ខេត្ត​ឧត្ត​រ​មាន​ជ័យ ៖ ក្រោម​កណ្តាប់​ដៃ​ប្តី​ទុរយស​​ឈ្មោះ​មាស សុភ័ណ្ឌ​ អាយុ​៣០​ឆ្នាំ ដែល​ធ្លាប់​​តែ​វាយ​ធ្វើ​បាប​ប្រពន្ធ​ឥត​ស្រាក​ស្រាន្ត​រហូត​​សន្លប់​​ក៏​ មាន និង​លើ​ក​ចុង​ក្រោយ​​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរ​ឃៅ​ចាក់​សាំង​ដុត​ប្រពន្ធ ​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២១​ថ្ងៃ​ នាង​ជា​ប្រពន្ធ​ក៏​ត្រូវ​ស្លាប់​ ខណៈ​នាំ​ទៅ​សង្គ្រោះ​​នៅ​ឯ​មន្ទីរ​ពេទ្យ​​ប្រទេស​វៀត​ណាម។

គួរ​រំ​លឹក​ថា ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ម៉ៅ លក្ខិណា អាយុ​២៩​ឆ្នាំ ត្រូវ​បាន​សាច់​ញាតិ​​នាំ​ទៅ​សង្គ្រោះ​ភ្លា​មៗ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ សុរិន្ទ ប្រទេស​ថៃ បាន​១​យប់​ ក៏​បញ្ជូន​ត្រឡប់​មក​វិញ​​ ហើយ​​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កង​ទ័ព​«១៧៥»​ក្រុង​ហូជីមិញ ប្រទេស​វៀត​ណាម តែ​បាន​រយៈ​ពេល​២១​ថ្ងៃ​ប៉ុណ្ណោះ​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ មិថុនា ស្ត្រី​រង​គ្រោះ​ក៏​ស្លាប់​ ហើយ​ត្រូវ​បាន​ដឹក​មក​លំ​នៅ​ឋាននៅ​​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ ចំណែក​បុរស​ជា​ប្តី​ដ៏​ទុរយស​ក៏​ត្រូវ​​បាន​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ។

លោក​ម៉ៅ ម៉ារិន អាយុ​៥៣​ឆ្នាំ ត្រូវ​ជា​ឪពុក​របស់​សព​ខាង​លើ​មាន​ប្រសាសន៍​​ឱ្យ​ដឹង​​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ​លក្ខិណា ជា​ស្ត្រី​មេ​ម៉ាយ​កូន​២ បាន​រៀប​​ការ​ជា​មួយ​នឹង​ឈ្មោះ​មាស សុភ័ណ្ឌ​ នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១១ នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ទៅ​តាម​ប្រពៃ​ណី​ខ្មែរ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដោយ​មាន​ភ្ញៀវ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ ។ ពួក​គេ​មាន​មុខ​របរ​លក់​ខោអាវ​បុរស នារី យីហោ​ភារ៉ាឌូវ​ស្តាយ ​នៅ​ទល់​មុខ​រង្វង់​មូល​ក្នុង​ភូមិ​អូរ​ចិញ្ចៀន​ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រ​មាន​ជ័យ ។ លោក​ម៉ារិន ជា​ឪពុក​នៃ​សព​មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​ពី​ពេល​ដែល​កូន​ស្រី​របស់​លោក​យក​គ្នា​ជា​ប្តី​ប្រពន្ធ​មក ​ប្តី​នោះ​តែង​តែ​ប្រើ​អំពើ​ហិង្សា​ញឹក​ញាប់​មក​លើ​ប្រពន្ធ ។ មាន​ពេល​មួយ​នោះ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​ខេត្ត​សៀម​រាប កូន​ប្រសា​ប្រុស​បាន​វាយ​ប្រពន្ធ​រហូត​សន្លប់​ ហើយ​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។ លោក​ម៉ារិន បាន​បន្ត​ថា នៅ​​ក្នុង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នោះ​រូប​លោក​ពុំ​បាន​ដឹង​នោះ​ទេ ដោយ​ជាប់​បំពេញ​ភារ​កិច្ច​នៅ​រាជ​ធានី​ភ្នំពេញ ។ ក្រោយ​មក​ទើប​ប្រពន្ធ​និយាយ​ប្រាប់​ បើ​សិន​ណាដឹង​​ភ្លាមៗ​នោះ​ប្រហែល​ជា​មិន​អាច​អត់​ឱ​ន​ឱ្យ​កូន​ប្រសា​ប្រុស​ រូប​នេះ​បាន​ជា​ដាច់​ខាត​ ទោះ​បី​លោក​ត្រូវ​ប្រឈម​មុខ​ច្បាប់​ក៏​ដោយ ។ ក្នុង​ពេល​ដែល​កូន​ស្រី​របស់​លោក​បាន​ជា​សះ​ស្បើយ​វិញ ក៏​បាន​ដាក់​ពាក្យ​​​មក​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ ដើម្បី​សុំ​លែង​លះ​តាម​ផ្លូវ​ច្បាប់​រហូត​ដល់​មាន​សាល​ក្រម​លេខ​០៤ ចុះ​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១២ ចេញ​ដោយ​លោក​ចៅ​ក្រម​ជំនុំ​ជម្រះ​ ម៉ែន វណ្ណៈ បង្គាប់​ឱ្យ​បញ្ឈប់​ការ​រស់​នៅ​ជា​មួយ​គ្នា​ និង​ផ្តាច់​សង្វាស​រវាង​កូន​ស្រី​លោក​ និង​ឈ្មោះមាស សុភ័ណ្ឌ ចាប់​ពី​ពេល​នោះ​មក ។

បុរស​ជា​ឪពុក​នៃ​សព បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មុន​ពេល​កើត​ហេតុ​ កន្លះ​ខែ​អតីត​កូន​ប្រសា​ប្រុស​នោះ​បាន​មក​អង្វរ​លន់​​តួ​​រហូត​​​ដល់​លុត​ ជង្គង់​​​នៅ​មុខ​​ជី​ដូន​​​ឈ្មោះ​​ស៊ន់​ ទ្រព្យ​ អាយុ​​៧៥​ឆ្នាំ​​ ដោយ​សុំ​​​ជា​នា​​​គ្នា​​​ឡើង​​​វិញ តែ​​​ត្រូ​វបាន​​​​កូនស្រីលោក​​បដិសេធ​​មិន​ព្រម​យក​​​​ជា​ដាច់​ខា​ត​ ព្រោះ​ថា​​​កាល​ណា​​បើ​យក​​​បន្ត​ទៅ​​​ទៀត​​នោះ​ អាច​​​​នឹង​​​មាន​ថ្ងៃ​ណា​​​​មួយ​​នឹង​​ត្រូវ​​​អតីត​​ប្តី​​​នេះ​​​ប្រើ​ អំពើ​ហិង្សា​​​​ធ្ងន់​​​​​​​ជា​​មិន​ខាន​ ។ ​លោក​ម៉ារិន​​​ ​រៀប​រាប់​បន្ត​ថា ​​នៅ​ក្នុង​​ថ្ងៃ​​ទី​​​២២ ឧសភា ​​ឈ្មោះ​មាស​ សុភ័ណ្ឌ​​ មិន​​ចេញ​​ទៅ​ណា​ទេ​ ដោយសារ​​​តែ​ជី​ដូន​​​ទន់​ចិត្ត​​​​អាណិត​​​ឱ្យ​នៅ​​​រហូត​​​ដល់​ពេល​យប់​ អតីត​​​​កូន​ប្រសា​នេះ​ បាន​​លួច​យក​លុយ​​​ប្រពន្ធ​​​ចំនួន​​​៦.៥០០​ដុល្លារ​​​ និង​ខ្សែ​.ក​​មួយ​​​​​ខ្សែ​​​មាន​បន្តោង​​​ពេជ្រ​តម្លៃ​​ ២.៥០០​ដុល្លារ​​។ ​​លុះ​ដល់​ព្រឹក​ថ្ងៃទី​​​២៣ ឧសភា ​​កូន​ស្រី​​​គាត់​​​​បាន​បើក​ទូ​មើល​ឃើញ​បាត់​​​គ្រឿង​អលង្ការ​​មាន​​តម្លៃ ​​​ ក៏​បាន​ឈ្លោះ​​​ជា​មួយ​នឹង​​​​​​​អតី​ត​ប្តី​​ដែល​កំពុង​តែ​​​​ដេក​នៅក្នុង​ ​អង្រឹង​​​​ តែ​មិន​បាន​​ប្រើ​ហិង្សា​​​​​លើ​គ្នា​នោះ​ទេ ។ ​បន្ទាប់​មក​​​កូនស្រី​​​បាន​ទៅ​ផ្សាររក​​​​ទិញ​​ម្អូប​អាហារ​​​ ស្រប​ពេល​​​ដែល​ប្រពន្ធ​​​ទៅ​ផ្សារ​​​បាត់​នោះ ​​អតី​ត​ប្តី​ដ៏​ឃោរឃៅ​នេះ​បាន​​ទៅ​ទិញ​ប្រេង​​សាំង​​​ចំនួន​​២ដប​ យក​មក​ទុក​​​នៅក្បែរ​​អង្រឹង​​​ដែល​កំពុង​​​ដេក ។ ក្នុង​ពេល​​​ដែល​កូន​ស្រី​​​លោក​​​កំពុង​​​​តែ​អង្គុយ​​​​សក​ត្រកួន​​​បែរ​ មុខ​​​ទៅ​ថ្នល់​​ អតីត​ប្តី​បាន​មក​​ពី​ក្រោយ​​​ខ្នង​ក៏​​​ចាប់​កូន​ស្រី​លោក​ក្រៀក​​​ជាប់​​​ ​ពេល​នោះ​​ភរិយា​​លោក​​ឈ្មោះ​​យឹម​ សុខេន ​ឃើញក៏​​ស្ទុះ​​​មក​ជួយ ​​ក៏​ត្រូវ​​​បាន​អតី​ត​​កូន​ប្រសា​ធាក់​ត្រូវ​​​​មួយ​ជើង​​​ដួ​ល​ទៅ​លើ​ដី​ ​ ។ បន្ទាប់​មក​​​ក៏​យក​ដប​​សាំង​មក​​ចាក់ស្រោច​​​​​លើ​ក្បាល​​​កូន​ស្រី​លោក​ ជោក​​​ពេញ​មុខ​ ពេញ​ខ្លួន​ ហើយ​បាន​​​​យក​ដែក​​​កេះ​​​​​​មក​​​គូស​​ដុត​​​ ជា​ហេតុ​​​បណ្តាល​​​ឱ្យ​ឆាប​​ឆេះ​​​​សន្ធោ​សន្ធៅ​រលាក​ពេញ​​​​ខ្លួនប្រាណ​​​ ​របួស​ជា​ទម្ងន់​​ ទើបត្រូវ​​​​បាន​នាំ​កូន​ស្រី​​​ទៅសង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​ សុរិន្ទ​​ ប្រទេស​ថៃ​​។ តែ​ដោយ​សារ​​​​ស្ថាន​ភាព​​​របួស​​កាន់​តែ​ធ្ងន់​​​​​ទៅ​ៗ​​ ពេទ្យ​​​ថៃ​ថា​មិន​​សង្ឃឹ​ម​​​​​​ បាន​តែ​មួយ​យប់​​​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​​​​យោ​ធា​១៧៥ ក្រុង​ហូជីមិញ ​ប្រទេស​វៀត​​ណាម​​ ដោយ​សម្រាក​​​​ព្យា​បាល​​​ក្រោម​ការ​​​យក​​​ចិត្ត​ទុក​ដាក់​​​ពី​សំណាក់​ គ្រូ​ពេទ្យ​​​​​ បាន​ធ្វើ​ឱ្យ​ស្នាម​រលាក​​​លើ​រា​ង​កាយ​​​បាន​ជាសះ ​ខ្លះៗ​ តែ​គ្រូ​ពេទ្យ​​​​និយាយ​ថា ​​ភ្លើង​​​​សាំង​បាន​ឆេះ​​​ដល់​​​គ្រឿង​ក្នុង​​ រលាកសួត​​ធ្ងន់​​​​ រហូត​ដល់​​យប់​​​ថ្ងៃ​ទី​​១៤ មិថុនា​ ​កូនស្រី​​​របស់​លោក​ក៏​​​បានទទួល​មរណ​ភាព​ ។ ពិត​​​ជា​គួរ​ឱ្យ​​​សោក​ស្តាយ​​​​ជីវិត​នាង​ជា​ទី​បំ​ផុត​ ​​សព​កូន​​ស្រី​​​ត្រូ​វ​បាន​ដឹក​​មក​រៀប​ចំ​​​ធ្វើ​បុណ្យ​​​តាម​ប្រពៃ​ណី​​ នៅ​ភូមិ​​​ជ្រោយ​ថ្ម​ សង្កាត់​​​បឹង​កុក ក្រុង​កំពង់​ចាម​​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]