់បីដូចជាគ្មានឱកាស និងគ្មានទំនាក់ ទំនងណាមួយ ដើម្បីរក ច្រកចេញឲ្យឃើញ បានដូចក្តីបំណងរបស់ខ្ញុំទេ " ។

ប៊ុន លក្ខិណា នាងបានប្រកាសថា ប្រសិនបើមានផលិតកម្ម ទាក់ទងឲ្យនាងច្រៀង ឬ សម្តែង ថតជា ស៊ីឌី ឬ វីស៊ីឌី នាងនឹងស្វាគមន៍ ដោយក្តីរីករាយ ព្រោះជាស្ពានថ្មីមួយទៀត ក្នុងវិស័យសិល្បៈ ក្រៅតែអំពីច្រៀងក្នុងភោជនីដ្ឋាន ។

ប៊ុន លក្ខិណា មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានឪពុកឈ្មោះ ប៊ុន ធីម អតីតជាអ្នកចម្រៀង ដូចម្តាយរបស់ នាងអ្នកស្រី នូ ភិជ្ជរ៉ា ហៅ យាយ៧ហ៊ុនដែរ តែឪពុកបានស្លាប់ បាត់យូរមកហើយ ។ លក្ខិណា មានបងប្អូន ចំនួន ៤នាក់ ស្រី៣ ប្រុស១នាក់ នាងជាកូនទី៣ និងរស់នៅតែ ពីរនាក់បងស្រី ដែលអ្នកចម្រៀងដូចគ្នា ដោយប្អូនប្រុសម្នាក់ ទៀតកំពុងបន្តការសិក្សានៅឯប្រទេសចិន ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]