តារាចម្រៀង សុគន្ធ នីសា ខកខាន បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ នានា អស់រយៈពេលជាច្រើនខែ ក្រោយពី នាងចាកចេញពីផលិតកម្មហង្សមាស  ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបស្រស់ ម្នាក់នេះត្រៀមខ្លួនលេចមុខ ជាមួយ បទចម្រៀងថ្មីៗ និង ស្ទីលប្លែកៗដែលមាននៅក្នុងផលិតកម្ម Town នៅក្នុងកំលុងខែកុម្ភៈនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សុគន្ធ នីសា នៅ តែមិនផ្លាស់ប្តូរ ពោលគឺនាងនៅតែមិនផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានដូចមុនដដែល ។ គេរង់ចាំមើលថា តើទៅថ្ងៃក្រោយ សុគន្ធ នីសា នឹង ជ្រើសយកនរណាជាអ្នកនាំពាក្យរបស់នាង ពីព្រោះកាលពីនៅត្រូវរ៉ូវគ្នា ជាមួយលោក សុខ ជំនោរ គឺលោក សុខ ជំនោរ ជាអ្នកនាំពាក្យរបស់នាង ។

គេនៅចាំបានថា ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ គេកម្រឃើញ សុគន្ធ នីសា ផ្តល់បទ សម្ភាសជាមួយអ្នកកាសែតដូចសិល្បការិនីដទៃទៀតណាស់ ហើយជារឿយៗ

      លោក សុខ ជំនោរ ដែលជាអតីតគូស្នេហ៍របស់នាងតែងតែជាអ្នកនិយាយជំនួសដោយលើក 
      ហេតុផលថា សុគន្ធ នីសា មិនសូវចេះនិយាយ ។ កាលណោះមានអ្នកខ្លះយល់ថា លោក
      សុខ ជំនោរ ប្រចណ្ឌមិនចង់ឱ្យ សុគន្ធ នីសា កាន់ទូរស័ព្ទ... ប៉ុន្តែក្រោយពេលបែកគ្នាជាមួយ សុខ ជំនោរ គេជឿថា តារាចម្រៀងសុគន្ធ នីសា នឹងផ្លាស់ប្តូរមកនិយាយជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ ដូចតារាដទៃ ។ ទោះបីជាយ៉ាងនេះ ក្តីអ្នកយកព័ត៌មានយើងនៅតែមិនអាចទាក់ទងជាមួយ សុគន្ធ នីសា បានទេ ។ ក្នុងនោះអ្នកសិល្បៈម្នាក់ដែលស្និទ្ធ ជាមួយតារារូបស្រស់ម្នាក់នេះបានបង្ហើបថា “កន្លងមក មិត្តភក្តិតិចណាស់ដែលស្គាល់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ នីសា ហើយជារឿយៗនាងតែងប្រាប់ខ្ញុំថា បើមានគេសួរពីលេខរបស់នាងកុំប្រាប់ តែក្នុងនោះនាងមិនបញ្ជាក់ពីហេតុផលទេ” ។

      រហូតមកដល់ពេលនេះ សុគន្ធ នីសា ថតបទចម្រៀងថ្មីៗឱ្យផលិតកម្ម ថោន បានប្រមាណជា ១០ បទ ដែលមានដូចជាបទ “មួយនាទីនៅក្បែរបង” , “បងនឹកគេដល់ថ្នាក់ចង់ឈឺ” , “ឈឺចាប់ យ៉ាងនេះម្តេចមិនស្លាប់ទៅ” , “លៀសហាល ៥០០” និង បទ “សង្ឃឹមមួយខែទៀតបងនឹងអាចភ្លេច អូន”ដែលនាងច្រៀងរួមគ្នាជាមួយលោក ករុណា ពេជ្រ ជាដើម ។ លោក ករុណា ពេជ្រ ដែលត្រូវគេ ដឹងថា ជាបងប្អូនធម៌ជាមួយ សុគន្ធ នីសា បានឱ្យដឹងថា សុគន្ធ នីសា ត្រៀមនឹងចេញមុខតាមកញ្ចក់ ទូរទស្សន៍នានា ដើម្បីឃោសនាបទចម្រៀងថ្មីៗរបស់នាងដែលនឹងចេញលក់​ នៅលើទីផ្សារនៅដើមខែ កុម្ភៈនេះ ។ កន្លងមកនៅក្នុងផលិតកម្មហង្សមាស លោក សុខ ជំនោរ តែងសម្រិតសម្រាំងបទចម្រៀង ពីរោះៗសម្រាប់ សុគន្ធ នីសា ។ ដោយឡែកនៅក្នុងទ្រនំថ្មីនេះគេមិនទាន់ដឹងថា តើបទចម្រៀងរបស់ តារាចម្រៀងរូបនេះនឹងមានការទាក់ទាញក៏ដូចជាទទួលបានការគាំទ្រពីសំណាក់យុវវ័យកម្រិតណាទេ។ បើតាមសម្តីលោក ករុណា ពេជ្រ បានអះអាងថា“បទថ្មីៗរបស់ នីសា ពិតជាមានលក្ខណៈប្លែកខុសពី បទមុនៗដែលនាងធ្លាប់ច្រៀង មើលទៅមានភាពក្រមិចក្រមើមដែលត្រូវទាំងយុវវ័យ និង វ័យ កណ្តាល”។ គេមិនទាន់ដឹងថាសម្រាប់ឆ្នាំ ២០១២ តើ សុគន្ធ នីសា ឬ មាស សុខសោភា ជាតារា ចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្ម Town ?

      បើទោះជាកន្លងមកមានព័ត៌មានថា សុគន្ធ នីសា បែកបាក់ជាមួយកវីនិពន្ធ សុខ ជំនោរ ដោយ សារមានជនទីបីជ្រៀតជ្រែកក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះគេមិនដែលឃើញនាងបណ្តើរ បុរសណាជាសាធារណៈដូចកាលនាង និង អតីតគូស្នេហ៍ សុខ ជំនោរ ឡើយ ៕

ដកស្រង់ពី ភ្នំពេញដេលី

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា