ភ្នំពេញ: ស្ត្រីជាកូនខ្ចី និងជាគ្រូបង្រៀន វិទ្យាល័យ ប្ញស្សីកែវ ត្រូវបានក្រុមស្រ្តីមានគ្នា៥នាក់ រួមនឹងបុរសម្នាក់ ដែលរស់នៅក្បែរផ្ទះ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ បាននាំគ្នាព្រួតវាយអោយ រងរបួសយ៉ាងដំណំ ក្នុងករណី ឈ្លោះប្រកែកគ្នាបន្តិចបន្តួច កាលពីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ ចំណែកពាក្យបណ្តឹង របស់ជន រងគ្រោះ មិនត្រូវបានអាជ្ញាធរ មូលដ្ឋានរវីររវល់ឡើយ ដោយលើកហេតុផលថា ភាគីបង្កជម្លោះជាអ្នកធំ ខ្សែរដ្ឋ លេខាធិការទៀតផង ។

ស្ថិតក្នុងភាពស្រងូតស្រងាត់ ប្តីប្រពន្ធ ជាជនរងគ្រោះ ប្តីឈ្មោះ ញ៉ែម ពៅ អាយុ ៣២ឆ្នាំ និង ប្រពន្ធឈ្មោះ គឹម សុផាន់ អាយុ ២៧ឆ្នាំ បានរៀបរាប់នៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ រូបគាត់នឹងគ្រួសារបានរៀបចំចេញពីផ្ទះជិះម៉ូតូទៅក្រៅ ដោយពេលកំពុងចាក់សោរផ្ទះ ក៏ឃើញ ជាងសំណង់ (ជាងសំណង់នៅក្បែរផ្ទះ) ជិះម៉ូតូកិន បែកឥដ្ឋការ៉ូ មុខផ្ទះ ក៏បាននិយាយថា ជាងឯងជិះបែក ទៀតហើយ មួយសន្ទុះមកម្ចាស់ផ្ទះ ដែលរស់នៅក្បែរនោះ (ផ្ទះលេខ ២០៣៥ ផ្លូវលំបេតុង) បានចេញមក ឈ្លោះប្រកែកគ្នាជាមួយរូបគាត់ ដោយជេររូបគាត់ថា ជាស្រីសំផឹងបឹងកំប៉ោង មីគ្រូបង្រៀនថោកទាប បន្ទាប់ពី ប្រកែកគ្នាមួយសន្ទុះ ក្រុមគ្រួសារគេមានគ្នា ៦នាក់ បានចេញមកចាប់វាយរូបគាត់ ដោយកំពុងពរកូននៅនឹង ដៃ។

ស្រ្តីជាប្រពន្ធបន្តការរៀបរាប់ថា ខណៈដែលពួកគេ កំពុងវាយរូបគាត់ គឺមានបុរសជាកូនម្ចាស់ បានឈរកាន់ដុំថ្ម ការពារ ក្រែងអ្នកជិតខាងចូលជួយ រូបគាត់ត្រូវទទួលរងការនូវវាយប្រហារ ស្ទើរពេញដងខ្លួន និងក្បាល ពី សំណាក់ ក្រុមផ្ទះក្បែរគ្នានោះ មានស្រី ៥នាក់ និង ប្រុស ១នាក់ ។ គ្រូបង្រៀន គឹម សុផាន់ រូបនោះ បាន បញ្ជាក់ថា រយះពេល ៣០នាទីក្រោយមក រូបគាត់មានអាការចង់ដួលសន្លប់ ត្រូវបានប្តី ដឹកជញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ហើយដេកសំរាកនៅមន្ទីរពេទ្យអស់ ៧ថ្ងៃ ។

ស្រ្តីដែលពួតគ្នា វាយដុំនោះមានឈ្មោះ ទី១៖ យាយ ជុំ យ៉ាន អាយុ ៧០ឆ្នាំ ទី២៖ ជុំ ផល្លា ស្រី អាយុ ៥០ឆ្នាំ ទី៣៖ ជុំ ផល្លី អាយុ ៤៨ឆ្នាំ ទី៤៖ សៀក គន្ធា ស្រី ហៅក្រៅ ចាន់ណា អាយុជាង ២០ឆ្នាំ ទី៥៖ សៀក ស៊ីឡែន អាយុ ១៩ឆ្នាំ ទី៦៖ សៀក បុរីរត្ន័ ហៅក្រៅ អាឆេកូ ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកចាំកាងមិនអោយអ្នកភូមិចូលជួយ ។

ប្តីប្រពន្ធ រងគ្រោះរូបនោះបានបញ្ជាក់ថា អំពីករណីដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ រូបគាត់បានដាក់ពាក្យ បណ្តឹង ទៅ មេប៉ុស្តិច្រាំងចំរេះ២ (ឈ្មោះ សាម គឹមឈាង) នៅថ្ងៃកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ គឺអាជ្ញាធរ មិនទាន់ចាត់ការ ពាក្យបណ្តឹងរបស់គាត់ទេ ដោយលើកហេតុផល ម្តងចេះ ម្តងចោះ ចំនួន ១២ថ្ងៃហើយ ពេលសួរនាំអំពីពាក្យបណ្តឹង អាជ្ញាធរប៉ុស្តិបាននិយាយថា ខ្លួនយើងតូច កុំទៅប្តឹងជាមួយគេអី គេខ្សែសុទ្ធតែ រដ្ឋលេខាធិការ មិនឈ្នះគេទេ ។

សូមជម្រាបថា ប្តី ប្រពន្ធ២នាក់ សុទ្ធតែជាគូ្របង្រៀន ដោយប្រពន្ធជាគ្រូបង្រៀន នៅវិទ្យាល័យ ប្ញស្សីកែវ និងប្តីជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ប្ញស្សីកែវ ហើយអ្វីដែលសំខាន់នោះ ស្រី្តរងគ្រោះ គឺទើបតែសំរាកកូនបាន ៤ខែប៉ុណ្ណោះ ហើយខណៈកំពុងវាយតប់នោះគឺមានកូនង៉ែត ពរនៅនឹងដៃផងដែរ ។

ពាក់ព័ន្ធនឹងការឆ្លើយ ចោទប្រកាន់ថា អាជ្ញាធរ មិនចាត់ការពាក្យបណ្តឹងនោះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ពីលោកនាយមេប៉ុស្តិ ច្រាំងចំរេះ ២ បាននោះទេនៅថ្ងៃនេះ ។

នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ លោក សាម គឹមឈាង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០១២ ចំពោះសំណុំ រឿងនេះ លោកបានបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចរាល់អស់ ហើយ ដោយលោកអះអាងថា មិនចង់ទុក សំណុំរឿងនេះយូរនោះទេ នាំឱ្យមានការ ចោទប្រកាន់ថា លោកបានផ្អឹបសំណុំរឿង។

លោកសាម គឹមឈាង បានច្រានចោល ចំពោះការលើកឡើងថា មន្ដ្រីនគរបាលរបស់ លោកបានប្រាប់ទៅជនរងគ្រោះ កុំឱ្យប្ដឹង ផ្ដល់ ដោយសារភាគីម្ខាងទៀត មានខ្សែជា មន្ដ្រីថ្នាក់រដ្ឋលេខាធិការ ។

លោកបានបញ្ជាក់ថា ការលើកឡើងនេះ គឺជាពាក្យចរចាមអារាម និងជាការនិយាយ តគ្នា ក្នុងរង្វង់ប្រជាពលដ្ឋនៅក្នុងភូមិ ប៉ុន្ដែ សម្រាប់រូបលោកមិនបានចាប់អារម្មណ៍និង មិនដឹងថា ជារដ្ឋលេខាធិការនៅក្រសួងណា នោះទេ ពោលត្រឹមតែសរសេររបាយការណ៍ ទាំងនេះ បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌ ឱ្យបានលឿនតែប៉ុណ្ណោះ ។

បើយោងតាមនាយនគរបាលប៉ុស្ដិ៍ច្រាំង ចំរេះទី២រូបនេះ ភាគីជនរងគ្រោះនិងភាគី ម្ខាងទៀត គឺជាបងប្អូនជីទួតមួយនឹងគ្នា ហើយមានទំនាស់រវាងគ្នា ជាយូរណាស់មក ហើយ ។

ទាក់ទិននឹងបញ្ហានេះ អធិការនគរបាល ខណ្ឌឫស្សីកែវ លោក សោម មុនី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ១៨ ខែមិថុនានេះថា ចំពោះ បញ្ហានេះ លោកបាននឹងកំពុងរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្ដទៀត ដោយលោក អះអាងថា ជាការធ្វើទៅតាមនីតិវិធីយ៉ាង ប្រុងប្រយ័ត្នបំផុត ។

យ៉ាងណាក៏ដោយ អធិការនគរបាលរូប នេះ មិនទាន់អាចបញ្ជាក់ថា សំណុំរឿងព្រហ្ម ទណ្ឌខាងលើនេះ នឹងត្រូវសមត្ថកិច្ចរបស់ លោករៀបចំរួចរាល់ ដើម្បីបញ្ជូនទៅតុលាការ នោះទេ ។

យ៉ាងណាក៏ដោយ គេសង្ឃឹមថាទាំងសមត្ថកិច្ច និងមន្ដ្រីតុលាការ នឹងផ្ដល់ភាព យុត្ដិធម៌ដល់ ស្ដ្រីរងគ្រោះដែល ទើបនឹងសម្រាល កូនបាន៤ ខែ រូបនេះ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ លឹម ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]