រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​កំពុង​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ និង​ក្តោប​ក្តាប់​​ប្រជា​ប្រិយ​ភាព​ជាតារា​ចម្រៀង​កំពូល​​ក្នុង​ផលិត​​កម្ម​ សាន់ដេ​នោះ តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក​ខេមរៈ សិរីមន្ត ​នា​ពេល​ថ្មីៗ​នេះ​បាន​លេច​ឮ​នូវ​ព័ត៌​មាន​​ពី​មាត់​មួយ​ទៅ​មាត់​មួយថា តារា​ចម្រៀង​​រូបនេះ​​និង​ប្អូន​ស្រី គឺ​ខេមរៈ ​ស្រីពៅ ​គ្រោង នឹង​ចាក​​ចេញពី​ទ្រនំ​ចាស់​​ទៅ​កាន់​ផលិត​កម្ម​ថ្មី​ដែល​អាច​ជា​ផលិត​កម្ម​ ហង្ស​មាស ។

ប្រភព​ក្រៅ​ផ្លូវ​ការ​បាន​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ប្រជា​ប្រិយ​ភាព​របស់​សិរី​មន្ត កាន់​​តែ​ល្បី​ខ្លាំង​ឡើងៗ​នោះ​​ លោក​ក៏​មាន​បំណង​​ជួយ​ជំរុញ​ប្អូន​ស្រី​​របស់​លោក​ឱ្យ​មាន​កេរ្តិ៍​ឈ្មោះ​ បោះ​សំឡេង​​ក្នុងវិស័យ​សិល្បៈ​ចម្រៀង​នេះ​ផង​ដែរ ។ ​តែ​អ្វីដែល​​លោក​រំពឹង​ទុក​នោះ​ បែរ​ជា​​ផ្ទុយ​ស្រឡះ​ដោយ​សារតែ​ផលិត​កម្ម​សាន់ដេ ហាក់​មិន​សូវ​ជួយ​ជ្រោម​ជ្រែង​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះ​របស់​​ប្អូន​ស្រី​ លោក ដូច​តារា​ចម្រៀង​ស្រីឯ​ទៀត ដូចជា ​សុខ ពិសី និង​អ៊ីវ៉ា ដែល​ស្ថិតក្នុង​​ទ្រនំ​តែ​មួយ ។

ប្រភព​​ដដែល​បាន​បន្ត​ថា រឿង​រ៉ាវ​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​សិរី​មន្ត ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​ខាង​ផលិត​កម្ម​ ហើយ​មាន​គម្រោង​​ដឹកដៃ​ប្អូន​ស្រី​ចាក​ចេញពី​ទ្រនំ​សាន់​ដេ ទៅ​រក​ផលិត​កម្ម​ថ្មី​មួយ​ទៀត ត្រូវ​បាន​គេ​ផ្តោត​ថា ជា​ផលិត​កម្ម​​ហង្ស​មាស ដែល​លោក​សង្ឃឹម​ថា ​នឹង​អាច​ជួយ​ស្តារ​កេរ្តិ៍​ឈ្មោះ​ប្អូន​ស្រី​​របស់​លោក​ឱ្យ​មាន​កេរ្តិ៍​ ឈ្មោះ​ល្បី​ល្បាញ​ដូច​តារា​ចម្រៀង​ស្រីដទៃ​​ទៀត ។

​ប៉ុន្តែ​ជុំវិញ​បញ្ហា​​ខាង​លើ​នេះ លោក​ខេមរៈ ភារុណ ដែល​ជា​បង​ប្រុស​បង្កើត និង​ជា​អ្នក​នាំ​ពាក្យ​ឱ្យ​តារា​ចម្រៀង​ខេមរៈ ​សិរី​មន្ត ​នោះ​ បាន​បក​ស្រាយ​ជា​មួយ​កោះ​សន្តិ​ភាព​​តាម​រយៈ​​ទូរស័ព្ទ​​កាល​ពី​ថ្ងៃទី​១៣ ​មិថុនា ​នេះថា ជុំវិញ​​ពាក្យ​ចចាម​​អារ៉ាម​ដែល​បាន​កើត​​ឡើង​លើ​ប្អូន​របស់​លោក​នេះ គឺ​​លោក​មិន​បាន​​ដឹង​ទាល់តែ​សោះ។ ​លោក​បន្ត​ថា ចំពោះ​រូប​លោក​ផ្ទាល់​​ លោក​ក៏​ចង់​ដឹង​ថា ​តើ​ប្រភព​ដែល​​លេច​ឮ​នេះ​ចេញ​មក​ពី​ណា​ ហើយ​គេ​ប្រឌិត​ឡើង​ក្នុងបំណង​អ្វី ។ ​លោក​បញ្ជាក់ថា ​ការពិត​ប្អូន​ប្រុស​របស់​លោក​ខេមរៈ សិរីមន្ត ​មិន​មាន​​គោល​បំណង​​ណា​មួយ​ចង់​ចាក​ចេញ​ពី​​ផលិត​កម្ម​​សាន់ដេ​នោះឡើយ ខណៈ​ពេល​ដែល​​កេរ្តិ៍​ឈ្មោះ​ប្អូន​ប្រុស​របស់​លោក​កំពុង​តែ​​មាន​សន្ទុះ​​ កាន់​ តែខ្លាំង​​ក្នុង​ទ្រនំ​​មួយ​នេះ ។ លោក​បន្ថែម​ថា ​បើ​និយាយ​ថា ខេមរៈ ​សិរី​មន្ត ចាក​ចេញ​ពី​សាន់​ដេ​ទៅចូល​ផលិត​កម្ម​​ហង្ស​​មាស​នោះ​​វា​រឹត​តែ​មិន​អាច​ ទៅរួច​បាន​ឡើយ ​ព្រោះ​ផលិត​​កម្ម​ហង្ស​មាស គេ​មាន​តារា​ចម្រៀង​ល្បីៗ​របស់​គេ រួច​ទៅ​ហើយ​​ដូច​ជាលោក​ព្រាប សុវត្ថិ ​និង​កញ្ញា​ឱក សុគន្ធកញ្ញា ។ល។

​​លោក​បញ្ជាក់​ថា ប្រសិន​បើ​​សិរី​មន្ត ទៅ​ជ្រក​​នៅ​ហង្ស​មាស​នោះ អាច​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​សិរី​មន្ត ​ស្ថិត​នៅ​​ក្រោម​តារា​​ចម្រៀង​​ទាំងនោះ ខណៈ​ដែល​​សិរីមន្ត ​ស្ថិត​នៅ​ក្នុង​​លំដាប់​តារា​ចម្រៀង​កំពូល​ និង​ឈាន​មុខ​គេ​ក្នុង​ផលិត​​កម្ម​សាន់​ដេ​នោះ ។ ទោះ​បីជា​យ៉ាង​ណា​លោក​ខេមរៈ ភារុណ ​នៅតែ​អះអាង​ថា សិរី​មន្ត ​មិន​អាច​ចាក​ចេញ​ពី​​សាន់​ដេ​ឡើយ ហើយ​ពាក្យ​ដែល​​លេច​ឮ​នេះ​គឺគ្រាន់តែ​​ជា​ពាក្យ​ចរចា​អារ៉ាម​ប៉ុណ្ណោះ ។​កន្លង​មក​លោក​ក៏ធ្លាប់​​បាន​ឮ​ខ្លះ​ដែរ តែ​លោក​មិន​សូវជា​ចាប់​អារម្មណ៍ឡើយ ​ហើយ​លោក​ក៏​មិន​មាន​​ពេល​ឆ្លើយ​តប​រឿង​រ៉ាវ​​​ទាំង​នោះ​​ដែរ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ