ខេត្ត​បន្ទាយ​មានជ័យ​ ៖  ក្នុង​រយៈពេល​២​ថ្ងៃមានមនុស្សចំនួន៣នាក់ស្លាប់ និង៥នាក់ទៀត​រង​របួស​ធ្ងន់​ដោយ​សារ​​គ្រោះថ្នាក់​​​​ចរាចរណ៍​​​​នៅ​​ស្រុក​​មង្គល​បុរី ។ លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការ​នគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា នៅថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១២ គ្រាន់​តែជាង​១​ម៉ោង​ប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន​២ករណីដោយឡែកពីគ្នាបណ្តាលឲ្យ​មនុស្ស​ម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើត​ហេតុ និងម្នាក់រងរបួសស្មងជើងស្តាំ ។

ករណីទី​១​ នៅវេលាម៉ោង៦និង៣០នាទី​ល្ងាច មានបុរស​ម្នាក់ឈ្មោះឌី ចិត្ត អាយុ២៥ឆ្នាំ នៅ​ភូមិគោកព្នៅ ឃុំបន្ទាយនាង ​បានជិះម៉ូតូ​ម៉ាក​វេ៉វ ស៊េរី២០០៨ ពណ៌ក្រហម-​ខ្មៅ ​​ទៅបុកគូទ​រថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក បើកបរ​ដោយឈ្មោះចៅ ហាត់ (ហៅយឿន ហាត់) បណ្តាលឲ្យរបួសបាក់ឆ្អឹងស្មងជើងស្តាំ ត្រូវបាន​ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។ មុន​ពេលកើត​ហេតុ រថយន្តបើកនៅលើផ្លូវជាតិ​លេខ​៥ពីទិស​ខាងត្បួងទៅជើង លុះ​ដល់ចំណុចយាយជី​ច្រូត​ស្រូវ ស្ថិតក្នុងឃុំឫស្សីក្រោក អ្នកជិះម៉ូតូ​បានបុក​គូទ​រថយន្តពីក្រោយបណ្តាលរងរបួស ។

ករណី​មួយ​ទៀត​នា​វេលាម៉ោង១០និង១៥នាទី​យប់​ក្មេងប្រុសម្នាក់ឈ្មោះសាក់ និមល អាយុ១៨ឆ្នាំ នៅភូមិជំទាវ ឃុំឫស្សី​ក្រោក ជិះម៉ូតូម៉ាកហុងដា​សេ១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១២ មួយ​គ្រឿង​​ទៅបុករថយន្ត​មួយ​គ្រឿងម៉ាកហ៊ីណូ ពណ៌ស ដឹកអេស្កាវ៉ាទ័រឈប់​ចតនៅលើចិញ្ចើមផ្លូវ​ជាតិ​លេខ៥ មុខវិទ្យាល័យ​មង្គលបុរីស្ថិត ក្នុងឃុំ​ឫស្សីក្រោក ។ អ្នកជិះម៉ូតូធ្វើ​​​ដំណើរ​ពីទិស​ខាង​ជើងទៅត្បូង​ លុះ​ដល់ចំណុចខាងលើ​ក៏បានបុក​រថ​យន្តឈប់ចតពី​ក្រោយ​បណ្តាល​ឲ្យក្បាល​អ្នកជិះម៉ូតូបុកចំផាល​អេស្កាវ៉ាទ័រ ស្លាប់ភ្លាម​មួយរំពេច ចំណែកអ្នកបើក​អេស្កាវ៉ាទ័របាន​រត់​គេចខ្លួនបាត់ ។

លោក​អធិការនគរបាលស្រុកមង្គល​បុរីបន្តទៀតថា  ចំណែក​​​នៅ​​ថ្ងៃទី​​១៤ ​​មិថុនា​​​វេលា​ម៉ោង១០និង៣០នាទីយប់ត្រង់ចំណុច​យាយជីច្រូត​ស្រូវ ស្ថិតក្នុងឃុំឫស្សីក្រោកនេះ​ដែរ នៅ​លើផ្លូវជាតិលេខ៥​ មានករណីអ្នកបើក​បររថយន្តស្រវឹងស្រាបើកបុករូប​សំណាក​តម្កល់​យាយជីច្រូតស្រូវ បណ្តាលឲ្យមនុស្សចំនួន២នាក់ ​ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​ ឯចំនួន​៤នាក់​ទៀត​រងរបួសធ្ងន់ដឹកទៅព្យា​បាលនៅ​មន្ទីរពេទ្យ ។

លោកវរសេនីយ៍ត្រីយ៉ត សុផល បញ្ជាក់ថា ជនរង​គ្រោះដែលស្លាប់នៅនឹងកន្លែងម្នាក់​ឈ្មោះ​សុខ សុភា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅ​​​ក្នុង​ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នក​បម្រើ​ស្រាបៀរនៅភោជនីយដ្ឋាន និង​ម្នាក់​ទៀត​ឈ្មោះវ៉ាន់នី សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផ្លូវ​សៀម ឃុំគយម៉ែង ស្រុកមង្គលបុរី ។ ចំណែក​អ្នករបួសធ្ងន់ចំនួន៤នាក់​មាន​១-ឈ្មោះ​អាំង គឹមហូន ភេទប្រុស ជាអ្នក​​បើបររថយន្ត​ របួសបាក់ឆ្អឹងភ្លៅស្តាំ សម្រាក​ព្យា​បាលនៅ​មន្ទីរ​ពេទ្យបង្អែកមង្គលបុរី ២-ឈ្មោះអ៊ុក រ៉ានី ភេទប្រុស អាយុ៤២ឆ្នាំ របួស​ក្បាល ​ធ្ងន់​​ត្រូវ​បាន​​​ដឹក​យកទៅព្យាបាលនៅរាជធានី​ភ្នំពេញ ៣-ឈ្មោះ​យឹម ភឿត ភេទប្រុស អាយុ៣៩ឆ្នាំ របួស​ធ្ងន់ត្រង់ក្បាល ដឹកទៅព្យាបាលនៅ​រាជធានី​ភ្នំពេញ និង៤-ឈ្មោះ​ផាត យាន ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ របួសធ្ងន់បែកប្រអប់ជើង​ស្តាំ សម្រាក​ព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង​ ។

ចំពោះសពត្រូវបានប្រគល់ឲ្យក្រុម​គ្រួសារ​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។​តាមការស្រាវជ្រាវមុនពេលកើតហេតុ​អ្នកទាំង​៦​នាក់​បានជិះរថយន្តម៉ាកកាមរីស៊េរី៩៣ ពណ៌​សំបក​ឪឡឹក បើកបរ​​ដោយ​ឈ្មោះអាំង គឹមហូន ចេញ​ពី​កន្លែងផឹក​ស៊ីនៅ​ភោជនីយ​ដ្ឋានហេងគង់ បើកក្នុងទិសដៅពីត្បូង​ទៅជើង ក្នុងគោល​បំណងមកខេត្តបន្ទាយមានជ័យ ។ ​ ពេលមក​ដល់​ចំណុច​ខាង​​លើ​ក៏ជ្រុលចង្កូត​ទៅ​ចង​កំហឹង​នឹង​​រូប​សំណាកតម្កល់យាយជីច្រូតស្រូវបណ្តាល​​ឱ្យ​បែកបាក់ និងរថយន្តខូចខាតធ្ងន់ ត្រូវ​បាន​កម្លាំង​នគរបាលចរាចរខេត្ត​ស្ទូចយក​មករក្សាទុក ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]