រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​​១២ មិថុនា ​មាន​ករណី​​ផ្ទុះ​អាវុធ​​ធ្វើ​ឱ្យ​​ផ្អើល​ឆោឡោ​​កក​ស្ទះ​​ចរាចរ​ប្រមាណ​​២០​ ទៅ​៣០​នាទី​​ដោយ​សារ​អ្នក​ធ្វើ​​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ចោមរោម​មើល​ ព្រម​ទាំង​ប៉ូលិស​​ចរា​ចរណ៍​ឈរ​​ជើង​នៅ​គោល​ដៅ​ជិត​​​កន្លែង​​កើតហេតុ​បាន​ ទៅ​សាក​សួរ​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​​ស្លៀក​ពាក់​ស៊ីវិល​​ថា បាញ់​ច្រើន​គ្រាប់​​រឿងអ្វី? ​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​​ប្រាប់ថា ​យើងជា​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ លោក​ឯង​ស័ក្តិ​ប៉ុន្មាន​ចេះ​មក​សួរនាំ?

ភ្លាមៗ​នេះ​ធ្វើ​ឱ្យ​ប៉ូលិស​មូល​ដ្ឋាន​ដែល​ស្លៀក​ពាក់ ​ឯក​សណ្ឋា​ន​ត្រឹមត្រូវ​ខឹង​តូច​ចិត្ត​យ៉ាង​ខ្លាំង​ក៏​​កើត​ទៅ​ជារឿង​​ឈ្លោះ ​​ប្រកែកគ្នា​​បែក​​ផ្សែង។ ​ហេតុការណ៍​នេះ​​បង្ក​ទៅជាទំនាស់​​ពាក្យ​សម្តី​រវាង​សមត្ថ​កិច្ច​ទាំង​​ពី​ ស្ថាប័ន រហូត​​ចង់​វាស់​ដី​បាញ់​គ្នា​​ទៀត​ផង ។ ​ករណី​នេះ​​កើតឡើង​​នៅ​មុខ​ធនា​គារ​អេស៊ីដា តាម​បណ្តោយ​​វិថីព្រះ​​មុនី​រ៉េត ​ស្ថិត​ក្នុង​​សង្កាត់​បឹង​សាឡាង ខណ្ឌទួល​គោក ។

​​តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ក្រសួងមហា​ផ្ទៃ​​មួយ​ក្រុម​ស្លៀក​ ពាក់​ស៊ី​វិល​​​បាន​ដេញ​ចាប់​មុខ​សញ្ញា​​ចោរ​ឆក់​​មក​ដល់​កន្លែង​កើត​ហេតុ​​ ខាង​លើ​​រួច​បាន​បាញ់​គំរាម​​ចំនួន​​៤​ទៅ​៥​គ្រាប់​​ដោយ​ប្រើ​កាំភ្លើង​ខ្លី ​ចាប់​បាន​ជនសង្ស័យ​២​នាក់ និងម៉ូតូ​១​គ្រឿង ។ បន្ទាប់​មក​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​នោះ​បាន​នាំគ្នា​​ឡើង​ជិះ​ម៉ូតូ​​​បម្រុង​ ចេញ​ទៅ​វិញ តែ​មាន​​ម្នាក់​ជ្រុះ​​បាត់​កូន​សោ​ម៉ូតូ​​​ចេញ​ទៅ​មិន​កើត ។ រវល់​​តែ​ដើរ​រក​កូន​សោ​ម៉ូតូ​ប៉ូលិស​​ចរា​ចរណ៍​ដែល​ប្រចាំ​​ការនៅ​​គោល​ដៅ​ ​ជិត​កន្លែង​កើតហេតុ​បាន​​ទៅដល់ ហើយ​​សួរ​ថា មានរឿង​អី?

​ពេល​​នោះ​ស្រាប់​តែ​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ក្រសួង​ មហា​ផ្ទៃដែល​​ស្លៀក​ពាក់​​ស៊ីវិល​​នោះ​សួរ​បក​វិញ​ថា អ្នក​​ឯង​​ស័ក្តិ​​ប៉ុន្មាន​​បាន​ជា​​​ចេះ​មក​សួរ​នាំ​ខ្ញុំ​ជា​ប៉ូលិស​ ព្រហ្ម​ទណ្ឌ​ក្រសួង​​មហា​ផ្ទៃ​? ​ពេល​ឮ​ថា ​អ្នក​ឯង​ស័ក្តិ​​ប៉ុន្មាន​​ធ្វើ​ឱ្យ​​ប៉ូលិស​ចរា​ចរណ៍​មូល​ដ្ឋាន​​ដែល​ ស្លៀក​ពាក់​ឯក​សណ្ឋា​នត្រឹមត្រូវ​​នោះ​​ខឹង​​យ៉ាង​ខ្លាំងក៏​​តប​វិញ​ថា ​ចោរ​​ ឬជន​សង្គម​ងងឹត​​ក៏​​ស្លៀក​ពាក់​ស៊ី​វិល​​មាន​វិទ្យុ​ទាក់​ទង និង​កាំភ្លើង​​ដែរ...​ដូច្នេះ​​មើល​មិន​ដឹងថា​ ជា​​សមត្ថ​កិច្ច​ ឬ​ស៊ី​វិល​ ឬ​ចោរ​នោះ​ទេ ប៉ុន្តែ​​ខ្ញុំ​ស្លៀក​​ពាក់​ឯក​សណ្ឋាន​​ត្រឹមត្រូវ​​តំណាងនគរបាល​​ជាតិរបស់​ កម្ពុជា​បំពេញ​ភារ​កិច្ច​ក្នុង​ដែន​សមត្ថ​កិច្ច​​របស់ខ្លួន​ ហេតុ​អ្វី​​ក៏​លោក​​ស្លៀក​ពាក់​ស៊ី​វិល​មក​ប្រមាថ​ខ្ញុំ ?

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]