រតនគិរី៖ បុរសម្នាក់ស្រវឹងស្រាជោគជិះម៉ូតូ ទៅបុកបង្គោលសុវត្ថិភាព ស្រវឹងក្តៅក្នុងខ្លួនពេក ក៏ដោះខោវែង រួចដេកលង់លក់នៅតាមផ្លូវសាធារណៈ ត្រូវនគរបាលទៅដាស់ ទើបដឹងខ្លួន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០២និង00នាទី រំលងអធ្រាត្រ ឈាន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅចំណុចទល់មុខ ចំការស្វាយចន្ទីលោក អឿ ក្នុង ភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុង បានលុង ខេត្តរតនគិរី ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ច អធិការ ក្រុងបានលុង ប្រាប់ឲ្យដឹងថា បុរសស្រវឹងស្រាជោកធ្លាក់ភ្នែក រូបនោះ មានឈ្មោះ កុយ សុវណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិ ប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ ជិះទៅបុក បង្គោលភ្លើងសុវត្ថិភាពបណ្តាលឲ្យបាក់បង្គោល០១ដើម ហើយរបួសខ្លួនឯង ។

ប្រភពព័ត៌មានខាងលើ បន្តឲ្យដឹងថា ពេលសមត្ថកិច្ចចុះទៅដល់កន្លែងជនប្រមឹកនោះ ស្រាប់តែជនប្រមឹកដឹងខ្លួន ហើយក្រោកអង្គុយ ពេលដឹងខ្លួនឯងស្រាត សល់តែខោក្នុង ទើបស្រវ៉េស្រវ៉ាយកដៃ ខ្ទប់ប្រដាប់ភេទ ក្តោបទាំងភាពអៀនខ្មាស និងស្លៀកខោជើងវែង រួចប្រាប់ឲ្យសមត្ថកិច្ចដឹងថា ខ្លួនបានជិះម៉ូតូម៉ាក សងកូរ៉េពណ៌ ស្លាទុំតែម្នាក់ឯង មកផឹកពីស្រាជាមួយមិត្តភក្តិ ២-៣នាក់ អស់ស្រាសចំនួន ៣-៤លីត្រ ស្រវឹងជោកឈប់ផឹក ហើយជិះម៉ូតូត្រលប់ទៅផ្ទះ វិញ តែមកដល់ទីកន្លែងកើតហេតុ ក៏ដួលទៅ បុកស្លាកសញ្ញាសុវត្ថិភាព នៅចំណុចខាងលើ ហើយត្រូវរបួសបន្តិចបន្តួច ស្រវឹងខ្លាំងពេក ស្មានថាដល់ផ្ទះរបស់ខ្លួន ក៏ដេកលក់ទៅ។

ចំណែកជនស្រវឹងស្រានោះ ត្រូវបានកម្លាំងនគរបាល អធិការក្រុងបានលុង ទូរស័ព្ទហៅបងប្អូន មកទទួលយកទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ។
សមត្ថកិច្ច បានសំណូពរដល់ប្រជាពលរដ្ឋ ដែលនិយមគ្រឿងស្រវឹង មេត្តាកុំឲ្យបាត់បង់ស្មារតី ដូចជនប្រមឹកខាងលើ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បាត់បង់ខូចខាត ទ្រព្យសម្បត្តិ រដ្ឋជាដើម៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]