កំពត ៖ រោងពិធីមង្គលការរបស់គ្រួសារ ក្រីក្រមួយ បានក្លាយទៅជារោងកម្ម ដោយ សារតែដល់ថ្ងៃចូលរោងការកូនកំលោះ បាន គេចទៅផ្ទះខ្លួនឯងបាត់ សូម្បីតែឪពុក ម្ដាយ របស់ខ្លួន និងសមត្ថកិច្ចទៅធ្វើការអង្វរកឱ្យ មកចូលរោង ដើម្បីក្រាបសំពះផ្ទឹមការ ក៏កូន កំលោះរូបនេះ មិនព្រមមកដែរ ។ លទ្ធផល ចុងក្រោយ កូនក្រមុំបាន សម្រេចចិត្ដក្រាប សំពះផ្ទឹមជាមួយនិងស្បែកជើង យ៉ាងក្រៀម ក្រំ និងសោកសង្រេងបំផុត ក្រោមក្រសែ ភ្នែកអាណិតអាសូរបង្ហូរទឹកភ្នែកពីអាណាព្យា បាលនិងភ្ញៀវ ដែលអញ្ជើញទៅចូលរួមផ្ដល់ កិត្ដិយស ។

រឿងរ៉ាវខាងលើនេះ បានកើតឡើងនៅ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ម្សិល មិញនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូរ ខេត្ដកំពត ដែលជាផ្ទះរបស់កូនក្រមុំតែម្ដង ។

ក្នុងនោះកូនក្រមុំ ត្រូវបានគេស្គាល់ឈ្មោះ សឿង ពុទ្ទ្រា អាយុ២១ឆ្នាំ មានមុខរបរជា កម្មការិនីកាត់ដេរ រស់នៅក្នុងបន្ទុកឪពុកម្ដាយ ដែលជាគ្រួសារក្រីក្រ ឪពុកជាមនុស្សពិការ ភ្នែកទាំងសងខាង ម្ដាយជាអ្នកដើរស៊ីឈ្នួល លាងចានឆ្នាំងឱ្យគេ នៅក្នុងពិធីផ្សេងៗ ។ ចំណែកកូនកំលោះ ដែលក្បត់ចិត្ដកូនក្រមុំរត់ ចោលរោងការ ដោយគ្មានមូលហេតុច្បាស់ លាស់នេះ ត្រូវបានគេស្គាល់ឈ្មោះគឹម សំអូន អាយុ២២ឆ្នាំ មានមុខរបរជាកម្មករ នៅការ ដ្ឋានសាងសង់វារីអគ្គិសនីទឹកឈូរ មានទីលំ នៅភូមិកំពង់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្ដកំពត ។

តាមការរៀបរាប់របស់ឪពុកម្ដាយខាង កូនក្រមុំ បានឱ្យដឹងថា រវាងកូនស្រីគាត់និង កូនកំលោះ ឈ្មោះគឹម សំអូន បានស្រឡាញ់ គ្នាជិតមួយឆ្នាំមកហើយ គឺតាំងពី រដូវភ្ជុំឆ្នាំ ២០១១មកម្ល៉េះ ។ ក្រោយស្រឡាញ់គ្នាឪពុក ម្ដាយទទួលស្គាល់ កូនកំលោះដែលមកធ្វើការ នៅការដ្ឋានក្បែរផ្ទះកូនក្រមុំនោះ ក៏បានមក រស់នៅនឹងផ្ទះ កូនក្រមុំរហូតមក ។ លុះនៅ ពេលថ្មីៗនេះ ដើម្បីបំពេញខាន់ស្លា រៀបការ តាមប្រពៃណី ក្រុមគ្រួសារទាំងសងខាងក៏ ព្រមព្រៀងរៀបមង្គលការឱ្យពួកគេ ដោយ ព្រមព្រៀងរៀបពិធីនៅថ្ងៃទី១៣ ខែមិថុនា នេះ ដោយមានសុំច្បាប់ពីអាជ្ញាធរភូមិឃុំ ត្រឹមត្រូវ ប៉ុន្ដែដោយសារតែគ្រួសារខាងស្រី ជាអ្នកមានជីវភាពខ្វះខាត គឺពិធីមង្គល ការ មិនបានគ្រោងប្រព្រឹត្ដទៅឱ្យអធិកអធមនោះ ទេ គឺគ្រាន់តែរៀបចំពិធីតាមប្រពៃណី និង អញ្ជើញភ្ញៀវចូលរួមលាងសាយភោជន៍តែ បន្ដិចបន្ដួច ទៅតាមលទ្ធភាព ដែលមាន ប៉ុណ្ណោះ ។ ស្រាប់តែដល់ថ្ងៃចូលរោងការ នៅល្ងាចថ្ងៃទី១២ មិថុនា ខណៈភ្ញៀវជិត ខាងនិងចុងភៅ ជួយរៀបចំចាត់ចែងធ្វើរោង ដាំស្លនោះ ស្រាប់តែ កូនកំលោះគេចខ្លួនចេញ ពីផ្ទះបាត់ ដោយគ្មានប្រាប់នរណាឱ្យដឹងនោះ ឡើយ ។ ក្រោយពីបាត់កូនកំលោះសាច់ញាតិ បានដើររក ចុងក្រោយទើបដឹងថា កូនកំលោះ ធ្វើដំណើរទៅនៅផ្ទះខ្លួនឯង ដោយមិនព្រម មកចូលរួមនោះឡើយ ទោះបីជាឪពុកម្ដាយ របស់ខ្លួនអង្វរកយ៉ាងណាក៏ដោយ រហូតដល់ ហៅនគរបាលឱ្យមក អញ្ជើញទៀត ក៏កូន កំលោះរូបនេះ មិនទៅចូលរួមរៀបមង្គល ការនោះដែរ គឺសំងំនៅតែក្នុងផ្ទះបិទទ្វារជិត។

ដោយសារតែកូនកំលោះមិនទៅចូលរួម ហើយដល់ថ្ងៃចូលរោងទៀត វាស្ទើរតែអង្ករ ក្លាយទៅជាបាយហើយនោះ កូនក្រមុំក៏ សម្រេចរៀបការ ដោយក្រាបសំពះផ្ទឹមជា មួយស្បែកជើង ដើម្បីបង្គ្រប់កិច្ចក្រោមការ បាចផ្កាស្លាជូនពរជ័យពីឪពុកម្ដាយទាំងសង ខាង និងញាតិជិតខាងជាច្រើនថែមទៀត។

ថ្លែងប្រាប់ដើមអម្ពិល អ្នកស្រីសោម សានីន ដែលជាម្ដាយកូនកំលោះ បានអះ អាងថា រូបគាត់ពីរនាក់ប្ដីប្រពន្ធមិនបានបង្ខិត បង្ខំកូនប្រុសមិនឱ្យ មកចូលរោងការ នោះទេ ហើយគាត់មានការអាណិតអាសូរដល់កូនស្រី យ៉ាងខ្លាំង ធ្វើម្ដេចបើកូនប្រុសរបស់គាត់ អកត្ដញូមិនស្ដាប់តាមដំបូន្មានឪពុកម្ដាយ ហើយដើម្បីបង្ហាញ ពីទឹកចិត្ដរបស់គាត់ គឺគាត់ពីរនាក់ប្ដីប្រពន្ធបានមកចូលរួមក្នុងពិធីមង្គលការនេះ តាំងពីដើមដល់ចប់ បើទោះជាអត់កូនប្រុសរបស់គាត់ក៏ដោយ ។

ជាការកត់សម្គាល់ ថ្វីត្បិតតែពិធីមង្គល ការខាងលើ អត់កូនកំលោះក៏ដោយ តែភ្ញៀវ ជិតឆ្ងាយ ដែលម្ចាស់ដើមការអញ្ជើញ គឺនាំ គ្នាមកចូលរួមយ៉ាងអធិកអធម លើសពីការ គ្រោងទុកទៅទៀត ដោយសារតែពួកគេមាន ក្ដីអាណិតអាសូរ ចំពោះគ្រួសារកូនក្រមុំ ដែលជាគ្រួសារក្រីក្រនៅក្នុងស្រុកភូមិនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ វ៉ាន់ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]