បន្ទាប់ពីត្រលប់មកពីព្រឹត្តិការណ៍ World CUP ដោយនាំមកវិញនូវ ពានរង្វាន់ពិភពលោករួចមក ឥឡូវមកដល់ពេលដែលកីឡាករ Sami Khedira ត្រូវគិតគូពីអនាគតរបស់ខ្លួនវិញម្តង ដោយមានក្រុម ខ្លាំងៗពីរ មកពីក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស ប្រជែងគ្នាទិញនោះគឺ ក្រុមកាំភ្លើងធំ Arsenal និងក្រុមតោខៀវ Chelsea។


ក្រុមកាំភ្លើង Arsenal កំពុងតែស្ទាក់ស្ទើរ ចំពោះសំណើរប្រាក់ខែ របស់ខ្សែបម្រើ វ័យ ២៧ ឆ្នាំរូបនេះ ដោយ Khedira ចង់បាន ១៥០ ០០០ ផោនក្នុងមួយសប្តាហ៍ ដែលនេះគឺជាអ្វីដែល Arsenal មិនអាចបំពេញបំណងបាន ដោយសារតែ Arsenal ទើបតែចំណាយប្រាក់ ៣៥ លានផោន ក្នុងការទិញយកខ្សែបម្រើស្លាបឆីលី Sanchez ពីក្រុម Barcelona នោះទេ ហើយប្រាក់ខែខ្ពស់បំផុត ក្នុងក្រុមនេះទៀតសោត គឺខ្ពស់ជាងកីឡាករឆ្នើម ទាំងពីរក្នុងក្រុម មានដូចជា Mesut Ozil និង Alexis Sanchez ដែលពួកគេបានត្រឹមតែ ១៣០ ០០០ ផោនក្នុងមួយសប្តាហ៍ តែប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសនេះ គ្រូបង្វឹកតោខៀវ Chelsea លោក Jose Mourihno បានយល់ព្រមផ្តល់ប្រាក់ខែ ដែល Khedira ចង់បាន ដើម្បីនាំយកកីឡាកររូបនេះ មកកាន់ទឹកដី Stamford Bridge និងបង្កើនទម្រង់លេង នៅតំបន់បម្រើផងដែរ។

 

ងាកទៅក្រុមហង្សក្រហម Liverpool វិញ លោក Brenden Rodger ត្រូវបាត់បង់ខ្សែប្រយុទ្ធមុតស្រួច Luis Suarez ដែលផ្ទេរទៅកាន់ក្លឹបអេស៉្បាញ Barcelona ក្នុងតម្លៃខ្លួនរហូតដល់ទៅ ៧៥ លានផោនឯណោះ។ ផ្ទុយទៅវិញ ក្លឹបហង្សក្រហម Liverpool មកទល់ពេលនេះ ទិញបានកីឡាករសរុបទាំងអស់ ៤ រូបរួចមកហើយ រួមមាន កីឡាករ Emre Can ពីក្រុម Bayern Leverkusen ក្នុងតម្លៃ ១០ លានផោន, កីឡាករ Rickie Lambert ៤ លានផោន និង Adam Lallana ២៥ លានផោន ទាំងពីរនេះផ្ទេរពីក្រុម Southampton ហើយកាលពីថ្មីៗនោះ ក្លឹបទើបតែប្រកាសជាផ្លូវការ នូវកីឡាករចំណូលថ្មី ខ្សែបម្រើសែប៊ី Lazar Markovic ពីក្រុម Benfica របស់ព័រទុយហ្កាល់ ក្នុងតម្លៃខ្លួន ២០ លានផោន។


គួរបញ្ជាក់ផងដែរថា គេនៅមិនទាន់ឃើញលោក Brenden Rodger ទិញខ្សែប្រយុទ្ធលំដាប់ថ្នាក់ ពិភពលោក មកជំនួសតំណែង Suarez នៅឡើយទេ ដោយថ្មីៗនេះ ទើបតែលេចលឺដំណឹងថា ក្លឹបបានចាប់អារម្មណ៍ទៅលើ ខ្សែប្រយុទ្ធដូចជា Balotelli របស់ AC Milan, Benzema របស់ Real Madrid, Marco Reus របស់ Dortmund ជាដើម។

ចំណែកឯក្រុមតោខៀវ Chelsea វិញ បន្ទាប់ពីលក់ខ្សែការពារប្រេស៊ីល David Luiz ទៅអោយក្លឹប Paris St-Germain បាន ៥០ លានផោនរួចមក គ្រូបង្វឹក លោក Jose ទិញបានខ្សែបម្រើឆ្នើម Cesc Fabregas ក្នុងតម្លៃ ៣០ លានផោនពីក្រុម Barcelona, ខ្សែបម្រើវ័យក្មេងរបស់ក្រូអាត Mario Pasalic ពីក្រុម Hajduk Split និងថ្មីៗនេះ ទើបតែប្រកាសជាផ្លូវការ នូវខ្សែប្រយុទ្ធចំណូលថ្មី Diego Costa ពីក្រុម Atletico Madrid ក្នុងតម្លៃ ៣២ លានផោនផងដែរ៕

សូមរង់ចាំព័ត៌មានបន្តៗទៀត នៅអត្ថបទក្រោយ!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]