ខេត្ត​កំពត​ ៖ កាលពី​រសៀល​ថ្ងៃទី​១០​ មិថុនា​ ​រថយន្ត​ទួរីស​២គ្រឿង​ដែល​ត្រូវ​បាន​គេ​អះ​អាង​​ថា​បើក​ប្រដេញ​គ្នា​​នៅលើ​ ដងផ្លូវ​​ជាតិ​លេខ​៣១​ ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង​​ ពេល​​មក​ដល់​ចំណុច​ហួស​ស្ពាន​​សឡ​ឥដ្ឋ ស្ថិត​នៅក្នុង​ភូមិ​ដើម​ពោធិ៍​ ឃុំ​អង្គសុរភី​ ស្រុក​កំពង់​ត្រាច​ ស្រាប់​តែ​រថយន្ត​ទួរីស​ ពាក់​ស្លាក​លេខ​២F-4881ភ្នំ​ពេញ​ បើក​បរ​ដោយ​ឈ្មោះ​បូ សារ៉ាត់​ ភេទប្រុស​ អាយុ​២៦​ឆ្នាំ​ នៅភូមិ​វៀង​ ឃុំ​តាំង​ដូង​ ស្រុក​បាទី​ ខេត្ត​តាកែវ​ ​ដែល​បើក​ប្រដេញ​ពីក្រោយ​បាន​បុក​រថយន្ត​ទួរីស​មួួយគ្រឿង​​ទៀត​ ពាក់​ស្លាក​លេខ​​២S-៣៣០០ភ្នំពេញ​​ បើក​បរ​ដោយ​ឈ្មោះ​លឹម​ ហុន​ អាយុ​៣០​ឆ្នាំ​ នៅភូមិ​ត្រពាំង​កំណប់​ ឃុំ​ដំបូក​ខ្ពស់​ ស្រុក​អង្គ​រ​ជ័យ​ បណ្តាល​ឱ្យ​រថយន្ត​ពាក់​ស្លាក​លេខ​​២S-៣៣០០ភ្នំពេញ​ ក្រឡាប់​ផ្ងារ​ជើង​ធ្លាក់​ទៅខាង​ស្តាំ​ដៃ​។

លោក​ទេព​ រុន​ ជានាយ​នគរបាល​​ប៉ុស្តិ៍​ឃុំ​អង្គ​សុរ​ភី ដែល​បាន​ចុះ​អន្តរាគ​មន៍​ដល់​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា​ រថយន្ត​ទួរីស​២​គ្រឿង​​បានបើក​ប្រដេញ​គ្នា​ មួយគ្រឿង​​ក្រឡាប់​ផ្ងារ​ជើង​​ ​មួយគ្រឿង​​ទៀត​ក្រពឹត​ផ្នែក​ខាង​មុខ​ តែ​មិន​មាន​​អ្នក​ដំណើរ​ណា​ម្នាក់​របួស​ធ្ងន់​ធ្ងរ​ទេ​ ព្រោះ​រថយន្ត​ក្រឡាប់​ផ្ងា​រ​ជើង​មាន​មនុស្ស​​ជិះ​តែ​៣នាក់​​ប៉ុណ្ណោះ​ ។ ក្រោយ​ពេល​កើតហេតុ​​​ ខណៈ​​នគរបាល​មិន​ទាន់​បាន​ចាត់​ចែង​តាម​ជំនាញ​អ្វី​ផង​ស្រាប់​តែ​អ្នក​បើក​ បរ​រថយន្ត​ទាំង​២​គ្រឿង​ប្រុង​នាំ​គ្នា​អូស​រថយន្ត​ចេញ​ពី​កន្លែង​កើតហេតុ​ តែខាង​នគរបាល​មិនយល់​ព្រម​​ ដោយ​បាន​និយាយ​ថា​ត្រូវ​​តែ​ធ្វើ​ការត្រួត​ពិនិត្យ​អ្នក​បើក​បរ​សិន​ ។ ​ទោះ​បីជា​គ្មាន​គ្រោះថ្នាក់​ដល់​នរ​ណា​ម្នាក់​ក៏​ដោយ​ មន្ត្រី​នគរ​បាល​និយាយ​ថា​ រថយន្ត​ទាំង​ពីរ​បើក​ប្រដេញ​គ្នា​​នៅលើ​ផ្លូវសាធារណៈ​ ​ហើយ​ជួប​គ្រោះ​​ថ្នាក់​បែប​នេះ​ពិត​ជា​សំណាង​ល្អ​ដោយ​សារ​គ្មាន​​​អ្នក​ ធ្វើ​​ដំណើរ​ ។

មន្ត្រី​នគរបាល​បាន​​រំលឹក​​ពីហេតុការណ៍​មុន​នេះ​ថា​ ​ស្ត្រី​​ម្នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​រថយន្ត​​បុក​កាលពីខែមិថុនា​ នៅជិត​ស្ពាន​សឡ​ឥដ្ឋ​នោះ​ដែរ ដោយ​សា​រ​តែ​អ្នក​បើក​បរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​បើក​ប្រដេញ​គ្នា​ធ្វើ​ ជាល្បែង​​​ ។ ​ពលរដ្ឋ​នៅភូមិ​ដើម​ពោធិ៍​​និយាយ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​​តែងកើត​មាន​​ជា​ញឹក​ញាប់​នៅ​ចំណុច​​ជិត​ស្ពាន​សឡ​ ឥដ្ឋ​​ ហើយ​អ្នក​ស្រុក​គ្រោង​​​ធ្វើ​រាន​ទេវតា​មួយ​​ដាក់​នៅទី​នោះ​ដើម្បី​​បញ្ចៀស​ គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​តែង​​កើតឡើង​ ។ ប៉ុន្តែ​នេះគ្រាន់​តែជា​ជំនឿ​មួយប៉ុណ្ណោះ​​សំខាន់​ដើម្បី​បញ្ចៀស​គ្រោះ​ ថ្នាក់​​មាន​តែ​អ្នក​បើក​បរ​ទាំង​ឡាយ​​​ចូល​រួម​​គោរព​ច្បាប់​ចរាចរណ៍​ទាំង​ អស់​គ្នា​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]