ភ្នំពេញៈ តារាសម្តែងជើងចាស់ កំពុងតែមានវត្តមាន ក្នុងរឿង “រនាថស្នេហ៍” លោក សាវីន ហ្វីលីព និងមិត្តភក្តិ ដែលកំពុងតែ សកម្មក្នុងការ កសាងអណ្ដូងទឹកស្អាត តាមទីជនបទជូន ដល់ពលរដ្ឋក្រីក្រ ក្នុងខេត្តនានា នៅរសៀល ថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៤ បានធ្វើដំណើរ ទៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីជួប ផ្ទាល់ជាមួយ កុមារារងគ្រោះ និងក្រុមគ្រួសារ ដោយសារតែការ ប្រើទារុណកម្ម សាហាវព្រៃផ្សៃ ដោយចាប់ជ្រមុដទឹក ព្រោះតែរឿង លួចដូង១ផ្លែ និងបានពាំនាំថវិកា ប្រមាណជិត ៥០០ដុល្លារ ទៅជូនកុមារារូបនោះ ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់ លោក សាវីន ហ្វីលីព បានបង្ហាញ រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ សកម្មភាព ចុះទៅដល់ផ្ទាល់ នៅអធិការដ្ឋាន នគរបាល ស្រុកពារាំង ខេត្តព្រៃវែង ជួបជាមួយម្តាយ និងកុមារារងគ្រោះ ដែលត្រូវបាន គេចាប់ជ្រមុជទឹក ព្រោះតែលួចបេះផ្លែដូង កាលល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នេះ ។ តារាសម្ដែង សាវីន ហ្វីលីព បានប្រគល់ថវិកា ចំនួន ៤៩០ ដុល្លារ ទៅដល់ពួកគេ ខណៈនៅក្នុងថវិកា នោះ មាន ១០០ ដុល្លារ ជាថវិកាផ្ទាល់ខ្លួន របស់អតីតតារាសម្តែង មានឈ្មោះបោះ សំឡេងជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលកំពុងតែ រស់នៅឯ នាយសមុទ្រ ខណៈលោកបាន សម្ដែងក្ដីអាណិត អាសូរជាពន់ពេក ពេលឃើញរូប ធ្វើទារុណកម្មលើ ក្មេងប្រុសខាងលើ ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នេះ អ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើននាក់ បានបង្ហាញពីអារម្មណ៍ អាណិតខ្លាចចិត្ត ទៅលើក្មេង ប្រុសរងគ្រោះម្នាក់ ដែលបានចូលទៅ លួចបេះផ្លែដូងគេ ហើយត្រូវបានម្ចាស់គេ ចាប់យកមកប្រើហឹង្សា ចងស្លាបសេក ជ្រមុជក្នុងទឹកពាង គ្មានត្រាប្រណី ដែលត្រូវបានគេបង្ហោះ និងShareបន្តគ្នា ពេញបណ្តាញ ទំនាក់ទំនង សង្គមមួយនេះ ។ ជាមួយគ្នានោះ តារាសម្តែងជើងចាស់ ធ្លាប់មានឈ្មោះ បោះសំឡេង មិនសាបសូន្យ លោក ខៃ ប្រសិទ្ធ ក៏បានបង្ហាញពីក្តី អាណិតអាសូរ ទៅលើក្មេងប្រុសរូបនោះ ដោយព្រលយពី នាយសមុទ្រមកថា លោកចង់ទទួលយក ក្មេងប្រុសម្នាក់នេះ ទៅធ្វើជាកូនចិញ្ចឹម ទៀតផង ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព