ខ្សែប្រយុទ្ធ Loic Remy ដែលផ្ទេរពីក្រុម QPR មកកាន់ទឹកដី Anfield របស់ហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា បានធ្វើតេស្ត ពិនិត្យសុខភាពធ្លាក់ ដោយមិនអាច ចូលរួមជាមួយ ក្រុមរបស់លោក Brenden Rodger បានទេ។

ក្នុងនោះដែរ ក្រុមហង្សក្រហម Liverpool មួយនេះ បដិសេធមិនធ្វើការ អត្ថាធិប្បាយអ្វីមួយ ពាក់ព័ន្ធនឹងរឿងនេះទេ បន្ទាប់ពីក្រុមគ្រូពេទ្យ បានធ្វើការអង្កេតមើល ស្ថានភាពសុខភាព ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ អស់រយៈពេលជាច្រើនថ្ងៃ នាទីក្រុង Boston សហរដ្ឋអាមេរិក រួចមក។

Remy ដែលយល់ព្រមចុះកុងត្រា ជាមួយក្រុមហង្សក្រហម និងពាក់អាវលេខ ៧ របស់អតីតខ្សែប្រយុទ្ធហង្សក្រហម Luis Suarez ត្រូវវិលត្រលប់ ពីទឹកដីសហរដ្ឋអាមេរិក ទៅកាន់ក្រុម QPR វិញ ខណៈ Liverpool ត្រូវដុតដៃដុតជើង ស្វែងរកខ្សែប្រយុទ្ធលំដាប់ពិភពលោកបន្ត ដើម្បីជំនួស តំណែង Luis Suarez ដែលផ្ទេរទៅកាន់ Barcelona ក្នុងតម្លៃប្រមាណជា ៧៥ លានផោន កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ហង្សក្រហម Liverpool មានជ្រើសយក ខ្សែប្រយុទ្ធ ល្អៗជាច្រើនដូចជា ខ្សែប្រយុទ្ធ ស៊ុតបញ្ចូលទី លំដាប់លេខ ២ កាលពីរដូវកាលមុខ Daniel Sturridge, ខ្សែប្រយុទ្ធ Rickie Lambert ផ្ទេរពី Southampton និងខ្សែប្រយុទ្ធវ័យក្មេង Divock Origi ដែលនឹងផ្ទេរ ពី Lille របស់បារាំងផងដែរ។

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]