រាជធានីភ្នំពេញ ៖ ទិន្នន័យផ្លូវការ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ប្រដាល់អន្តរជាតិ Thai Fight ដែលនឹងធ្វើឡើង នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង នោះមាន ភាពច្បាស់លាស់ តែពេលវេលា និងឈ្មោះកីឡាករ កម្ពុជាទាំង៤រូប ប៉ុណ្ណោះគឺ កីឡាករ សេន ប៊ុនថេន កីឡាករ វង្ស ណយ កីឡាករ សែន រ៉ាឌី និងកីឡាករ កែវ រំចង់ ដែលនឹងឡើង ប្រកួតតំណាង ឱ្យប្រទេសកម្ពុជា ។

វត្តមានរបស់កីឡាករកម្ពុជា ទាំង៤ត្រូវគេ រំពឹងយ៉ាងខ្លាំងថា នឹងធ្វើឲ្យ ការប្រកួត លើកដំបូង របស់ព្រឹត្តិការណ៍ Thai Fight ដែលកន្លងមក ធ្លាប់បង្ហាញខ្លួន នៅក្នុង ទីក្រុងម៉ាកាវ ប្រទេសចិន និងនៅក្នុង ប្រទេសហ្វ៊ីលីពីន ជាដើម កាន់តែទទួល ការចាប់អារម្មណ៍ ក្នុងចង្កោម មហាជនខ្មែរ។ វេទិកានេះ នឹងរៀបចំឡើង នៅបរិវេណកោះពេជ្រ នាថ្ងៃសៅរ៍ ទី១៦ សីហា ដែលនៅសល់ តែរង្វង់១ខែ ទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើមឡើង ។ យ៉ាងណាក៏ដោយ សមាសភាព កីឡាករថៃ និងកីឡាករ ជាជនជាតិ ផ្សេងទៀត នៅមិនទាន់ ត្រូវបានបញ្ចេញ នៅឡើយទេ ដោយគ្រាន់តែ មានការសន្និដ្ឋាន ថាវត្តមាន របស់ភាគីថៃ គឺពិតជាជើងខ្លាំង ដើម្បីរំលេច វេទិកាដែលថៃ ជាអ្នករៀបចំ ក្នុងបំណង ផ្សព្វផ្សាយ ក្បាច់ប្រដាល់ របស់ខ្លួនឲ្យ អ្នកទស្សនានៅ ទូទាំងពិភពលោក មើលឃើញថា ជនជាតិ របស់គេខ្លាំង ។

សមាសភាពកីឡាករថៃល្បីៗ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួន នៅក្នុងវេទិកានោះ ដែលនឹងអាច ក្លាយជា ឧបសគ្គធំមួយ សម្រាប់កីឡាករ កម្ពុជាទាំង៤រូប ។ ការប្រកួតនោះ ត្រូវគេអះអាងថា មានការផ្សាយផ្ទាល់ តាមកញ្ចក់ ទូរទស្សន៍បាយ័ន និងប៉ុស្តិ៍លេខ៥ ខណៈដែល បណ្ដាញទូរទស្សន៍ របស់ថៃ និងប៉ុស្ដិ៍អន្តរជាតិ ផ្សេងទៀតក៏ ត្រូវគេអះអាងថា បានដាក់ពាក្យ សុំសិទ្ធិផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះ ទៅកាន់ពិភពលោក ដូចគ្នា ។ មន្ត្រីសហព័ន្ធ កីឡាប្រដាល់កម្ពុជា បានអះអាងថា សមាសភាព កីឡាករកម្ពុជា មិនមាន ការប្រែប្រួលឡើយ បន្ទាប់ពីមើល ឃើញថា កីឡាករ សេន ប៊ុនថេន កីឡាករ សែន រ៉ាឌី កីឡាករ វង្ស ណយ និងកែវ រំចង់ គឺជាជើងខ្លាំង ដែលកម្ពុជា រំពឹងថានឹងឈ្នះ សម្រាប់ការប្រកួត ។

មន្ត្រីពាក់ព័ន្ធនិយាយថា តាមរយៈព្រឹត្តិការណ៍ Thai Fight ដែលមកធ្វើនៅក្នុង ប្រទេសកម្ពុជា ក្បាច់គុនរបស់ខ្មែរ និងកេរ្តិ៍ឈ្មោះ របស់ប្រទេសខ្មែរ នឹងកាន់តែ មានគេស្គាល់ ។ ទោះបីយ៉ាងណា ព្រឹត្តិការណ៍មួយនេះ ក៏ទំនងជាធ្វើ ឲ្យពិភពលោក យល់ច្រឡំថា ខ្មែរជាអ្នកចម្លង ក្បាច់គុនប្រដាល់ របស់ថៃផងដែរ ដោយសារក្បាច់គុន របស់ជនជាតិទាំងពីរ មានភាពប្រហាក់ ប្រហែលគ្នា ដែលតាមពិតនោះ ថៃជាអ្នកចម្លង តាមក្បួនខ្នាត របស់ខ្មែរ ដោយយក ទៅកែច្នៃ ហើយមានលទ្ធភាព ផ្សព្វផ្សាយ ទៅកាន់ពិភពលោក ឲ្យគេស្គាល់ ក្បាច់គុន ថៃ ឬ Mouy Thai ច្រើនជាងម្ចាស់ដើម គឺកម្ពុជា ។ ទោះជាមាន ការបកស្រាយថា ព្រឹត្តិការណ៍ Thai Fight នៅពេលធ្វើឡើង នៅក្នុងប្រទេសណា ក៏តម្រូវឲ្យ ដាក់ឈ្មោះតំបន់ ឬឈ្មោះប្រទេស ដែលជាម្ចាស់ផ្ទះ នៅពីក្រោយ ក៏លក្ខខណ្ឌ សម្រាប់ ប្រទេសកម្ពុជា គឺមិនដូច ប្រទេសទាំងនោះឡើយ ដោយសារតែវប្បធម៌ និងក្បាច់គុន របស់ខ្មែរ ស្ទើរទាំងអស់ ត្រូវថៃលួចចម្លង ហើយយកទៅ ផ្សព្វផ្សាយ ឲ្យអន្តរជាតិ ដឹងឮមុន ។

អីុចឹងហើយ ទើបមានការរិះគន់ ច្រើនគួរសមថា ហេតុអ្វីព្រឹត្តិការណ៍នោះ មិនដាក់ថា Cambodia-Thai Fight ដើម្បីលើក មុខមាត់ ម្ចាស់ប្រទេស ជាអ្នករៀបចំ ។ ងាកមកកាន់ សមាសភាព កីឡាករកម្ពុជា ទាំង៤រូបវិញ ពួកគេប្រាប់ថា ត្រៀមខ្លួនរួចហើយ ដើម្បីយកឈ្នះ លើគូប្រកួត នៅលើសង្វៀន Thai Fight បើទោះជា សមាសភាពដែល ពួកគេត្រូវជួប នៅមិនទាន់ មានការបញ្ជាក់ ចេញពីអ្នករៀបចំ ការប្រកួតនៅឡើយ ។ ប្រភពពី គណៈកម្មការ របស់ថៃប្រាប់ថា ក្នុងចំណោមកីឡាករ កម្ពុជា៤រូប នឹងមានតែ ២នាក់ប៉ុណ្ណោះ ត្រូវប៉ះជាមួយ ជើងខ្លាំងរបស់ថៃ ខណៈដែល ការប្រកួតផ្សេងទៀត គឺភាគីថៃ តម្រូវឲ្យកម្ពុជា ប៉ះជាមួយ ជនជាតិផ្សេង ច្រើនជាង ដើម្បីកុំឲ្យ អ្នកជំនាញក្បាច់គុន ទាំងពីរ ប្រឈមមុខគ្នា តានតឹង គ្រប់គូពេក ។ ព្រឹត្តិការណ៍នេះ ត្រូវគេរំពឹងថា នឹងមានការ ចាប់អារម្មណ៍ពិសេស ប្រសិនបើការ ត្រៀមខ្លួនរបស់ កីឡាករកម្ពុជា ទាំង៤រូប ស្រាប់តែឈ្នះ ច្រើនជាងចាញ់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]