នៅក្នុងវ័យមួយ នៅពេលដែលយើង មានភាពរវល់ខ្លាំង មនុស្សភាគច្រើន បានត្អូញត្អែរថា ពួកគេមិនបានគេង គ្រប់គ្រាន់ឡើយ។ ផ្ទុកមកវិញ អ្នកជំនាញ បានព្រមានថា ការគេងច្រើនពេក ពិតជាមិនល្អឡើយ សម្រាប់សុខភាពរបស់អ្នក។

លោក Shawn Youngstedt សាស្រ្តាចារ្យ នៅឯសាកលវិទ្យាល័យ Arizona State University Phoenix ក្នុងសហរដ្ឋអាមេរិក ដែលសិក្សា ពីរយៈពេល នៃការគេង បានឲ្យដឹងថា «ការគេងរយៈពេល៧ម៉ោង អាចប្រឈមនឹង អាត្រានៃការស្លាប់ និងមានជំងឺ តិចបំផុត ប៉ុន្តែការគេង រយៈពេល៨ម៉ោង ឬច្រើនជាងនេះ វាប្រាកដជា ប្រឈមនឹងបញ្ហា ចំពោះសុខភាពយ៉ាងខ្លាំង»។

កាលពីខែមុននេះ ការសិក្សាមួយ ទៅលើមនុស្ស ចំនួនប្រមាណ ជិត៩០០នាក់ បានរកឃើញថា មនុស្សចាប់ពីអាយុ៥០ ទៅ៦៤ឆ្នាំ ដែលគេងតិចជាង៦ម៉ោង ឬច្រើនជាង៨ម៉ោង ក្នុងមួយយប់ គឺប្រឈមនឹងបញ្ហា ដូចជា មានការចងចាំខ្សោយ និងខ្សោយក្នុងការគិត ឬពិចារណាអ្វីមួយ ប៉ុន្តែកំលាំងនៃខួរក្បាល នឹងត្រូវបានកាត់បន្ថយ ចំពោះតែមនុស្សចាស់ ចាប់ពីអាយុ៦៥ ទៅ៨៩ឆ្នាំតែប៉ុណ្ណោះ នេះបើយោងតាមសម្តី របស់អ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ University of Warwick ក្នុងប្រទេសអង់គ្លេស។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយ នៅលើកាសែត the Wall Street Journal បានឲ្យដឹងថា «យើងប្រហែលជា មិនត្រូវការ ការគេងច្រើន ដូចដែលយើងគិតនោះទេ។ នៅពេលដែលមនុស្សពេញវ័យ ចំនួន៥នាក់ រស់នៅដូចក្នុងរូងភ្នំ ដោយអត់នាឡិការ អគ្គិសនី ប្រព័ន្ធទឹក រយៈពេល២ខែ ពួកគេជាមធ្យម នឹងគេងលើស ពេលរស់នៅធម្មតា រយៈពេល១ម៉ោងកន្លះ ហើយនឹងឆាប់ ងងុយគេង មុន២ម៉ោង ខុសពីពេល រស់នៅធម្មតា ប៉ុន្តែពួកគេជាមធ្យម នៅតែគេង រយៈពេល ៧.២ម៉ោង ក្នុងមួយយប់ ដដែល»។

បើតាមសម្តីរបស់ លោក Jim Horne សាស្រ្តាចារ្យផ្នែក រោគសរសៃប្រសាទវិទ្យា នៅឯសាកលវិទ្យាល័យ Loughborough University ក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា «មនុស្សភាគច្រើន តែងតែគេងលើសម៉ោង ដែលបានកំណត់»។

មានការសិក្សាធំៗជាច្រើន ក្នុងរយៈពេល៤០ឆ្នាំ កន្លងមកនេះ ទៅលើបញ្ហានៃការគេងនេះ ហើយក៏បានរកឃើញថា មនុស្សពេញវ័យ ដែលមានសុខភាពល្អ ជាមធ្យមគេងរយៈពេល ៧ម៉ោងកន្លះ ក្នុងមួយយប់។

លោកសាស្រ្តាចារ្យ Horne អ្នកនិពន្ធសៀវភៅ “Sleepfaring – A Journey Through The Science Of Sleep” បាននិយាយថា «ការសិក្សានៅក្នុងឆ្នាំ ១៩១៣ ដោយអ្នកស្រាវជ្រាវ ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិក បានរកឃើញថា ក្មេងអាយុចាប់ពី៨ ទៅ១៧ឆ្នាំ បានគេងរយៈពេល ៩ម៉ោងឯណោះ ក្នុងមួយយប់។ តាមការពិត គ្រោះថ្នាក់ដ៏ធំបំផុត គឺការគេងមិនគ្រប់គ្រាន់ ដូចជាការងងុយគេង នៅក្នុងឡាន ជាដើម...»។

យ៉ាងណាមិញ ក៏មានសំនួរមួយ បានចោទសួរថា “តើបុរស ឬស្រ្តី ដែលត្រូវការ ការគេងច្រើនជាងគេ?” ចម្លើយគឺ៖ “ស្រ្តី” ព្រោះខួរក្បាល របស់ពួកគេ ត្រូវការពេលវេលាច្រើន ដើម្បីសម្រាក បន្ទាប់ពីពួកគេ បានធ្វើកិច្ចការជាច្រើន ក្នុងមួយថ្ងៃៗ។

អ្នកវិទ្យាសាស្រ្ត នៅឯសាកលវិទ្យាល័យ Duke University នៃសហរដ្ឋអាមេរិក បានរកឃើញថា ស្រ្តីដែលគេងមិនសូវលក់ ជាញឹកញាប់ គឺបណ្តាលមកពី ការពិបាកចិត្ត និងការខឹងសម្បារច្រើន៕

រូបតំណាង

ប្រភព៖ news.asiantown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]