តើអ្នកដឹងទេថា ការគេងមិនគ្រប់គ្រាប់ មិនមែនជាមូលហេតុចំបង ដែលធ្វើឲ្យលោកអ្នក ហេវហត់អស់កម្លាំងតែមួយមុខនោះទេ ប៉ុន្តែវាមាន មូលហេតុ ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យអ្នក អស់កម្លាំងទាំងផ្លូវចិត្ត និង ផ្លូវកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចកែប្រែភាព អស់កម្លាំងនេះ ដោយយល់ពីមូលហេតុ ទាំង ១៤ យ៉ាងខាងក្រោម ៖



១. អ្នកមិនធ្វើលំហាត់ប្រាណ នៅពេលដែលអ្នកហត់៖ តើលោកអ្នកដឹងទេថា ការមិនធ្វើលំហាត់ប្រាណ នៅពេលដែលអ្នកហត់នោះ អាចធ្វើឲ្យ អ្នកកាន់តែ អស់កម្លាំងដែរឫទេ? យោងទៅតាមការស្រាវជ្រាវមួយ បានឲ្យដឹងថា អ្នកដែលហាត់ប្រាណ ៣ ដង ក្នុងមួយសប្តាហ៍ ដែលមានរយៈពេល ២០ នាទី មិនមានអារម្មណ៍អស់កម្លាំង រហូតដល់ ៦ សប្តាហ៍ឯណោះ។ អ្វីដែលពិសេសទៀតនោះ ប្រសិនបើលោកអ្នក ហាត់ប្រាណ ជាប្រចាំ នោះនឹងធ្វើឲ្យលោកអ្នក មានកម្លាំងមាំមួន និង មិនឆាប់នឿយហត់ឡើយ។ ម្យ៉ាងវិញទៀតនោះ វានឹងធ្វើឲ្យ សរសៃឈាមបេះដូង រត់បានល្អ និង បញ្ចូនអុកស៊ីសែន និង សារធាតុចិញ្ចឹម ទៅសរីរាង្គ កាន់តែល្អថែមទៀតផង។ ដូច្នេះ លោកអ្នកគួរតែធ្វើ់ លំហាត់ប្រាណ ជាប្រចាំផងដែរ ដើម្បីសុខភាពរឹងមាំ។

២. ទទួលទានទឹកមិនគ្រប់គ្រាន់ ៖ លោកអ្នកបានជ្រាបទេថា ការទទួលទានទឹក មិនគ្រប់គ្រាន់ ក៏អាចធ្វើឲ្យអ្នកឆាប់អស់កម្លាំងដែរ។ តាមការស្រាវជ្រាវ បានឲ្យដឹងថា ការខ្វះជាតិទឹក ក្នុងរាងកាយ បានបណ្តោយឲ្យឈាម មានលក្ខណៈខាប់ ខុសពីធម្មតា ធ្វើឲ្យចង្វាក់បេះដូង លោតខ្សោយ ជាងមុន ហើយថែមទាំងធ្វើឲ្យ ការបញ្ចូនសារធាតុចិញ្ចឹម និង អុកស៊ីសែន ទៅក្នុងរាងកាយ មិនបានល្អ ថែមទៀតផង។ ដូច្នេះ សំរាប់អ្នក ដែលខ្វះជាតិទឹក គួរតែផ្លាស់ប្តូរទំលាប់ នៃការផឹកទឹកតិច មកផឹកទឹកឲ្យបានច្រើន តាមដែលអាចធ្វើបាន ដើម្បីទទួលបាន សុខភាពល្អ។

៣.ខ្វះជាតិដែក ៖ កង្វះជាតិដែក គឺជាមូលហេតុមួយ ដែលធ្វើឲ្យលោកអ្នក គ្មានកម្លាំង និង ទន់ខ្សោយ ហើយមិនអាចផ្ចង់ស្មារតី ធ្វើអ្វីបានឡើយ។ ពីព្រោះតែការខ្វះជាតិទាំងនេះ ទើបធ្វើឲ្យកម្រិតអុកស៊ីសែន បញ្ចូនទៅ សាច់ដុំ និង កោសិកា បានតិចជាងធម្មតា។  ដូច្នេះ ដើម្បីឲ្យមានកម្លាំង លោកអ្នកគួរតែបង្កើន កម្រិតជាតិដែក ដោយបរិភោគ ស៊ុត បន្លែពណ៌ខៀវ គ្រាប់ធញ្ញជាតិ និង តៅហ៊ួ ជាដើម។

៤. ចង់ធ្វើអ្វីឲ្យល្អឥតខ្ចោះ ៖ ប្រសិនបើអ្នកជាមនុស្សដែល ចង់ធ្វើអ្វីមួយឲ្យល្អឥតខ្ចោះ នោះ គឺវាមិនអាចទៅរួចទេ។ ម្យ៉ាងវិញទៀត ការដែលចង់បានអ្វីមួយ ដែលឥតខ្ចោះនោះ គឺវានឹងធ្វើឲ្យអ្នកប្រឹងប្រែងធ្វើការ និង ចំនាយរយៈពេលយូរ ជាងធម្មតា ។ ចំនែកឯពេលដែល ទទួលផលវិញ អ្នកមិនបានទទួលជោគជ័យ វាកាន់តែធ្វើឲ្យអ្នកបាក់ទឹកចិត្ត អស់កម្លាំងតែម្តង។ ដូច្នេះ រាល់ពេលដែលអ្នកធ្វើអ្វី មិនត្រូវរំពឹងទុក ខ្ពស់ពេកនោះទេ ជៀសវាងការបាក់ទឹកចិត្ត។

៥. មានការភ័យខ្លាច និង ព្រួយបារម្ភច្រើន ៖ តើលោកអ្នកដឹងទេថា ការភ័យខ្លាច និង ព្រួយបារម្ភ ចំពោះរឿងដែលមិនទាន់កើតឡើង អាចធ្វើឲ្យអ្នក អស់កម្លាំងទាំងផ្លូវចិត្ត និង ផ្លូវកាយដែរឫទេ?  ពិតណាស់នៅពេលដែល អ្នកបារម្ភ និង ភ័យខ្លាចនូវរឿងអ្វីមួយ ដែលមិនទាន់ កើតឡើង ហើយគិតតែរឿងមិនល្អ នោះវានឹងធ្វើឲ្យអ្នក អស់កម្លាំងផ្លូវចិត្ត។ ដូច្នេះត្រូវចងចាំថា នៅពេលដែលអ្នកបារម្ភ នូវរឿងអ្វីមួយ អ្នកគ្រាន់តែ ដកដង្ហើមធំ មួយៗ  ហើយ ធ្វើសមាធិ ដើម្បីអារម្មណ៍បានស្ងប់។ ម្យ៉ាងវិញទៀត លោកអ្នកអាចចេញ ទៅក្រៅកំសាន្ត ជាមួយមិត្តភក្តិបងប្អូន និងប្រាប់រឿង ដែលព្រួយបារម្ភ ទៅពួកគេ ក៏ជាវិធីល្អម្យ៉ាងដែរ។

៦. មិនទទួលទានអាហារពេលព្រឹក ៖ អាហារដែលអ្នក បរិភោគនៅពេលល្ងាច ត្រូវបានប្រើប្រាស់អស់ នៅពេលដែលអ្នកគេង។ ដូច្នេះពេល ដែលអ្នកភ្ញាក់ឡើង អ្នកត្រូវតែទទួលទានអាហារ ដើម្បីធ្វើឲ្យលោកអ្នក មានកម្លាំងឡើងវិញ ។ប្រសិនបើលោកអ្នក មិនទទួលទាន អាហារ ពេលព្រឹកទេនោះ លោកអ្នកនឹងមានអារម្មណ៍ថា អស់កម្លាំងខុសពីធម្មតា  ដូច្នេះត្រូវចងចាំថា ត្រូវតែទទួលទានអាហារ ពេលព្រឹកជាប្រចាំ ដើម្បីរាងកាយរឹងមាំ។

៧. ទទួលទានអាហារ ដែលគ្មានសារធាតុចិញ្ចឹម គ្រប់គ្រាន់៖ ការទទួលទានអាហារ ដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចធ្វើឲ្យអ្នក ឆាប់នឿយហត់ និង អស់កម្លាំង។ ម្យ៉ាងវិញទៀតអាហារ ដែលសំបូរទៅដោយជាតិស្ករ និង កាបូនអ៊ីដ្រាត អាចធ្វើឲ្យអ្នក មានជាតិស្ករ ក្នុងឈាមខ្ពស់ ហើយនៅពេលដែលជាតិស្ករនោះធ្លាក់ចុះ វានឹងធ្វើឲ្យអ្នកអស់កម្លាំងភ្លាមៗ តែម្តង។ ដូច្នេះ ដើម្បីកុំឲ្យមានអាការៈ នឿយហត់ អស់កម្លាំងបែបនេះ លោកអ្នកគួរតែ ទទួលទានអាហារ ដែលមានប្រូតេអ៊ីន និង វីតាមីន ខ្ពស់ ដូចជា ស៊ុត សាច់មាន់ សាឡាត់ គ្រាប់ធញ្ញជាតិ ឫ ក៏ត្រីសាម៉ុង ជាដើម។

៨. ចេះតែយល់ព្រម តាមសំណើរគេ ៖ មនុស្សដែលចូលចិត្តបំពេញចិត្តគេ តែងតែធ្វើឲ្យខ្លួនឯងអស់កម្លាំង។ លើសពីនោះទៀត នៅពេលដែល បំពេញចិត្តអ្នកដទៃហើយ តែងតែមានអារម្មណ៍មិនល្អ ជារឿយៗ។ ឧទាហរណ៍ ប្រសិនបើចៅហ្វាយរបស់អ្នក ឲ្យធ្វើការនៅថ្ងៃសៅរ៍នោះ អ្នកគួរតែហ៊ាននិយាយថាទេ ដើម្បីធ្វើឲ្យខ្លួនឯង បានសំរាកខ្លះ ពីព្រោះមនុស្សគ្រប់រូប តែងតែត្រូវការពេលសំរាក ដើម្បីធ្វើឲ្យជីវិតមានលំនឹង ទៅនឹងជីវិតការងារ។

៩. ធ្វើការក្នុងថ្ងៃសំរាក៖ តាមការស្រាវជា្រវ បានឲ្យដឹងថា ប្រសិនបើអ្នកធ្វើការ នៅថ្ងៃឈប់សំរាក អ្នកនឹងមានអារម្មណ៍ នឿយហត់ ខណៈដែលពេលវេលា ឈប់សំរាកនេះ ជាពេលសំរាប់អ្នក អាចមានថាមពល ឡើងវិញ ហើយនៅពេលត្រលប់ទៅធ្វើការវិញ គឺកាន់តែមានគំនិត ច្នៃប្រឌិតបន្ថែមទៀត។ ដូច្នេះចូរចងចាំថា ពេលដែលអ្នកឈប់សំរាក គួរតែធ្វើឲ្យខ្លួនអ្នក មានពេលល្ហែល្ហើយ ពីការងារខ្លះផង។

១០. អ្នកផឹកស្រាមុនពេលចូលគេង ៖ មនុស្សមួយចំនួន ប្រហែលជាគិតថា ទទួលទានស្រា មួយ ឫ ពីរកែវ មុនពេលចូលគេង គឺជាការល្អ ប៉ុន្តែវាមិនមែនដូចអ្នកគិតទេ ពីព្រោះតែជាតិស្រា ដែលអ្នកផឹកនោះ បានធ្វើឲ្យអ្នកភ្ញាក់កណ្តាលយប់។ ប្រសិនបើអ្នក ចង់ទទួលទានស្រា បន្តិចបន្តួចមុនពេល ចូលគេងនោះ គួរតែទទួលទានមុន ពេលគេង ៤ ទៅ ៥ ម៉ោង ទើបមិនប៉ះពាល់ដល់ការគេង។

១១. អ្នកមើលហ្វេសប៊ុក ឫ អ៊ីម៉ែល នៅពេលគេង ៖ ពន្លឺនៃទូរសព្ទ ឫ ក៏កុំព្យូទ័រ របស់អ្នក អាចធ្វើឲ្យអ័រម៉ូនម្យ៉ាងដែល ធ្វើឲ្យមានតុល្យភាព ដំណេក និង ការភ្ញាក់នោះ មានដំនើរការខុសប្រក្រតី។ យល់ល្អ លោកអ្នកគួរតែមើលវា នៅមុនពេលគេង មួយ ឫ ពីរម៉ោង។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នក មិនអាចជៀសវាង មើលហ្វេសប៊ុក ឫ អ៊ីម៉ែល នៅពេលកំពុងគេង បានទេនោះ គួរតែមើលឆ្ងាយពី ទូរសព្ទ ឫកុំព្យូទ័រ ឲ្យបាន ៣៥ សង់ទីម៉ែត្រ។

១២.ផឹកកាហ្វេ ដើម្បីកុំឲ្យងងុយគេង៖ ការទទូលទានកាហ្វេ ៣ កែវក្នុងមួយថ្ងៃ បើទោះជា អាចនឹង មិនមានអ្វីប៉ះពាល់ ដល់សុខភាពអ្នក ប៉ុន្តែ វាអាចនឹងធ្វើឲ្យរំខាន ទៅដល់វដ្តនៃការគេង និង ភ្ញាក់ ពីព្រោះតែជាតិកាហ្វេ បានរារាំងមិន ឲ្យកោសិកាម្យ៉ាងដែល ធ្វើឲ្យអ្នកងងុយគេងនោះ មិនដំណើរការ។ ប៉ុន្តែលោកអ្នកមិនចាំបាច់បារម្ភទេ ពីព្រោះថា អ្នកអាចផឹកកាហ្វេបានជាធម្មតា យ៉ាងហោចណាស់ ឲ្យបាន ៦ ម៉ោង នោះវានឹងមិនប៉ះពាល់ ដល់ដំណេក របស់អ្នកទេ ព្រមទាំង មិនធ្វើឲ្យអ្នកអស់កម្លាំង ទៀតផង។

១២. គេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍ ៖ មនុស្សមួយចំនួន តែងតែគេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍ ប៉ុន្តែការគេងយប់ជ្រៅនេះ នឹងធ្វើឲ្យអ្នក អស់កម្លាំង នៅថ្ងៃបន្ទាប់ ទោះបីជាអ្នកគេងសង នៅព្រឹកបន្ទាប់ក៏ដោយ។ ដូច្នេះ អ្នកគួរតែជៀសវាង គេងយប់ជ្រៅ ហើយភ្ញាក់យឺត ដោយផ្លាស់ប្តូរ មកគេង និង ភ្ញាក់តាមទម្លាប់ ប្រចាំថ្ងៃ ទើបជាការប្រសើរ។

១៤. មានបន្ទប់ធ្វើការគ្មានរបៀប ៖ តុធ្វើការដែលគ្មានរបៀប អាចធ្វើឲ្យអ្នកនឿយហត់ ដោយមិនដឹងខ្លួន ហើយថែមទាំងធ្វើឲ្យអ្នក បំពេញការងារ មិនបានល្អទៀតផង។ ដូច្នេះ ដើម្បីជៀសវាង នូវការនឿយហត់ នេះ អ្នកគួរតែ រៀបចំបន្ទប់ និង តុធ្វើការរបស់អ្នក ឲ្យមានរបៀប ដាក់សសម្ភារៈ ទៅតាមកន្លែងត្រឹមត្រូវ នោះអ្នកនឹងមានអារម្មណ៍ល្អ ជាមិនខាន។

ទាំងនេះ គឺជាមូលហេតុសំខាន់ៗ ទាំង ១៤ យ៉ាង ដែល ធ្វើឲ្យលោកអ្នក អស់កម្លាំង គ្រប់ពេលវេលា។ តើលោកអ្នកបានកត់សំគាល់ ថាខ្លួនឯង មានទំលាប់ដូចជា កត្តាទាំង ១៤ យ៉ាងនេះដែរឫទេ? 

ប្រភព៖ Time

ដោយ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]