បន្ទាប់ពីតាមប្រមាញ់ខ្សែបម្រើ James Rodriguez សញ្ជាតិកូឡុំប៊ី អស់រយៈពេល ជាយូរណាស់មកហើយ ឥឡូវនេះក្លឹបជើងឯក Champions League រដូវកាល ២០១៣ - ២០១៤ Real Madrid សម្រេចនាំយកកីឡាករនេះ ពីក្រុម Monaco របស់បារាំង មកកាន់កីឡាដ្ឋាន Santiago Bernabeu នាប្រទេសអេស្ប៉ាញហើយ ក្នុងតម្លៃប៉ាន់ស្មាន ៦៣ លានផោន ស្មើនឹង ១០៨ លានដុល្លារ សហរដ្ឋអាមេរិក។

កីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍ប្រកួត បាល់ទាត់ពិភពលោក នាប្រទេសប្រេស៊ីល កន្លងទៅនេះ បានយល់ព្រម ចុះកុងត្រារយៈពេល ៦ ឆ្នាំ ខណៈតម្លៃខ្លួនរបស់កីឡាករនេះ អាចនឹងឡើងទៅឈរ លំដាប់លេខរៀងទី ៥ នៃតារាងកីឡាករថ្លៃជាងគេបង្អស់ តាមពីក្រោយកីឡាករ Gareth Bale, Cristiano Ronaldo, Neymar និង Luis Suarez។

រំលឹកពីអតីតរបស់កីឡាករនេះ មុនដំបូងគឺលេងឲ្យក្រុម FC Porto របស់ព័រទុយហ្កាល់ អស់រយៈពេល ៣ រដូវកាល (២០១០-២០១៣) ដោយបង្ហាញវត្តមាន បាន ៦៣ ប្រកួត និងរកគ្រាប់បាល់បាន ២៥ គ្រាប់។ ក្រោយមកទើបក្រុម Monaco របស់បារាំង ទិញយក ក្នុងតម្លៃ ៦០ លានដុល្លារសហរដ្ឋអាមេរិក។ កីឡាករនេះ បង្ហាញវត្តមានអោយ Monaco បាន ៣៤ ប្រកួត រកបាន ៩ គ្រាប់ ជួយអោយក្រុមបារាំងមួយនេះ បញ្ចប់រដូវកាលមុន ដោយឈរនៅលេខរៀងលេខ ២ ក្នុងតារាង League 1 របស់បារាំង។


គួរបញ្ជាក់ផងដែរថា Real Madrid ក៏ទើបតែទិញបាន Toni Kroos ពីក្រុម Bayern Munich ក្នុងតម្លៃ ២៤ លានផោនផងដែរ ហើយ James Rodriguez ទៀតសោត នឹងចូលរួមហ្វឹកហាត់ ជាមួយក្រុមអេស៉្បាញមួយនេះ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៤ ដោយពាក់អាវលេខ ១០ ដែលជា អតីតលេខអាវ របស់កីឡាករ Mesut Ozil។


-       Real Madrid –

កីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេ នៅព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក James Rodriguez មួយនេះ នឹងជួយពង្រឹងប្រព័ន្ធប្រយុទ្ធ របស់លោក Carlo Ancelotti អោយកាន់តែមានប្រសិទ្ធភាព ថែមទៀត បន្ថែមពីលើខ្សែបម្រើ ស្លាបទាំងពីរ Cristiano Ronaldo និង Gareth Bale ដោយគ្រាន់តែ តម្លៃខ្លួនកីឡាករទាំង ៣ នាក់ បូកសរុបចូលគ្នា មានតម្លៃប្រមាណជាង ៣៥៥ លានដុល្លារសហរដ្ឋអាមេរិក ពោលគឺច្រើនជាង ចំណាយដែលក្រុម Ajax របស់ហូឡង់ ចំណាយចាប់តាំងពីឆ្នាំ ១៩០០ មក ដោយមានចំនួនសរុប មកទល់ពេលនេះ ត្រឹមតែ ៣១២ លានដុល្លារ សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។


វត្តមានរបស់កីឡាករ James Rodriguez នាទឹកដី Santiago Bernabeu នឹងជះឥទ្ធិពលជាខ្លាំង ទៅលើបណ្តាកីឡាករលំដាប់ ពិភពលោក ជាច្រើនឯទៀត ដូចជា ខ្សែប្រយុទ្ធបារាំង Karim Benzema, ខ្សែបម្រើអាល្លឺម៉ង់ Sami Khedira និងខ្សែបម្រើអាហ្សង់ទីន Angel di Maria ជាដើម។

ទោះបីជាហង្សក្រហម Liverpool ប្រឹងប្រែងរកខ្សែប្រយុទ្ធជាច្រើន ជំនួស ខ្សែប្រយុទ្ធ Luis Suarez ដែលផ្ទេរទៅកាន់ Barcelona ដោយទិញខ្សែប្រយុទ្ធជាច្រើនដូចជា ខ្សែប្រយុទ្ធអង់គ្លេស Rickie Lambert, ខ្សែប្រយុទ្ធវ័យក្មេងបែលហ្សិច Divock Origi ពី Lille, ខ្សែប្រយុទ្ធ Loic Remy ពីក្រុម QPR ក៏ដោយ ក៏លោក Brenden Rodger នៅតែត្រូវការស្វែងរក ខ្សែប្រយុទ្ធលំដាប់ថ្នាក់ ពិភពលោកម្នាក់ទៀតដែរ ដោយព្យាយាមប្រមាញ់ Karim Benzema ជាខ្លាំង ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះ មកកាន់ទឹកដី Anfield នារដូវកាលក្រោយ។


ចំណែកឯតោខៀវ Chelsea និងកាំភ្លើងធំ Arsenal វិញកំពុងតែព្យាយាម ដណ្តើមគ្នាទិញ Sami Khedira ខណៈ Angel di Maria ក៏ទាក់ទាញចំណាប់អារម្មណ៍ ពីក្រុមធំៗជាច្រើនដូចជា បិសាចក្រហម Man Utd និង Liverpool របស់អង់គ្លេស ព្រមទាំង PSG របស់បារាំង ផងដែរ។

 

ប្រភព៖ មេត្រូ, បរទេស, យ៉ាហូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]