បន្ទាប់ពីមានការនាំមកនូវ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia និងការចាក់ផ្សាយ វគ្គ The Blind Audition ជារៀងរាល់សប្តាហ៍ បាន ៣ លើក នៅលើកញ្ចក់ ស្ថានីយទូរទស្សន៍ ហង្សមាស រួចមកហើយនោះ គេសង្កេតឃើញចំនួនអ្នកទស្សនា និងគាំទ្រកម្មវិធីនេះ បានកើនឡើងជាលំដាប់ គួរអោយកត់សម្គាល់ មិនថាក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានការជជែកពិភាក្សាគ្នា យ៉ាងក្តៅគគុកនោះទេ សូម្បីតែវីដេអូនៅក្នុងគេហទំព័រយូធូប ក៏មានអ្នកចូលទស្សនាយ៉ាងច្រើន ពុំធ្លាប់មាននោះទេ។

ការពិតទៅកម្មវិធី The Voice ជាកម្មវិធីប្រលងចម្រៀង បង្កើតដំបូង នៅប្រទេសហូឡង់ ដោយអ្នកផលិតកម្មវិធីទូរទស្សន៍ លោក John de Mol សហការជាមួយនឹងតារាចម្រៀង លោក Roel van Velzen។ បន្ទាប់ពីសេចក្តីលម្អិត និងបែបបទនៃកម្មវិធី ត្រូវបានសម្រេចរួចមកនោះ The Voice of Holland បានចាប់ផ្តើមផ្សាយដំបូងបង្អស់ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១០ ដោយមានគ្រូបង្វឹកចំនួន ៥ រូប ដូចជាតារាចម្រៀង Angela Groothuizen, តារាចម្រៀង និងជាស្ថានិកកម្មវិធី លោក Roel van Velzen, តារាចម្រៀងជាគូ Nick & Simon និងចុងក្រោយគឺ តារាចម្រៀង Jeroen van der Boom។

ក្រោយមកកម្មវិធី The Voice ក៏ចាប់ផ្តើមបង្កើន ប្រជាប្រិយភាពរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានបណ្តាប្រទេសជាច្រើន បានទំនាក់ទំនងទិញសិទ្ធិ ក្នុងការផ្សាយបន្ត ហើយអ្វីដែលប្រជាជនខ្មែរ រង់ចាំជាយូរមកនោះ ទីបំផុត The Voice Cambodia បានមកដល់ហើយ ដោយមានលោក ឆន សុវណ្ណរាជ, កញ្ញា ពេជ្រ សោភា, លោក ណុប បាយ៉ារិទ្ធ និងកញ្ញា ឳក សុគន្ធកញ្ញា ជាគ្រូបង្វឹក ខណៈលោក ជា វិបុល និងកញ្ញា និមល ជាពិធីករ។

គួរបញ្ជាក់ផងដែរថា កម្មវិធី The Voice បានស្វែងរកឃើញ ម្ចាស់ជ័យលាភីចំនួន ១០៥ នាក់រួចមកហើយ នៅទូទាំងពិភពលោក ខណៈកម្មវិធីកូនកាត់ The Voice Kids សម្រាប់កុមារ ក៏រកបាន ២១ នាក់ គ្រងតំណែងលេងមួយ ផងដែរ។

*** សូមរង់ចាំអត្ថបទភាគពីរបន្ត បង្ហាញពីលំនាំ និងបែបបទនៃកម្មវិធី! ***


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកម្មវិធីមួយនេះ?

ប្រភព៖ វីគីភីឌៀ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា