Dreamland នៅទីក្រុងភ្នំពេញយើង មានឡានអាកាស សម្រាប់បងប្អូនអ្នកអាន ដែលចូលចិត្តការរំភើប ដោយសារ ល្បឿន កម្ពស់និងការរអិលចុះចោតខ្លាំង។ Khmerload បានធ្វើការស្រាវជ្រាវរកពត៌មាន ទាក់ទងនឹងឡានអាកាស ល្បីៗក្នុងលោកមក អោយបងប្អូនអានកម្សាន្ត។ ខាងក្រោមនេះ ជារូបភាពនិងការពណ៌នា នៃឡានអាកាសល្បីៗ៖

Kingda Ka

ឡានអាកាសដែលខ្ពស់ និង លឿនជាងគេក្នុងលោក។ រយៈពេលនៃការជិះតែ ២៨ វិនាទីប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល ៣ នាទីកន្លះដំបូង ឡានអាកាស នេះអាចឈានដល់ល្បឿន ២០៦ គីឡូម៉ែត ក្នុងមួយម៉ោង។ កំពូលខ្ពស់ដើម្បី ឲ្យឡានរអិលចុះមានកម្ពស់ ១៣៩ ម៉ែត ស្មើនឹងកម្ពស់អាគារ ៤៥ ជាន់។ ឡានអាកាសនេះស្ថិតនៅទីកម្សាន្ត Six Flags Great Adventure ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

Dodonpa

ឡានអាកាសនេះល្បីខាងល្បឿនទំនាញក្នុងរយៈពេល ២ វិនាទីដំបូងដែលទាញអ្នកជិះពីរូងងងឹតក្នុងល្បឿន ១៧២ គីឡូម៉ែតក្នុងមួយម៉ោងស្ទុះឡើងកំពូលដែលមានកម្ពស់ ៥២ ម៉ែតស្មើនឹងកម្ពស់អាគារ ១៧ ជាន់។ ឡានអាកាសរអិលធ្លាក់ចុះក្នុងចំណោទ ៩០ ដឺក្រេ អ្នកណាមិនព្រឺ ពីរូងងងឹតបាតដី មកដល់មេឃ ៥២ ម៉ែតក្នុង ២ វិនាទី ហើយរអិលធ្លាក់ចុះ ៩០ ដឺក្រេ។ ឡានអាកាសនេះស្ថិតនៅ Fuji-Q Highland ទីក្រុង Fujiyoshida ប្រទេសជប៉ុន។

Steel Dragon 2000

ឡានអាកាសនេះល្បីខាងចម្ងាយ ជិត ៣ គីឡូម៉ែត អ្នកជិះបន្ទាប់ពីជិះហើយមិនមានកម្លាំងស្រែកទៀតទេ រយៈពេលជិះវែង ស្រែកមិនចេះឈប់ធ្វើឲ្យស្អកកបាត់សម្លេង។ ឡានអាកាសនេះស្ថិតនៅ Nagashima Spa Land ក្នុងប្រទេសជប៉ុន។

Top Thrill Dragster

ឡានអាកាសនេះចាត់ទុកជាបងប្អូនជីដូនមួយ ឡានអាកាស Kingda Ka មានកំពូលខ្ពស់ ១២២ ម៉ែត និង ល្បឿន ១៩០ គីឡូម៉ែតក្នុងមួយម៉ោង ស្ថិតនៅ Cedar Point Amusement Park រដ្ឋ Ohio សហរដ្ឋអាមេរិក។

Thunder Dolphin

ល្បីខាងបត់បែនជុំវិញនិងកាត់អាគារខ្ពស់ ឡានអាកាសនេះចាប់ផ្តើមដោយការរអិលចុះចំណោត ៦៤ ម៉ែត ក្នុងមុំ ៨០ ដឺក្រេ ហើយរត់ក្នុងល្បឿន ១៣០ គីឡូម៉ែតក្នុងមួយម៉ោង ចម្ងាយ ១ គីឡូម៉ែត ឆ្លងកាត់ប្រហោងនៃអាគារខ្ពស់មួយ និង កងបង្វិលដ៏ធំមួយ។ ឡានអាកាសនេះស្ថិតនៅ Tokyo’s Dome City Attractions ប្រទេសជប៉ុន។

Tower of Terror

ឡានអាកាសនេះល្បីខាងកម្លាំងទំនាញ ដែលធ្វើឲ្យអ្នកជិះមានអារម្មណ៍ថាខ្លួនហោះហើរលើអាកាស ដូចក្នុងយានអវកាស។ រយៈនៃការជិះត្រឹមតែ ៧ វិនាទីប៉ុណ្ណោះ ល្បឿនឡាននេះគឺ ១៦១ គីឡូម៉ែតក្នុងមួយម៉ោង ស្ទុះឡើងនិងរអិលចុះក្នុងចំណោត ៩០ ដឺក្រេ។ ឡានអាកាសនេះស្ថិតនៅ Dreamworld ប្រទេសអូស្ត្រាលី។

Millennium Force

ឡានអាកាសនេះល្បីខាងកម្ពស់នឹងការបត់បែនក្នុងល្បឿនលឿន។ កំពូលកម្ពស់ ៩១ ម៉ែត ស្មើរនឹងអាគារ ៣០ ជាន់ រូងងងឹតពីរកន្លែង បត់បែនឡើងចុះក្នុងល្បឿន ១៥០ គីឡូម៉ែតក្នុងមួយម៉ោង ក្នុងរយៈចម្ងាយ ២ គីឡូម៉ែត ធ្វើឲ្យអ្នកជិះលស់ព្រលឹង។ ឡានអាកាសនេះ ស្ថិតនៅ Cedar Point Amusement Park រដ្ឋ Ohio សហរដ្ឋអាមេរិក។

Superman

ឡានអាកាសនេះល្បីខាងផ្លូវកាច់កុងក្រឡាប់ផ្កាប់ ៣៦០ ដឺក្រេ ជាច្រើនត ក្នុងកម្ពស់ ៤៥ ម៉ែតពីដី ស្មើរនឹងកម្ពស់អាគារ ១៥ ជាន់។ ឡានអាកាសនេះស្ថិតនៅទីកម្សាន្ត Six Flags នៅរដ្ឋ Texas សហរដ្ឋអាមេរិក។ Khmerload ធ្លាប់ជិះឡានអាកាសនេះនៅ Six Flags ក្បែរក្រុង Chicago សហរដ្ឋអាមេរិក ហើយចាំបានថាពេលចាប់ផ្តើមគេក្រឡាប់ឡានចុះធ្វើឲ្យខ្ញុំសំកាំងលើអាកាសមុខបែរចុះមកដី ភ័យលស់ព្រលឹង ស្រែកអត់ចេញ។ បើបងប្អូនអ្នកអានជិះឡានអាកាសនេះ សូមធ្វើកាយវិការដូច Superman ដែលកំពុងហោះទើបសប្បាយ។

តើបងប្អូនអ្នកអានចង់ជិះឡានអាកាសទាំងនេះទេ?

សរសេរដោយ Khmerload 

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ នូវលើរឿងខាងលើនេះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]