អាល់ហ្សេរី៖ វាជារឿងដ៏ គួរឲ្យសោកស្តាយ និងរន្ធត់មួយ ដែលកីឡាករ បាល់ទាត់សញ្ជាតិ កាមេរូន ម្នាក់បានស្លាប់ បន្ទាប់ពីក្បាលរបស់គេ ត្រូវបានប៉ះទង្គិច ដោយវត្ថុរឹងម្យ៉ាង ដែលត្រូវបាន គប់ចេញពី ក្រុមអ្នកទស្សនា។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅ ក្នុងការប្រកួត រវាងក្រុម JS Kabylie និងក្រុម USM Alger ក្នុងប្រទេស អាល់ហ្សេរី ហើយកីឡាករ ដែលជាជនរងគ្រោះ មានឈ្មោះថា Albert Ebosse វ័យ២៤ឆ្នាំ ទទួលរងរបួស ត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ និងត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ តែជាអកុសល រូបគេក៏បាន ស្លាប់ដោយសារ តែរបួសធ្ងន់ធ្ងរពេក។

បើតាមការ សន្និដ្ឋានរបស់ ក្រុមប៉ូលិស បានឲ្យដឹងថា វត្ថុរឹងដែល គប់ទៅលើ កីឡាករ Albert នោះគឺជាដុំថ្ម ហើយត្រូវបាន គប់ចេញមក ពីក្រុមអ្នកគាំទ្រ របស់ក្រុមបាល់ទាត់ USM Alger ក៏ព្រោះតែពួកគេ មានការខឹងសម្បារ ដោយសារកីឡាករ រូបនេះបានស៊ុតបាល់ បញ្ចូលទីធ្វើឲ្យ ក្រុមរបស់ពួកគេ ចាញ់ក្នុងការប្រកួត។

លោក Issa Hayatou ប្រធានសហព័ន្ធ កីឡាបាល់ទាត់ នៃទ្វីបអាហ្រ្វិក បានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោសចំពោះ ទង្វើដ៏អាក្រក់មួយនេះ ហើយនិងស្នើឲ្យ មានការស្វែងរក ជនដៃដល់ ដើម្បីយកមក ផ្តន្ទាទោសឲ្យ ខានតែបាន។

នេះគឺជាហេតុការណ៍ អាក្រក់និងជា អំពើហឹង្សា យ៉ាងធ្ងន់ធ្ងរ មួយទៀតក្នុង វិស័យកីឡាបាល់ទាត់។ ហើយក៏សូមចូល រួមសោកស្តាយ ចំពោះការបាត់បង់ កីឡាករ រូបនេះផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]