ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែង ស្រីវ័យក្មេង កញ្ញា ឌុច លីដា ហាក់កំពុងតែមានទីផ្សារ សម្តែងទាំងក្នុងស្រុក និងក្រៅស្រុក ដោយនាងឆក់បាន តំណែង តួឯកស្រី បន្តបន្ទាប់ ក្រោយពីអតីតតារាសម្តែង មានឈ្មោះល្បី អ្នកនាង សារ៉ាយ សក្ខណា បានបញ្ចប់អាជីពសិល្បៈ ទៅសម្ងំរស់នៅ ជាមួយស្វាមី ឯនាយសមុទ្រ ។

ទស្សនិកជន នៅចាំបានថា កាលពីឆ្នាំ២០១៣ កន្លងទៅតំណែង តារាសម្តែងឆ្នើម មានភាព លេចធ្លោ និងមានប្រជាប្រិយភាព លោតឡើងខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ អ្នកនាង សារ៉ាយ សក្ខណា ដោយនាងត្រូវបាន អ្នកដឹកនាំរឿង ស្ទើរគ្រប់ស្ថានីយ ទូរទស្សន៍ ទាក់ទង ហៅថតមិន ដាច់នោះទេ ។ ប៉ុន្តែដោយឡែក នៅក្នុងឆ្នាំ ២០១៤នេះ ក្រោយពីតារាស្រី សក្ខណា បានប្រកាសដកខ្លួន ចេញពីសង្វៀនសិល្បៈ គេសង្កេតឃើញថា តារាស្រីវ័យក្មេង ទម្រង់មុខ កូនកាត់អឺរ៉ុប សម្បុរស្រអែម កញ្ញា ឌុច លីដា ក៏ចាប់ផ្តើមមាន ទីផ្សារថតរឿង បន្តវេនពីនាង មិនដាច់ ដោយខ្សែភាពយន្ត ដែល លីដា ទទួលថតភាគច្រើន គឺសុទ្ធសឹងតែ ជារឿងខ្នាតធំ និងលំដាប់អន្តរជាតិ ជាក់ស្តែងដូចជារឿង “ដំរីមរកត” ថតជាមួយ តារាសម្តែង ប្រុសល្បី សឹង្ហបុរី និងរឿង “ស្បែកគង់” ដែលចំណាយដើមទុន មិនតិចជាង៧០ម៉ឺន ដុល្លារទេ ក្នុងការថតតាមរយៈរឿងនេះ បានជ្រោងភាព ល្បីល្បាញ ឲ្យនាងល្បីរន្ទឺ ត្រឹមតែរយៈពេល ខ្លីតែប៉ុណ្ណោះ ។

តារាសម្តែងស្រី វ័យក្មេងរូបស្អាត កញ្ញា ឌុច លីដា នៅក្នុងឆ្នាំថ្មីនេះ ហាក់មានយីអ៊ុនឡើងជា បណ្តើរៗ ពោលគឺចាប់ពី អតីតពិធីការិនី និងជាតារាសម្តែង អ្នកនាង សារាយ សក្ខណា សម្រេចចិត្តដើរ ចេញពីសិល្បៈ ដោយមានអ្នកដឹកនាំ រឿងជាច្រើន បង្វែរការចាប់ អារម្មណ៍ទៅ លើតួស្រីថ្មីគឺ ឌុច លីដា ដោយថ្មីៗនេះ មានអ្នកដឹកនាំ រឿងជាច្រើន បានពោលពាក្យ សរសើរ នាងលើទេពកោសល្យ សម្តែង មិនតិចទេ ព្រោះនាងមានដុង ក្នុងការសម្តែង កាយវិការទន់ភ្លន់ ទៅតាមសាច់រឿង អាចដាក់អារម្មណ៍ សម្តែងបាន យ៉ាងណា ហើយអ្វីដែល សំខាន់រាល់ការ សម្តែង របស់នាង គឺចេញពីចិត្តមិនពិបាក ក្នុងការហាត់ពត់ នាងដូចតារាដទៃឡើយ ។

ក្រោយពីតារា ស្រីល្បីឈ្មោះ សក្ខណា បញ្ចប់អាជីពសិល្បៈ គេរំពឹងទុកថាតំណែង តារាឆ្នើម និងធ្លាក់បន្តទៅតារា សម្តែងស្របាល នាងជាច្រើនដូចជា កញ្ញា នី មុនីនាថ, ម៉ាក សែនសូនីតា, មាន សូនីតា ,លី ច័ន្ទសីហា និងតារាស្រីមួយ ចំនួនទៀត ដែលមានបទពិសោធ ថតរឿងជាច្រើនឆ្នាំ ហើយតារាទាំងអស់នេះ អាចសម្តែងបានគ្រប់តួ ទាំងតួទឹកភ្នែក កំសត់ ក្រមិចក្រមើម ប៉ុន្តែនៅទី បំផុតអ្នកដែល អាចស្រវ៉ាចាប់បាន តំណែងបន្តពី អ្នកនាង សារាយ សក្ខណា បែរជាធ្លាក់ទៅ លើតារាសម្តែង ពន្លកថ្មី នាង ឌុច លីដា ទៅវិញ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]