ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងស្រីទាំងប្រុស មិនចង់ឲ្យមានការកែប្រែទំនៀមទម្លាប់ ដែលមានតាំងពីបុរាណ កាលមក គឺតម្រូវឲ្យខាងកូនកំលោះ ចេញថ្លៃបណ្ណាការទាំងអស់ មកឲ្យខាងកូនក្រមុំនោះទេ ប៉ុន្តែឥឡូវបាន លេចឮព័ត៌មានពីមាត់មួយទៅមាត់មួយថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យខាង កូនក្រមុំ ចាំបាច់ចេញថ្លៃបណ្ណាការស្មើគ្នាជាមួយខាងកូនកំលោះ ដោយច្បាប់នេះ គ្រោងនឹងចេញជាធរមាន នៅក្នុងឆ្នាំ២០១៣ខាងមុខនេះ។

ក្រោយពីបានលេចឮព័ត៌មានបែបនេះ បានធ្វើឲ្យស្រទាប់ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ភ្ញាក់ផ្អើល និងមិនចង់ ឲ្យរាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងឡើយ ព្រោះពួកគេយល់ថា បាត់បង់តម្លៃលើកតម្កើងស្រ្តីខ្មែរ ធ្លាប់មានពីមុន។

កញ្ញា ឡាំ រ៉ាប ដែលជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា នៅពេលដែលនាងបាន ឮពាក្យចចាមអារ៉ាមនេះ ពីមិត្តភក្តិរបស់នាងថា នៅក្នុងឆ្នាំ២០១៣ខាងមុខនេះ នឹងមានច្បាប់ថ្មីមួយទៀត ដោយ តម្រូវឲ្យខាងកូនក្រមុំ នៅពេលរៀបការត្រូវចេញថ្លៃមង្គលការនោះស្មើខាងកូនកំលោះ ហើយនាងក៏មិនពេញចិត្ត រួចមិនចង់ឲ្យមានច្បាប់នេះកើតឡើងនោះដែរ។

កញ្ញា ឡាំ រ៉ាប បញ្ចេញមតិថា “ខ្ញុំមិនចង់ឲ្យរឿងហ្នឹងក្លាយជាការពិតនោះទេ ហើយប្រសិនបើច្បាប់នេះចេញជា ធរមានមែន ខ្ញុំគិតថាតម្លៃស្ត្រីខ្មែរ នឹងធ្លាក់ចុះជាក់ជាមិនខាន។ហើយម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ផ្តាំផ្ញើទៅដល់ស្ត្រីខ្មែរ ទាំងអស់ មុននឹងធ្វើអ្វីមួយ ត្រូវឲ្យតម្លៃដល់ខ្លួនឯងក៏ដូចជាគិតពីតម្លៃស្ត្រីខ្មែរផង ព្រោះថាតម្លៃស្ត្រីខ្មែរ តាំងពី បុរាណកាលមក គឺគេឲ្យតម្លៃខ្លាំងណាស់។ តែប្រសិនបើស្ត្រីខ្លួនឯងមិនផ្តល់តម្លៃឲ្យខ្លួនឯងទេ គឺគ្មានអ្នកណា គេផ្តល់តម្លៃឲ្យ យើងទេ ហើយមុនពេលដែលសម្រេចចិត្តធ្វើអ្វីមួយ គួរតែគិតពីខ្លួនឯង ក្រុមគ្រួសារ និងមនុស្សស្រីដទៃទៀតផង”។

ចំណែកកញ្ញា ឈឹម សុជាតា ដែលជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បាន បញ្ចេញមតិដែរថា សម្រាប់ខ្លួននាងផ្ទាល់ គិតថាសង្គមខ្មែរយើង ប្រហែលជាមិនទាន់អាច ឈានដល់កម្រិតនេះបានទេ។ ព្រោះ ថាសង្គមខ្មែរភាគច្រើន គឺផ្តោតសំខាន់ទៅលើភាគីខាងបុរសច្រើន និងឲ្យតម្លៃទៅលើស្ត្រីខ្លាំងជាង នៅពេលដែល បុរសទៅដណ្តឹងខាងស្រី គឺត្រូវចេញបណ្ណាការច្រើនជាងខាងស្ត្រី ហើយប្រសិនបើខាងស្ត្រីមាន បញ្ហាជីវភាព មិនមានលទ្ធភាពក្នុងការចេញថ្លៃបណ្ណាការបាននោះ វាអាចកើតជាបញ្ហាមួយដែរ។ តែប្រសិនបើខាងកូនក្រមុំ ជាអ្នកមានដែរ គឺវាមិនមានផលប៉ះពាល់អ្វីនោះទេ។

កញ្ញា ឈឹម សុជាតា បានលើកឡើងទៀតថា «សម្រាប់យោលបល់ខ្ញុំ គឺមិនទាន់ចង់ឲ្យមានច្បាប់នេះទេ ព្រោះថាសង្គមខ្មែរយើង មិនទាន់ឈានដល់ដំណាក់កាលស្មើគ្នាទាំងស្រុង ឡើយ ចាំពេលលើកក្រោយទៀត ប្រសិនបើច្បាប់នេះចេញ អាចមានប្រសិទ្ធភាពជាង ដោយសារតែកំណើននៃការយល់ដឹង ចំណេះដឹង ប្រជាពល រដ្ឋខ្មែរ កាន់តែមានភាពទូលំទូលាយជាង នេះ»។

និស្សិតច្បាប់ឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង លោក តែម ស៊ីថុន ក៏បានបញ្ចេញមតិផ្ទាល់ខ្លួន ទៅនឹង ព័ត៌មានមិនទាន់ច្បាស់ការនេះដែរថា លោកធ្លាប់បានឮព័ត៌មានហ្នឹងដែរតាមរយៈគ្រូបង្រៀន ក៏ដូចជាសិស្ស និស្សិតដូចគ្នាថា នៅក្នុងឆ្នាំ២០១៣ខាងមុខនេះ គេចេញច្បាប់ស្តីពី ស្ត្រី និងបុរសពេលរៀបការ គឺត្រូវចេញ៥០ ភាគរយម្នាក់។ តែលោកគិតថា ប្រសិនបើច្បាប់នេះពិតជាមានមែន គឺប្រហែលជាមានបញ្ហាច្រើន ដោយសារតែ ទំនៀមទម្លាប់ប្រពៃណីខ្មែរពីបូរាណ គឺតម្រូវឲ្យខាងកូនកំលោះចេញថ្លៃបណ្ណាការទាំងអស់ តែនៅពេលដែល មានច្បាប់ថ្មីចេញបែបនេះ គឺមានស្ត្រីភាគច្រើនមិនទាន់ទទួលយកបាន ជាពិសេស នៅតាម បណ្តាខេត្តដាច់ ស្រយាល គឺពិបាកនឹងទទួលយក។

ទោះបីលោក តែម ស៊ីថុន យល់ថានៅពេលច្បាប់នេះចេញនឹងមានបញ្ហាក៏ដោយ តែលោកបានគាំទ្រនូវច្បាប់ នេះ «ខ្ញុំគិតថា ប្រសិនបើច្បាប់ហ្នឹងចេញ គឺល្អ ក្នុងនាមខ្ញុំជាមនុស្សប្រុស គឺធ្វើឲ្យសិទ្ធិប្រុស និងស្រី គឺកាន់តែស្មើ គ្នា។ តែខ្ញុំនៅយល់ថា ប្រសិនបើ ច្បាប់នេះចេញនៅក្នុងឆ្នាំ២០១៣នោះមែន គឺមានស្រ្តីមួយចំនួន ប្រហែលជា មិនអាចទទួលយកបាននោះទេ ដោយពួកគាត់គិតថា ការធ្វើបែបនេះ អាចនឹងធ្វើឲ្យតម្លៃស្ត្រីខ្មែរ មានការធ្លាក់ចុះ»។

ប្រធានគណៈកម្មការសេដ្ឋកិច្ច និងសវនកម្មនៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល ទាក់ទងទៅនឹងបញ្ហានេះដែរថា ចំពោះព័ត៌មានហ្នឹង លោកមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែកន្លងមក លោកក៏ធ្លាប់បានឮពាក្យចចាមអារ៉ាមទាក់ទងទៅនឹងបញ្ហានេះដែរ ហើយជាធម្មតាមានផ្សែង តែងតែមានភ្លើង រួចប្រសិនបើវាអញ្ចឹងមែន គឺខាងសភានឹងធ្វើការពិចារណាមុននឹងអនុម័ត គឺត្រូវមើលទៅ លើសភាពការណ៍ជាក់ ស្តែងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

លោក ជាម យៀប បន្តថា «ច្បាប់មិនមែនចេះតែចេញជាធរមាននោះទេ មុននឹងចេញច្បាប់អ្វីមួយ គឺទាល់តែ សភាពិភាក្សាអនុម័តសិន ទើបបានពាក្យថាច្បាប់មួយម៉ាត់ ពីព្រោះមានតែសភាទេ ដែលអាចអនុម័តទៅលើ ច្បាប់ទាំងឡាយបាន»។

លោក ជាម យៀប ក៏បានបញ្ជាក់ទៀតថា សម្រាប់សេចក្តីព្រាងច្បាប់នេះ លោកក៏មិនទាន់មាននៅក្នុងដៃនោះទេ ហើយលោកក៏មិនទាន់ដឹងច្បាស់ថា តើមានច្បាប់នេះមែន ឬអត់?ព្រោះតាមធម្មតា លោកជាសមាជិក អចិន្ត្រៃយ៍របស់រដ្ឋសភា បើសិនមាន គឺអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងផ្តល់ជូនលោក «បើផ្តល់ជូនហើយ នឹងស្នើសុំទៅដល់សម្តេច (លោក ហេង សំរិន ប្រធានរដ្ឋសភា) ដើម្បីកោះអញ្ជើញពិភាក្សាគ្នាដាក់ក្នុងរបៀបវារៈ ឬដើម្បីបញ្ជូនទៅគណៈកម្មការជំនាញ គឺគណៈកម្មការទី៦ ដើម្បីពិនិត្យ និងធ្វើទៅតាមនីតីវិធីជាបន្តបន្ទាប់ ទៀត។ អញ្ចឹងហើយ ប្រសិនបើមានច្បាប់បែបនេះមែន ខ្ញុំអាចដឹង តែពេលនេះច្បាប់នេះ គឺមិនទាន់មាន នោះទេ»។

ពាក់ព័ន្ធទៅនឹងពាក្យចចាមអារ៉ាមមិនទាន់ដឹងការពិតនេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម ក៏មានប្រសាសន៍ឲ្យដឹងដែរថា លោកមិនបានជ្រាបពីព័ត៌មាននេះទេ ហើយក៏មិនដឹងថា ខាងក្រសួង ឬក៏ស្ថាប័នណាជាអ្នកចេញនោះដែរ «ព្រោះថាទាក់ទងទៅនឹងបញ្ហាទាំងអស់នេះ មិនមែនរដ្ឋាភិបាល ជាអ្នក សម្រេចនោះទេ វាគឺជាសិទ្ធិសេរីភាពរបស់ម្ចាស់សាមីខ្លួន ក៏ដូចជាក្រុមគ្រួសារទាំងសងខាង ធ្វើការពិភាក្សាគ្នាថា ត្រូវព្រមព្រៀងគ្នាយ៉ាងម្តេច? ហើយចំពោះពាក្យចចាមអារ៉ាមទាំងអស់ហ្នឹង ខាងក្រសួងខ្ញុំមិនដឹងនោះទេ អញ្ចឹងហើយបានជាខ្ញុំមិនអាចបកស្រាយបាន”។

ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានបញ្ចេញមតិផ្ទាល់ខ្លួនថា សម្រាប់ លោក ផ្ទាល់គិតថា រដ្ឋាភិបាលមិនគួរលូកដៃទៅលើបញ្ហាទាំងអស់នេះទេ ម្យ៉ាងប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ក៏មានចិត្តចង់ចេញ (ថ្លៃទឹកដោះ, បណ្ណាការ) ស្មើគ្នាដែរដោយខាងស្រីមិនសូវជាទាមទារ ប៉ុន្មានពីខាងកូន កំលោះទេ ហើយបញ្ហានេះក៏ជាការវិវឌ្ឍមួយរបស់ប្រជាពលរដ្ឋនៅពេលណាមួយ ដែលពួកគាត់បានយល់ដឹង។

លោក អ៊ូ វីរៈ ក៏បានបញ្ចេញនូវមតិទៀតថា «ប្រសិនបើច្បាប់នេះមានមែន គឺខ្ញុំមិនគាំទ្រទេ ដោយសាររឿង រៀបការ ជារឿងប្រពៃណី និងវប្បធម៌ ហើយរដ្ឋាភិបាលណាក៏ដោយ មិនគួរលូកដៃទៅលើប្រពៃណី វប្បធម៌ នេះទេ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្រេច ជាពិសេសទៅលើភាគីទាំងសងខាង។ ដូច្នេះខ្ញុំមើលទៅ រដ្ឋាភិបាលគួរតែផ្តោតទៅលើបញ្ហាសង្គម តែរឿងវប្បធម៌នេះ គួរតែឲ្យប្រជាពលរដ្ឋជាអ្នកសម្រេច ទៅវិញទើបល្អជាង»។

បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមបែបនេះរួចមក បានធ្វើឲ្យប្រជាជនជាច្រើន យកបញ្ហានេះ ធ្វើជាប្រធានបទ ក្នុងការជជែកគ្នានៅតាមផ្ទះ សាលារៀន តូបលក់ដូរ កន្លែងធ្វើការ និងកន្លែងជួបជុំគ្នាផ្សេងៗទៀត ដែល ខាងបុរស មានការគាំទ្រច្រើនឲ្យមានច្បាប់នេះ។ចំណែកខាងស្រ្តីវិញ បង្ហាញពីការមិនពេញចិត្ត និងមិនចង់ ឲ្យមានច្បាប់នេះឡើយ។ ពីព្រោះពួកគេគិតថា តម្លៃស្រីមួយផ្នែកធំ គឺសិ្ថតនៅត្រង់ថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) នេះហើយ ប្រសិនបើមានច្បាប់នេះពិតមែននោះ សរបញ្ជាក់ឲ្យឃើញថា តម្លៃស្ត្រី គឺមានការធ្លាក់ចុះជាមិនខាន។ ហើយចុងក្រោយ ពួកគេបានផ្តាំផ្ញើទៅដល់មិត្តៗយុវវ័យ ដែលជាស្ត្រីខ្មែរទាំងអស់ ត្រូវធ្វើយ៉ាងណារក្សាកិត្តិយស កេរ្តិ៍ឈ្មោះ ប្រពៃណីខ្មែរ តម្លៃស្ត្រីខ្មែរ ឲ្យកាន់តែល្អជាងនេះ ដើម្បីចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ ដែលស្រស់ផូរផង់មានតាំងពីយូរយារណាស់មកហើយនោះ៕

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]