ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរអប្សរា ដែលគ្រប់គ្រង រមណីយដ្ឋាន អង្គរ បានចេញ សេចក្តីជូនដំណឹង ថា ដើមស្ពង់ ធំមួយដើម ក្នុងចំណោម ដើមឈើ ដែលដុះចាក់ឫស នៅលើប្រាង្គ កំពែងប្រាសាទ តាព្រហ្ម នឹងត្រូវបាន សម្រេចឱ្យកាត់ មួយកំណាត់ចោល ដើម្បីបញ្ចៀស នូវគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី មានឧបទ្ទវហេតុ ដើមដូងងាប់មួយដើម ដោយសាររន្ទះបាញ់ បានបាក់រលំ សង្កត់លើបុរស រត់រ៉ឺម៉កម៉ូតូម្នាក់ បណ្តាលឱ្យស្លាប់ កាលពីល្ងាច ថ្ងៃទី១៧ សីហា និងការសម្រេច កាប់កូនដើមត្នោត ចំនួនពីរដើម ដែលបានដាំ នៅផ្លូវមុខ រានហាល ច្រកចូលប្រាសាទ អង្គរវត្ត កាលពីពេលថ្មីៗ ។

យោងតាមសេចក្តី ជូនដំណឹង របស់អាជ្ញាធរ អប្សរា ចុះថ្ងៃ ទី២៧ សីហា ឆ្នាំ២០១៤ ចុះហត្ថលេខា ដោយអគ្គនាយក អាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ ចាប់ពីទំព័រទី២ បញ្ជាក់ថា ដើម្បីរក្សាបាន នូវសោភ័ណភាព និងលើកតម្លៃ រមណីយដ្ឋាន ហើយបញ្ចៀសបាន នូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ អាជ្ញាធរអប្សរា មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋភ្ញៀវ ជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងសាធារណជន ថា «ក្រោយពីបាន តាមដាន និងពិនិត្យ ជាប្រចាំ អំពីដើមឈើ មួយចំនួន នៅក្នុងប្រាសាទ តាព្រហ្ម អ្នកជំនាញ ផ្នែកព្រៃឈើ និងអភិរក្សប្រាសាទ របស់អាជ្ញាធរអប្សរា ព្រមទាំង មានការចូលរួម ពីស្ថាប័ន មកពីប្រទេសឥណ្ឌា ដែលកំពុងជួសជុល ប្រាសាទតាព្រហ្ម រួចហើយ ឃើញថា ដើមស្ពង់មួយដើម បានដុះទ្រេត ទៅលើកំពែង ប្រាសាទ ក្បែររានហាលច្រក ទិសពាយ័ព្យ។ ដើមស្ពង់នោះ កាលពីមុន ផ្នែកអភិរក្សព្រៃឈើ បានកាប់លះមែក ចេញមួយ ចំនួនរួចហើយ ព្រមទាំងបានដាក់រន្ទា និងខ្សែកាបទាញ ដើម្បីទល់ទ្រ និងតាមដាន ការប្រែប្រួល នៃទម្ងន់ដើម ទូទៅរបស់វា ។

ក៏ប៉ុន្តែបច្ចុប្បន្ន ដើមស្ពង់នេះ ឫសរបស់វា បានហើបឡើង កាន់តែខ្ពស់ ដែលអាចដួលរលំ បង្កគ្រោះថ្នាក់ ក្នុងពេលណាមួយ ពុំខាន ប្រសិនបើយើង មិនមានវិធានការ ទាន់ពេល ។

សេចក្តីជូនដំណឹង ដដែលបន្តថា បន្ទាប់ពីបានសិក្សា ផលប៉ះពាល់ និងរិះរកវិធានការ ចំពោះមុខ ដើមស្ពង់ នេះរួចមក អាជ្ញាធរអប្សរា បានសម្រេច និងរុះរើរន្ទា ព្រមទាំងខ្សែកាប ចងទប់នោះចេញ ហើយកាត់ដើមស្ពង់នោះ មួយកំណាត់ទៀតចេញ ដើម្បីសម្រួល ទម្ងន់សង្កត់ ដោយរក្សា កំណាត់ខាងគល់ ឱ្យនៅរស់ដដែល ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ការកាប់ដើមស្ពង់ ខាងលើ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៩ សីហា ប៉ុន្តែមន្ត្រីអាជ្ញាធរ អប្សរា បញ្ជាក់ឡើងវិញថា ពេលវេលា ត្រូវបានលើក ទៅថ្ងៃទី១ វិច្ឆិកា ខាងមុខវិញ ។

គួរបញ្ជាក់ដែរថា ប្រាសាទតាព្រហ្ម មានទីតាំង នៅតាមផ្លូវវង់តូច ទៅតាមទ្វារជ័យ គឺ បន្ទាប់ពីប្រាសាទ តាកែវ ប្រហែល១គីឡូម៉ែត្រ។ ប្រាសាទនេះ កសាងឡើង នៅក្នុងឆ្នាំ១១៨៦ នៃគ្រឹស្តសករាជ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះមាតា របស់ព្រះអង្គ ក្រោមរូបភាព ប្រាជ្ញាបារមី ។

សព្វថ្ងៃ ប្រាសាទនេះ រុំព័ទ្ធទៅដោយ ដើមស្ពង់ធំៗ ដុះចាក់ឫស នៅលើកំពែង នៃប្រាសាទ បង្កើតបានជា បរិយាកាសធម្មជាតិ ស្រស់ញញឹម សម្រាប់អ្នកទស្សនា បើទោះកំពែងប្រាសាទនេះ ភាគច្រើន បានជ្រុះញែក ចេញពីគ្នាខ្លះៗ ដោយសារធម្មជាតិ និងពេលវេលាក្តី ។

«ប្រាសាទតាព្រហ្ម» កសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម មានកំពែង៥ជាន់ និងមានប្រាង្គប្រាសាទ ចំនួន៣៩ ។ កំពែងខាងក្រៅ របស់ប្រាសាទនេះ មានប្រវែង ៧០០ម៉ែត្រ x ១០០០ម៉ែត្រ ។ នៅខាងជើងគោបុរៈ ខាងកើត នៃកំពែងខាងក្រៅ មានអគាររបាំមួយ ។ ប្រាសាទនេះ ក៏ជាត្រូវបាន ចាត់ទុកផងដែរ ជាសាកលវិទ្យាល័យ ផ្នែកវិទ្យាសាស្ត្រ ដែលកាលពី សម័យបុរាណកាល មានម្ចាស់ក្សត្រី ឥន្ទ្រទេវី ជាអ្នកគ្រប់គ្រង ៕

ដើមស្ពង់ដែលនឹងត្រូវកាប់ផ្នែកខាងលើចោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]