រាជធានីភ្នំពេញ ៖ ​កម្មការិនី​​​​កាត់ដេរ​​​ស្រស់​​​​​ផូរផង់​ម្នាក់​​ត្រូវ​មិត្តភក្តិ​របស់នាង​​ចូលទៅជះ​ទឹក​អាស៊ីត​​​ដាក់បណ្តាល​ឱ្យ​រងរបួស​​​លើ​ផ្ទៃ​មុខ​​ ដង​ខ្លួន ​និង​ជើង​យ៉ាងធ្ងន់ធ្ងរ​​​​ ត្រូវបាន​មិត្តភក្តិ​​ផ្សេង​ទៀត​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​​កាល់ម៉ែត្រ​​​​ ខណៈ​​​ដែល​​​​​​នាង​កំពុង​​​​អង្គុយ​​ក្នុង​បន្ទប់ផ្ទះជួល ។ ​​​​​​ការ​វាយ​ប្រហារ​ដោយ​ទឹកអាស៊ីត​​ដែលស្មាន​មិនដល់នេះ ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង៨​​​យប់​​ថ្ងៃទី៣១ មករា នៅ​​បន្ទប់​​ជួលលេខ​៦​ជាន់​ទី២ផ្ទះលេខ​២១២ ​ក្រុមទី១០ ​ភូមិទួលគោក ​​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។ ទាក់​ទិន​​ការ​វាយ​ប្រហារ​​​ទឹកអាស៊ីត​នោះ​ ត្រូវ​បាន​គេសង្ស័យ​​ថា អាចជា​រឿងគំនុំ​​​ស្នេហា ។

ទោះ​បី​ជាយ៉ាង​ណា គេពុំ​ដឹង​​ថា​ ជារឿង​​​អ្វី​ពិត​ប្រាកដ​ឡើយ ​ព្រោះ​​ជនរងគ្រោះ​​ពុំ​អាច​និយាយ​កើតនៅឡើយទេ ។ ជនរងគ្រោះ​​ដោយ​ទឹកអាស៊ីត​​ឈ្មោះ​រិទ្ធ  សាវ៉ាន ហៅ​តាំងស៊ូ ​​​អាយុ​​២៣​ឆ្នាំ ជា​កម្ម​ការិនី​​​​រោង​ចក្រ​វីនខេម មានទីលំ​នៅ​​​​ផ្ទះជួលខាង​លើ និង​មាន​ស្រុក​កំណើត​​​នៅ​ភូមិ​​​ក្រឡាពាស ឃុំ​បាយដំរាំ ​ស្រុកបាណន់ ​​ខេត្ត​បាត់​ដំបង​ បានរង​របួស​​​​​ពេញ​ផ្ទៃមុខ​​ ទ្រូង ​និង​ជើង​​ទាំង​ពីរ​​​យ៉ាងធ្ងន់ធ្ងរ ។ ​​​​​តាមព័ត៌មាន​​​​ឱ្យ​ដឹង​ថា ​ជន​ដៃដល់​ឈ្មោះ «ខា» ​ដែលធ្លាប់​​ធ្វើការ​​​នៅ​រោង​​ចក្រ​​វីន​ខេមជាមួយ​​​គ្នា​​​បានយក​ទឹក​​អា​ស៊ីត​​ដាក់ក្នុង​​ផ្តិល​​ជ័រ​ដោយ​ច្រក​ថង់​ខ្មៅ​​ចូលពី​ក្រៅមក និង​ធ្វើសកម្មភាពជះទៅ​លើ​ជនរង​គ្រោះ​ដែល​កំពុង​អង្គុយ​​លេងនៅ​ក្នុងបន្ទប់ដែល​​សកម្ម​ភាព​នេះពិត​ជា​មានគម្រោងទុកជាមុនរួច​ជា​ស្រេច ។ ​ការ​សង្ស័យ​​ទៅលើ​ការ​ប្រើហិង្សា​ដោយ​​ទឹកអាស៊ីត​នេះ ពិត​ជា​មានទាក់ទង​ទៅ​​នឹង​​គំនុំ​ស្នេហា​ត្រីកោណ​ ដែលស្ត្រី២​នាក់​ជា​មិត្តភក្តិ​​​នឹង​គ្នា សង្ស័យស្រឡាញ់​ប្រុស​តែមួយ ។

តាមព័ត៌មាន​​​​ឱ្យ​ដឹង​ថា ​​ជនរង​គ្រោះ​​ឈ្មោះ​រិទ្ធ​​​ សាវ៉ាន ​​ហៅតាំងស៊ូ ​និងស្ត្រី​ឈ្មោះ​ខា (ជន​បង្ក) ជា​មិត្តភក្តិ​​​ធ្វើ​ការ​ជាមួយគ្នា ​​ហើយ​បាន​​រាប់​អាន​​៣ ទៅ៤​ឆ្នាំ​មកហើយ ​​។ លុះ​ក្រោយ​មក​​រយៈ​ពេលប្រមាណ៥​ខែមកនេះ ​អ្នកទាំងពីរ​​​​​បាន​​ខ្វែងគំនិតគ្នា​ពី​រឿង​ស្នេហា​​​ដោយ​ឈ្មោះ​ខា ​​​​អាយុ​២៦​ឆ្នាំ  មានទីលំនៅ​ខេត្តកំពង់ចាម ​​បានចោទ​ឈ្មោះរិទ្ធ​​​ សាវ៉ាន ​ហៅ​តាំងស៊ូ ថា បាន​​​ស្រឡាញ់​​សង្សាររបស់​​ខ្លួន​ឈ្មោះ​​​សា ​អាយុ​ប្រមាណ​២៨​ឆ្នាំ ​មានទីលំនៅសង្កាត់​កោះ​ដាច់ មុខ​របរ​​ជាង​ផ្សារ​ដែក និងកម្មករ​សំណង់ ។ តាម​ព័ត៌មាន​​​បន្ត​ទៀតថា ​ជនរងគ្រោះ​​បានស្រឡាញ់​ឈ្មោះ​សា ប្រមាណ៥​ខែមកហើយ ​ជាហេតុ​​​ធ្វើ​ឱ្យ​អ្នកទាំង​ពីរ​មាន​ការ​ទាស់ទែង​ និងឈប់រាប់​អាន​គ្នា ព្រោះ​​តែ​ស្នេហា​ត្រីកោណ​ ស្រី២​ស្រឡាញ់​​ប្រុស​តែ​មួយ ​​ដែល​កន្លងមក ​ក៏ធ្លាប់​មានទំនាស់​គ្នា​​តាមទូរស័ព្ទ​​​ដែល​ឈ្មោះខា​ គំរាម​​​ឱ្យជនរងគ្រោះ​​​​ដកខ្លួន​ចេញ​ផង​ដែរ ។

តាម​​ប្រភពព័ត៌​មាន​​​ឱ្យ​ដឹង​ថា ​​​នៅវេលាម៉ោង​​ប្រមាណ​​៤រសៀល ​​ថ្ងៃទី៣១ មករា ឈ្មោះ​​ខា បាន​​ធ្វើ​ដំណើរ​ទៅ​​​មុខរោង​ចក្រ​ ហើយបាន​ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​កើតហេតុ ដោយ​ប្រាប់ថា ​​យក​ប្រាក់​​ទៅ​សងគេ ​ដោយបាន​ធ្វើដំណើរ​ទៅ​បន្ទប់​របស់ជនរងគ្រោះ​​ ហើយ​ពួកគេ​​ទាំងពីរ​​បាន​ជជែក​គ្នា​​លេង ។​​ នៅយប់​នោះ​ក្នុងបន្ទប់មាន​គ្នា​​តែ​២នាក់ គឺជនរងគ្រោះ និង​ស្ត្រីឈ្មោះ​ខា នេះ ។

ការជួបជជែកគ្នា​ ​គេពុំដឹង​ថា ​អ្នក​ទាំងពីរ​​ជជែកគ្នា​ពីរឿង​អ្វីទេ ​​។ លុះក្រោយ​មក ភ្លើង​​​អគ្គិសនី​បានដាច់​​ ពេលភ្លើង​អគ្គិសនី​ចាប់​ផ្តើម​ឆេះ​វិញបានប្រមាណ​៥នាទី ស្រាប់តែ​​ស្ត្រីរង​គ្រោះ​​​បានស្រែក​ឆោឡោ​ឱ្យគេជួយផង ។ ​នៅ​យប់​​​​នោះ មាន​ការភ្ញាក់​ផ្អើល​​​​ឆោឡោ​ឡើង​ដោយ​​ម្ចាស់​ផ្ទះ ​និង​​កម្មករ​ដូចគ្នា​នាំគ្នាទៅមើល​ឃើញស្ត្រី​រង​គ្រោះ​​​ស្ថិតនៅបន្ទប់ទឹក ​ហើយ​នៅ​លើ​ពូក និង​កន្ទេល​​​គេ​ឃើញ​ផ្តិលជ័រ​ច្រកថង់​ខ្មៅមានបន្សល់ទុក​ទឹក​អាស៊ីត​​​ ។ ចំណែក​​ពូក និង​កន្ទេល ក៏ត្រូវ​​​កាត់​ឆេះហុយៗដោយ​​​ឥទ្ធិ
ពល​​ទឹកអាស៊ីតដែរ ​។ ​ភ្លាមៗ​​ស្ត្រីរងគ្រោះ​​​ត្រូវ​មិត្តភក្តិ​​​នាំគ្នាបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ​​។

ទោះបី​​ជាយ៉ាងណា ​​​កោះសន្តិភាព​ពុំ​ទទួល​​ការបំភ្លឺ​​ណាមួយ​​ពីជនរងគ្រោះ​​​ឡើយ ​ដោយនាង​​រងរបួសធ្ងន់ធ្ងរនិយាយ​មិនបាន ។ ​​គួរបញ្ជាក់ថា ​​ការ​វាយប្រហារ​​​ដោយ​ទឹកអាស៊ីត​បានស្ងប់ស្ងាត់​​អស់​រយៈ​ពេលជាច្រើនខែមកហើយ ។ ​​ស្នេហា​បាន​ធ្វើ​ឱ្យ​ងប់ងុល​មាន​ចិត្ត​សាហាវ​ឃោរឃៅ​​ ហ៊ាន​​ធ្វើអ្វីៗ​ទាំង​អស់ មិនថា​បុរស​ ឬស្ត្រី​នោះទេ ៕

ដកស្រង់ពី កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ នូវលើរឿងខាងលើនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]