ភ្នំពេញៈ ទាក់ទិន​នឹង​ព័ត៌មាន​ថា តារា​ចម្រៀង​វ័យ​ក្មេង យ៉ុង ចាន់​កន្និកា បង្ក​គ្រោះ​ថ្នាក់​បើក​រថយន្ត​បុក​គេ ហើយ​បាន​បើក​គេច​ខ្លួន តែ​មិន​បាន​បកស្រាយ​នោះ តារា​ចម្រៀង​រូប​នេះ​បាន​ចេញ​មុខ​អះអាង​នៅ​ពេល​នេះ​ថា នារី​ម្នាក់​នោះ​មិន​មែន​ជា​រូប​នាង​ទេ ពោល​គឺ​នាង​មិន​បាន​ដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ ហើយ​នាង​ក៏​មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ​ដែរ​។ តារា​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទស្សនិកជន​មិន​ជឿ នាង​គ្មាន​អ្វី​ក្រៅ​ពី​លើក​ដៃ​ទាំង​ពីរ​ប្រណម្យ​ស្បថ​ស្បែ​នោះ​ឡើយ​។

កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មករា កន្លង​ទៅ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2I 7858 បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស្មាស់​ នៅ​ត្រង់​ចំណុច​ខាង​លិច​ស្ពាន​អាកាស​៧​មករា ពេទ្យ​លោក​សង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ហើយ​រថយន្ត​នោះ​បាន​បើក​គេច​ តែ​ត្រូវ​បាន​សាច់​ញាតិ​ឃាត់​ជាប់​នៅ​ត្រង់​ចំណុច​សណ្ឋាគារ​អេស៊ាន​ផាលេស។

នៅ​ពេល​នោះ​អ្នក​ដំណើរ​បាន​នាំ​គ្នា​ចោម​រោម​អ៊ូឈូឆរ​ជុំវិញ​រថយន្ត មួយ​គ្រឿង​ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​និយាយ​អះអាង​យ៉ាង​ច្បាស់​ៗ​ថា តារា​ចម្រៀង យ៉ុង ចាន់កន្និកា បាន​បើកបរ​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​ របួស​ធ្ងន់ ហើយ​បាន​បើក​រត់​គេច​ខ្លួន​តែ​ត្រូវ​បង​ប្អូន​ជន​រងគ្រោះ​តាម​ឃាត់​រថយន្ត ​នោះ​បាន​ ខណៈ​ដែល​រថយន្ត​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ដោយ​សារ​បែក​កង់​មុខ​ ខាង​ស្តាំ​។

នៅ​ជុំវិញ ហេតុការណ៍​ដ៏​អាក្រក់​នេះ តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​ភាន់​ច្រឡំ​យ៉ាង​ខ្លាំង​ចំពោះ​នាង​ ខណៈ​ដែល​នាង​មិន​បាន​ដឹង​ពី​រឿង​នេះ​ សូម្បី​បន្តិច​។ នាង​បាន​បន្ត​ថា នាង​អត់​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ ពោល​គឺ​នៅ​ក្នុង​ពេល​នោះ​នាង​កំពុង​តែ​ច្រៀង​នៅ​ឯ​សណ្ឋា​គារ Mekong View ដែល​នាង​ច្រៀង​រាល់​ថ្ងៃ​។

យ៉ុង ចាន់​កន្និកា បាន​និយាយ​ថា៖«​បង! ខ្ញុំ​ហួស​ចិត្ត​ណាស់​ ព្រលឹម​ឡើង​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​បាន​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ អំពី​រឿង​នេះ។ តាម​ពិត​ខ្ញុំ​អត់​មាន​បាន​ដឹង​រឿង​នេះ សូម្បី​បន្តិច។ នៅ​ក្នុង​អំឡុង​ហេតុ​ការណ៍​ហ្នឹង ខ្ញុំ​កំពុង​ជាប់​ច្រៀង​នៅ​ឯ Mekong View ត្រើយ​ម្ខាង​ឯណោះ​ មិត្ត​ភក្តិ អ្នក​រួម​ការងារ​របស់​ខ្ញុំ​ទាំង​អស់​អាច​ធ្វើ​សាក្សី​បាន​»។

តារា​ចម្រៀង​ស្រី​ដែល​កាក់​កប​នឹង​ការ​ច្រៀង​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​រូប​ នេះ​ បាន​បន្ថែម​ថា នាង​មិន​មាន​រថយន្ត​ម៉ាក វីហ្គោ បើក​បរ​នោះ​ទេ ហើយ​សូម្បី​តែ​មិត្តភក្តិ​របស់​នាង​ក៏​គ្មាន​អ្នក​មាន​រថយន្ត​ម៉ាក​នេះ​ ជិះ​ដែរ​។ នាង​បាន​បន្ត​ថា សព្វ​ថ្ងៃ​នេះ នាង​បើក​រថយន្ត​ម៉ាក​កាម៉ារី​ឆ្លាម​ស៊េរី​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ 2M 7813 ពោល​គឺ​មិន​មែន​រថយន្ត​វីហ្គោ​នោះ​ទេ​។

នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ មាន​គេ​និយាយ​ថា នាង​​បើក​បរ​ដោយ​មាន​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ តែ​តារា​រូប​នេះ​សុំ​បដិសេធ​ទាំង​ស្រុង ដោយ​នាង​លើក​ហេតុ​ផល​ថា បើ​នាង​មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ផង តើ​នាង​ស្គាល់​បុរស​ម្នាក់​នោះ​ដោយ​របៀប​ណា​? 

យ៉ុង ចាន់​កន្និកា តារា​ដែល​​​ហក់​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩៨ រូប​នេះ និយាយ​ថា៖«​បើ​សិន​ជា​នាង​ជា​អ្នក​បើក​បរ​មែន​នោះ ខាង​ប៉ូលិស​ពិត​ជា​មាន​​រូប​ថត​​នាង​មិន​ខាន តែ​នេះ​អត់ ហើយ​​បើ​មែនប្រហែល​
ជា​ល្បី​ខ្ច​រខ្ចាយ​ខ្លាំង​ជាង​នេះ​»។


ទោះ​បី​ជា​យ៉ាងណាក្តី តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​មិន​អាច​បន្ទោស​អ្នក​ណា​ម្នាក់​បាន​ទេ ព្រោះ​នោះ​ជា​ការ​យល់​ច្រឡំ យល់​ខុស តែ​រឿង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​ខូច​កិត្តិ​យស​ កេរ្តិ៍​ឈ្មោះ ខ្លាំង​ណាស់ ហើយ​នៅ​ពេល​នេះ រឿង​បាន​ហួស​ទៅ​ហើយ គឺ​នាង​គ្រាន់​តែ​ចង់​ជម្រាប​ទស្ស-​និក​ជន​ទាំង​អស់​ថា នាង​មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ​។
ចាន់​កន្និកា បាន​និយាយ​ថា៖«​ខ្ញុំ​ពិត​ជា​ខ្លាច​ព័ត៌​មាន​បែប​នេះ​ណាស់ ព្រោះ​វា​មិន​ត្រឹម​​តែ​មិន​មែន​ជា​ការ​ពិត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​នាំ​ឲ្យ​ខ្ញុំ​ខូច​កិត្តិ​យស មុខ​មាត់​ទៀត​ ខណៈ​ដែល​ខ្ញុំ​មិន​បាន​បង្ក​នោះ​»។


តារា​ចម្រៀង​ប្អូន​ស្រី​បង្កើត​អ្នក​ចម្រៀង យ៉ុង ចាន់​សុធាវី បាន​បញ្ជាក់​បន្ថែម​ថា៖«​ខ្ញុំ​សូម​អះ​អាង​ប្រាប់​ទស្ស​និក​ជន​ថា ខ្ញុំ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បើក​រថ​យន្ត​បុក​អ្នក​ដំណើរ​នោះ​ឡើយ ហើយ​បើ​ទស្ស​និក​ជន​ទាំង​អស់​មិន​ជឿ ខ្ញុំ​អាច​ស្បថ​​ជូន​បាន​ដើម្បី​បញ្ជាក់​ការ​ពិត​»៕

ដកស្រង់ពី គេហទំព័រ ភ្នំពេញPost

Khmerload: មានប្រិយមិត្ត Khmerload ជាច្រើនបាននិយាយថា មិនមែនជាកញ្ញា ហើយមានប្រិយមិត្តម្នាក់ ថាអ្នកបុកនោះ ជាមិត្តភ័ក្ររបស់គាត់ មិនមែន កញ្ញា យ៉ុង ចាន់​កន្និកា នោះទេ គ្រាន់តែជាអ្នកស្រដៀង។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ នូវលើរឿងខាងលើនេះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]