ជប៉ុន៖ ផលិតផលថ្មី របស់ក្រុមហ៊ុនតូយ៉ូតា មានឈ្មោះថា i-ROAD បានបង្ហាញខ្លួន ជាសាធារណៈ នៅតាមផ្លូវ នៅក្នុងប្រទេសជប៉ុន ដែលមាន រាងតូច គួរឲ្យស្រលាញ់ និងមានពណ៌ស្រស់ស្អាត ជាយានជំនិះតូច ដែលធ្វើឡើង ជាមួយនឹងការ ការពារបរិស្ថាន ក្នុងទីក្រុងផងដែរ។

រថយន្តម៉ូដថ្មី របស់ក្រុមហ៊ុនតូយ៉ូតានេះ ត្រូវបានធ្វើឡើង មានរាងតូច មានភាពបត់បែន និងងាយស្រួល ដូចម៉ូតូដូច្នោះដែរ។ រថយន្តតូចនេះ អាចដំណើរការបាន ដោយប្រើកម្លាំង អគ្គិសនីទាំងស្រុង ដែលគ្មានសម្លេងរំខាន និងមិនមានឧស្ម័ន ប៉ះពាល់ដល់បរិស្ថាន។ រថយន្តថ្មី មួយប្រភេទនេះ ត្រូវបានក្រុមហ៊ុនតូយ៉ូតា ដាក់តាំងបង្ហាញតាំង ពីឆ្នាំ២០១៣មកម្ល៉េះ ដោយបានរចនាឡើង សម្រាប់ការធ្វើ ដំណើរផ្លូវជិត នៅក្នុងទីក្រុង ដោយអាចជិះបាន២នាក់ អ្នកបើកនៅខាងមុខ និងម្នាក់ទៀតនៅខាងក្រោយ។ លក្ខណៈពិសេសរបស់ i-ROAD គឺសមស្របទៅនឹង ប្រទេសជប៉ុនដែល មានផ្លូវ និងកន្លែងចតរថយន្ត មានលក្ខណៈ តូចចង្អៀត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនតូយ៉ូតា បានដាក់រថយន្ត i-ROAD នេះ ឲ្យប្រជាជនជប៉ុន បើកសាកល្បង នៅក្នុងទីក្រុងតូក្យូ ហើយអ្នកដែលមាន សំណាង បានសាកជិះរថយន្ត i-ROAD បាននិយាយថា រថយន្ត i-ROAD មានចំណុចសំខាន់មួយ ក្នុងចំណោម លក្ខណៈពិសេស ជាច្រើនគឺ វាមានរាងតូច ប៉ុន្តែពេញលក្ខណៈជារថយន្ត ពួកគេពិតជា រីករាយណាស់ នៅពេលដែលបានជិះ សាករថយន្តថ្មីនេះ។ យ៉ាងណាមិញ រថយន្ត តូយ៉ូតា ស៊េរីថ្មី រចនាឡើង មានរាងតូចស្រស់ស្អាត ងាយស្រួលក្នុងការជិះ នៅតាមផ្លូវតូចចង្អៀត ងាយស្រួលចត និងការពារបរិស្ថាននេះ នឹងដាក់លក់ ជាផ្លូវការនៅ ក្នុងខែតុលា ឆ្នាំ២០១៤ខាងមុខ នេះហើយ៕


ប្រភព៖ RocketNews24

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]