រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តីប្រកប​របរ​ផ្លូវ​ភេទ​ចំនួន​៦នាក់ ត្រូវ​អាជ្ញាធរ​ខណ្ឌទួល​គោកឃាត់​ខ្លួន​កាលពីវេលា​ម៉ោង១១​និង៣០យប់​ថ្ងៃទី១២​​ មិថុនា ខណៈ​ស្រ្តីទាំង​នោះឈរ​បោយដៃ​ហៅ​ម៉ូយនៅ​តាមដង​ផ្លូវធ្វើ​ឱ្យ​បាត់បង់​សណ្តាប់​ធ្នាប់​សាធារណៈរួច​ហើយ​ក៏​បញ្ជូន​ទៅកាន់​មន្ទីរសង្គម​កិច្ច​រាជធានី​ ព្រឹក​ថ្ងៃទី១៣​​ មិថុនា ​​។

តាមមន្រ្តី​ប៉ូលិស​ឱ្យ​ដឹងថា​ ស្រ្តី​ប្រកបរបរ​ផ្លូវភេទ​ទាំងនេះ​ត្រូវបាន​គណៈបញ្ជា​ការឯក​ភាព​ខណ្ឌ​ទួលគោក​ដឹកនាំដោយ​លោកសាំង​ សុភៈ​វិចិត្រ​ អភិបាល​រងខណ្ឌ​ ចុះចាប់​ប្រមូល​នៅតាម​ដង​ផ្លូវនានា​ពេលដែល​ស្រ្តីទាំង​នោះ​ឈរ​​បោយ​ដៃ​ហៅ​ម៉ូយធ្វើ​ឱ្យបាត់បង់​សណ្តាប់​ធ្នាប់​សាធារណ​ៈ​។ ​ស្រ្តីទាំង​នោះមាន​៣នាក់​ត្រូវ​​បាន​ឃាត់​ខ្លួន​​​នៅ​តាម​ផ្លូវលេខ​២៧៣​(ទំនប់​ទួលគោក​) សង្កាត់​បឹងកក់​ទី១​ និង៣​នាក់ទៀត​ឃាត់​ខ្លួន​នៅ​តាម​ផ្លូវលេខ​៥៩៨​ តំបន់​ត្រឡោក​បែក​ក្នុងសង្កាត់​ទឹកល្អក់ទី១​ ​ខណ្ឌទួល​គោក ​។   

គួររំលឹក​ថា ​បញ្ហា​ស្រ្តី​ប្រកបរបរ​ផ្លូវភេទ​ជា​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ ដែល​កន្លង​មកស្រ្តីទាំង​នោះត្រូវ​​សមត្ថ​កិច្ច​ចាប់​ប្រមូល​​បញ្ជួន​ទៅអប់រំជាច្រើន​លើកមក​ហើយ​  ប៉ុន្តែ​​​ស្រ្តីទាំង​នោះបាន​ត្រឡប់មក​វិញបន្ត​ប្រកប​របរលក់ខ្លួន​ដដែល ហើយ​ឈរបោយ​ដៃធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​តាមដង​ផ្លូវនិង​ប៉ះពាល់​ដល់​​វប្បធម៌​និងប្រពៃ​ណីខ្មែរ ​។ មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា​ ការចាប់​ប្រមូល​ស្រ្តី​ប្រកបរបរ​ផ្លូវភេទ​ដូចវែក​ចក ។ ​បើសិន​មិនចាប់​ឬ​មិន​ចុះរៀប​ចំសណ្តាប់​ធ្នាប់​ទេ នៅតាម​ដង​ផ្លូវ​ខ្លះ​នា​ពេល​យប់​គឺជាទីផ្សារ​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​ឈរ​បោយ​ដៃ​ប្រសេច​ប្រសាច​យ៉ាង​អ​នា​​ធិប​តេយ្យ​បំផុត ។

នៅក្នុង​ខណ្ឌទួល​គោក មាន​កំណាត់ផ្លូវ​ចំនួន៤​ជា​តំបន់ដែល​ស្ត្រីរកស៊ី​ផ្លូវភេទ​ឈរបោយ​ដៃគឺ​វិថី​ព្រះ​មុនីរ៉េតក្បែរ​សណ្ឋាគារ​ឈូក​ទិព្វ​​ ក្នុង​សង្កាត់​ផ្សារដើមគ​​ ផ្លូវលេខ​​២៧១​​គល់ស្ពាន​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡាង ផ្លូវលេខ​៥៩៨​(ត្រឡោក​បែក)​សង្កាត់​បឹងកក់​ទី២​ និង​សង្កាត់​ទឹក​ល្អក់​ទី១ និងផ្លូវ​លេខ២៧៣​ ទំនប់​ទួល​គោក​សង្កាត់​បឹងកក់ទី​១ ខណ្ឌទួល​គោក ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]