ការសិក្សាមួយ បានរកឃើញថា ស្រ្តីបានចំណាយពេលវេលា ច្រើនជាងបុរស ក្នុងការមើលថែឪពុកម្តាយ ឬសាច់ញាតិ ដែលមានវ័យចំណាស់ នេះបើតាមការអះអាង ពីអ្នកស្រាវជ្រាវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីបានចំណាយពេល ជាមធ្យម ១២.៣ម៉ោង ក្នុងមួយខែ ដើម្បីមើលថែឪពុកម្តាយ របស់ពួកគេ បើប្រៀបធៀប ទៅនឹងបុរស គឺជាមធ្យម ត្រឹមតែ ៥.៦ម៉ោងប៉ុណ្ណោះ ក្នុងមួយខែ។

ឪពុកម្តាយ ដែលសង្ឃឹមថា នឹងទទួលបានការថែទាំ ពីកូនៗ នៅក្នុងវ័យចំណាស់ គួរណាស់តែមានកូនស្រី នេះបើយោងតាម របាយការណ៏ នៃការស្រាវជ្រាវ។ ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ ក៏បានអះអាងថា កូនស្រីនឹងផ្តល់នូវ ការមើលថែទាំ ដែលពួកគេអាចធ្វើបាន យ៉ាងច្រើន ចំពោះឪពុកម្តាយ ដែលស្ថិតក្នុង វ័យចំណាស់ ខណៈកូនប្រុស នឹងផ្តល់នូវ ការមើលថែទាំ តិចតួច តាមដែលអាចធ្វើបាន។

អ្នកសរសេររបាយការណ៏ កញ្ញា Angelina Grigoryeva មកពីសាកលវិទ្យាល័យ Princeton University ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានបង្ហាញ ការស្រាវជ្រាវរបស់នាង នៅឯកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១០៩ “109th Annual Meeting of the American Sociological Association” ថា «កូនស្រី បានចំណាយពេលវេលា ២ដង ឬច្រើនជាងកូនប្រុស ៧ម៉ោង ក្នុងមួយខែ ដើម្បីមើលថែ ឪពុកម្តាយ ដែលមានវ័យចំណាស់»។

កញ្ញា Grigoryeva បានបន្ថែមទៀតថា ការសិក្សាក៏បានបង្ហាញផងដែរថា ការបែងចែក ការមើលថែទាំ ចំពោះឪពុកម្តាយវ័យចំណាស់ ក្នុងចំណោម បងប្អូនប្រុស និងបងប្អូនស្រី គឺជាកត្តាដ៏សំខាន់បំផុតមួយ ដែលអាចបញ្ជាក់ ឲ្យឃើញថា «កូនប្រុស នឹងបន្ថយការមើលថែទាំ ចំពោះឪពុកម្តាយ ក៏ដូចជាសាច់ញាតិ របស់ខ្លួន នៅពេលដែលពួកគេ មានបង ឬប្អូនស្រី ខណៈកូនស្រី នឹងបន្ថែមការមើលថែទាំ បន្ថែមទៀត នៅពេលដែលពួកគេ មានបង ឬប្អូនប្រុស» ។

គួរបញ្ជាក់ផងដែរថា របាយការណ៏ទាំងអស់នេះ គឺបានពឹងផ្អែកទៅលើទិន្នន័យ របស់សាកលវិទ្យាល័យ University of Michigan Health and Retirement Study ដែលបានធ្វើការសិក្សា ពីជនជាតិអាមេរិកកាំង ច្រើនជាង ២៦,០០០នាក់ ដែលមានអាយុ ចាប់ពី ៥០ឆ្នាំ ឡើងទៅ ដែលធ្វើឡើង ក្នុងរយៈពេល រៀងរាល់ ២ឆ្នាំម្តង។

កញ្ញា Grigoryeva បានជឿជាក់ថា ការយល់ដឹង ពីភាពមិនស្មើគ្នា រវាងបុរស និងស្រ្តី ក្នុងការមើលថែទាំ ឪពុកម្តាយ ដែលមានវ័យចំណាស់ គឺសំខាន់បំផុត ដោយសារតែវា មានផលប៉ះពាល់ ទៅលើជីវិត និងការរស់នៅ របស់អ្នកដែលទទួល និងធ្វើភារកិច្ចនេះ។ នាងបាននិយាយថា «ការសិក្សា ជាក់ស្តែង ជាច្រើន បានបង្ហាញឲ្យឃើញ ពីផលអវិជ្ជមាន ខាងផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ រួមទាំងអាត្រា នៃការស្លាប់ ដ៏ខ្ពស់មួយ សម្រាប់អ្នកដែល ផ្តល់នូវការមើលថែទាំ ក្រុមគ្រួសារ ដែលមានវ័យចំណាស់»។

«លើសពីនេះទៅទៀត អ្នកមើលថែទាំ ត្រូវមានតុល្យភាព រវាងការមើលថែ និងការងារ លទ្ធផលគឺ ប៉ះពាល់ដល់ការងារ រហូតអាច លះបង់ការងារ និងមានប្រាក់ចំណូលទាប» ៕

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]