ពោធិ៍សាត់ ៖ បន្ទាប់ពីមានព័ត៌មាន ស្ដីពីអ្នកស្លាប់ និងពុលក្អួតចង្អោរ នៅស្រុកភ្នំក្រវ៉ាញ ក្រោយពីជនរងគ្រោះទាំងនោះ បានហូបមី ម៉ាម៉ា  ហើយចោទថា ការពុលដោយសារមី ម៉ាម៉ានោះ ស្រាប់តែតំណាងក្រុមហ៊ុនមីដ៏ធំមួយនេះ ចេញមកបដិសេធចោលយ៉ាងដាច់អហង្ការថា វាគ្មានមូលហេតុអ្វី ដែលមីម៉ាម៉ា ធ្វើឱ្យអ្នកបរិភោគពុលនោះឡើយ ពីព្រោះមានអ្នកបរិភោគរាប់លានផ្សេងទៀត បានហូបមី ដែលមានគុណភាពខ្ពស់មួយនេះ។

ទាក់ទិនសេចក្ដីរាយការណ៍ ដោយសង្ស័យថា មីម៉ាម៉ា មានជាតិពុលជារឿងមួយធ្វើឱ្យខូចឈ្មោះក្រុមហ៊ុន និងធ្វើឱ្យមានការភ័ន្ដច្រឡំ ចំពោះការហូបមីម៉ាម៉ានោះ លោកចេង លី កាំង តំណាងឱ្យក្រុមហ៊ុនមីម៉ាម៉ា ដែលមានឈ្មោះThai President Foods Groups បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដោយពន្យល់ថា ក្រុមហ៊ុនមីម៉ាម៉ា ផលិតនូវផលិតផល ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ហើយធ្វើការចែកចាយនៅលើទីផ្សារ ទូទាំងពិភពលោកអស់រយៈពេលជាង ៤០ឆ្នាំកន្លងមកហើយ។

តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា “វាមិនអាចជាការពិតនោះឡើយ ដែលថា ការបរិភោគមីម៉ាម៉ា បណ្ដាលឱ្យពុល ពីព្រោះបើសិនមីម៉ាម៉ា មានបញ្ហានេះមែន មិនត្រឹមតែមានមនុស្ស៣-៤នាក់នោះទេ ដែលត្រូវពុលច្បាស់ជាមានមនុស្សរាប់រយនាក់ផ្សេងទៀត ក៏ទទួលរងបញ្ហានេះដែរ បន្ទាប់ពីបានបរិភោគមីរួចមកនោះ” ។

បើយោងតាមលោក ចេង លីកាំង បានឱ្យដឹងទៀតថា មីម៉ាម៉ាពិតជាមានធានាគុណភាព និងសុវត្ថិភាពពីរោងចក្រលំដាប់ពិភពលោក នឹងមានការធានាពីអង្គការមាត្រដ្ឋាន ISO 9001។

តំណាងក្រុមហ៊ុនមីម៉ាម៉ាខាងលើនេះ បានគូសបញ្ជាក់ទៀតថា ក្នុងរយៈពេលមួយថ្ងៃ ក្រុមហ៊ុនផលិតមីម៉ាម៉ា បានផលិតចំនួនជាង ៦លានកញ្ចប់ ហើយផលិតផលមីម៉ាម៉ា មិនត្រឹមតែលក់នៅលើទីផ្សារអាស៊ីទេ គឺមានលក់នៅលើទីផ្សារក្នុងទ្វីបអឺរ៉ុប និងប្រទេសមហាអំណាចមួយចំនួនទៀត ដូចជា អាមេរិក បារាំង ចក្រភពអង់គ្លេស និងជប៉ុន ជាដើម ដូច្នេះរូបលោកសូមអំពាវនាវឱ្យ អតិថិជនទាំងអស់ ជឿជាក់លើផលិតផលមី ម៉ាម៉ា ថាពិតជាមានគុណភាព និងសុវត្ថិភាព ល្អ១០០ភាគរយប្រាកដមែន។

យ៉ាងណាក៏ដោយ ចំពោះព័ត៌មានពីជនរងគ្រោះថា មានអាការៈពុលក្អួតចង្អោរ ដោយសារហូបមីម៉ាម៉ា នាពេលកន្លងមក ត្រូវបានស្នងការនគរបាល ខេត្ដពោធិ៍សាត់ លោកឧត្ដមសេនីយ៍ត្រី សារុន ចន្ធី សមត្ថកិច្ចជំនាញរបស់ខេត្ដ មិនទាន់ហ៊ានសន្និដ្ឋានអ្វីនៅឡើយទេ ដោយរង់ចាំលទ្ធផលនៃការពិសោធន៍ នៅកាំកុងត្រូលចំណីអាហារ រួចរាល់សិន ប្រហែលមួយសបា្ដហ៍ទៀត។

យ៉ាងណាក៏ដោយប្រភពព័ត៌មានផ្សេងទៀត បានលើកឡើងថា ប្រជាពលរដ្ឋដែលស្លាប់ និងរងគ្រោះ បន្ទាប់ពីហូបមីម៉ាម៉ានោះ ប្រហែលមិនបណ្ដាលមកពីមីឡើយ ប្រហែលមកពីជាតិពុលនៅក្នុងទឹក ដែលមិនស្អាត និងគ្មានគុណភាព ហើយបើមានករណីពុលដោយសារ ហូបមីម៉ាម៉ាមែននោះ ច្បាស់ជាមនុស្សរាប់សិបនាក់ផ្សេងទៀត និងមានអាការៈបែបនេះ បន្ទាប់ពីហូបមីម៉ាម៉ា ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ ៖ ស៊ន សុភក្ដ្រ-

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]