លិខិតមិត្តអ្នកអាន៖ ក្នុងវិស័យសិល្បៈ ចម្រៀងខារ៉ាអូខេខ្មែរ បច្ចុប្បន្ន ដែលបានផលិតឡើង ដោយផលិតកម្ម ធំៗជាច្រើនក្នុង ប្រទេសកម្ពុជា ហាក់កំពុងតែ បង្ហាញឲ្យឃើញពី របទមួយបញ្ច្រសទិសគ្នា ពីប្រពៃណីទំនៀម ទម្លាប់ដ៏ផូរផង់របស់ ខ្មែរ ហើយហាក់បីដូចជា កំពុងតែផ្ទុយស្រឡះ ពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល បានដាក់ ចេញនូវ គោលនយោបាយ ភូមិ -ឃុំមានសុវត្ថិភាព ដោយគេបានសង្កេតឃើញ យ៉ាងច្បាស់ក្រឡែតថា ក្នុងបទចម្រៀង ខារ៉ាអូខេជាច្រើន ខណៈកំពុងតែ បញ្ជ្រាបចូលក្នុង ផ្នត់គំនិត យុវវ័យបច្ចុប្បន្ននេះ បានស្តែងឲ្យ ឃើញពីសភាព និងកាយវិការ ភ្លើតភ្លើនទៅៗ ឃើញពីភាពអសីលធម៌ របស់យុវវ័យ ដូចជា ការធ្វើ អត្តឃាតខ្លួនឯង ដោយលោតទឹក លោកពីលើផ្ទះថ្ម រត់ចូលឡាន ចាក់សម្លាប់ គ្នាទៅវិញទៅមក អំពើពាលាអាវ៉ាសែ វាយគ្នាតាមដងផ្លូវ ដែលអ្នកនិពន្ធ និងអ្នកដឹកនាំ សម្តែង តែងតែបង្ហាញឡើង ក្នុងឈុតខារ៉ាអូខេ ពិសេសបទកំពុងតែ ពេញនិយមក្នុង ស្រទាប់យុវវ័យ នៅពេលនេះ ។

ដោយឡែក អត្ថន័យក្នុងបទចម្រៀងមួយចំនួននោះទៀតសោត វាពុំបានបង្ហាញ ពីការអប់រំ ដល់មនុស្ស ដល់អ្នកស្តាប់ សម្រាប់ការគិត ពិចារណាអ្វីបន្តិចសោះឡើយ ពោលខ្លឹមសារ ចម្រៀងចាប់តាំងពីដើម រហូតដល់ចប់គ្មានអ្វី ក្រៅតែពីការ បង្ហាញឲ្យឃើញ ពីស្នេហាដ៏រោលរាល ស្រីក្បត់ប្រុស ប្រុសក្បត់ស្រី យំយែកពិបាកចិត្ត ក្នុង រឿងស្នេហា និងខ្លះទៀត បង្ហាញឲ្យឃើញពី សកម្មភាពស្នេហា ក្នុងវ័យសិក្សារបស់យុវវ័យ ដែលសង្គមខ្មែរ ពុំដែល ឲ្យតម្លៃ អ្វីបន្តិច សោះឡើយ ។
ជាកាពិតណាស់ បទចម្រៀងនីមួយៗ គឺមានមនុស្សស្តាប់ មានមនុស្សទស្សនា មិនតិចនោះទេ ហើយតាមរយៈ បទចម្រៀង ទាំងអស់នេះ គឺជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់ជាថ្នាល បណ្តុះគំនិត អ្នកទស្សនា ឲ្យមានការ គិតពិចារណា និងយល់ច្បាស់ពី ទិដ្ឋភាពនៃសង្គម ហើយក៏ជាផ្នែកមួយ ដែលសតិអារម្មណ៍ របស់មនុស្ស ងាយ នឹងចាប់ជាទីបំផុត ពិសេសយុវវ័យនេះឯង ។

តាមរយៈសកម្មភាពរបស់បទ ចម្រៀងខារ៉ាអូខេ ទាំងអស់នេះ វាអាចជារូបភាពមួយ អន្ទងអារម្មណ៍ ដល់យុវវ័យ ឲ្យមានកាយវិការ ភ្លើតភ្លើន ស្រើបស្រាល ជម្រុញ ឲ្យពួកគេ ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការមានស្នេហា ក្នុងវ័យសិក្សា មានបងតូចបងធំ មានសកម្មភាព បាញ់បោះសេរី កើតឡើង បើកបរក្នុង ឥរិយាបថ គ្រោះថ្នាក់ ទោះបីជារូបភាពនេះ ស្ថិតក្នុងសភាព ដោយផ្ទាល់ ឬ ដោយប្រយោលក្តី ដែលសកម្មភាព ខុសប្រក្រតី ទាំងអស់នេះ សមត្ថកិច្ចក៏ដូចជា រាជរដ្ឋាភិបាល កំពុងតែព្យាយាម លុបបំបាត់ ។
មហាជនជាច្រើន បានកើតជាចម្ងល់ថា ហេតុអ្វីស្ថាប័នដែលពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ថា តើក្រសួង បានពិនិត្យ និងពិចារណាបាន ល្អិតល្អន់ ដែរឬទេ មុននឹងអនុញ្ញាតឲ្យបទ ចម្រៀងទាំងអស់នេះ ចេញលក់ នៅលើទីផ្សារ ? ឬ មួយក៏មន្រ្តីពាក់ព័ន្ធ ក្នុងក្រសួង កំពុងសើមមាត់សើមក បានកម្រៃក្រៅផ្លូវការខ្លះៗ ពីផលិតកម្ម ទាំងអស់នេះ ទើបចេះតែអនុញ្ញាតឲ្យ ចេញផ្សាយជាបន្តបន្ទាប់ មិនបានគិត ពីផលប៉ះពាល់ដល់សង្គម ?

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]