បន្ទាប់ពីខ្សែប្រយុទ្ធជម្រើសជាតិ អ៊ុយរ៉ាហ្កាយ Luis Suarez បានចេញមុខជាសាធារណៈ សុំទោសខ្សែការពារសញ្ជាតិអ៊ីតាលី Giorgio Chiellini នាជំនួបរវាង អ៊ុយរ៉ាហ្កាយ ជាមួយនឹង អ៊ីតាលី ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក កន្លងទៅនោះ ខណៈ Giorgio Chiellini ក៏បានឆ្លើយតប ការលើកលែងទោសនោះ ក្លឹបកំពូលអ្នកមានបុណ្យ Barcelona បានចាប់ផ្តើមយុទ្ធនាការ ប្រមាញ់ខ្សែប្រយុទ្ធរូបនេះ ពីក្រុមហង្សក្រហម Liverpool ទៅកាន់កីឡាដ្ឋាន Camp Nou នៅរដូវកាលក្រោយ អោយទាល់តែបាន។


យោងតាមសារព័ត៌មាន របស់ចក្រភពអង់គ្លេស បានអោយដឹងថា អនាគតរបស់ខ្សែប្រយុទ្ធរូបនេះ នៅស្រពិចស្រពិលនៅឡើយ ខណៈអ្នកគ្របគ្រងក្លឹប Barcelona លោក Raul Sanllehi បានជួបពិភាក្សាផ្ទាល់ ជាមួយនឹង លោក Ian Ayre នាយកប្រតិបត្តិរបស់ក្រុមហង្សក្រហម Liverpool ដោយបានដេញថ្លៃ ៧០ លានផោន ទិញយក Suarez ដែលតម្លៃគឺធ្លាក់ចុះ ១០ លានផោន ដោយសារតែកីឡាករនេះ ត្រូវរងបម្រាមរយៈពេល ៤ ខែ ពីសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹង បាល់ទាត់។

ដូចគ្នានេះដែរ ហង្សក្រហម Liverpool ក៏បានដាក់សំណើរ យល់ព្រមលក់ខ្សែប្រយុទ្ធ វ័យ ២៧ ឆ្នាំរូបនេះ ជាថ្នូរនឹងខ្សែបម្រើប្រយុទ្ធ Sanchez និងទឹកប្រាក់បន្ថែម។ ពាក់ព័ន្ធនឹងសំណើរនេះ ទំនងជាមិនអាច សម្រេចបានទេ ដោយសារតែកាលពីថ្មីៗនេះ Sanchez ខ្សែបម្រើប្រយុទ្ធឆីលីរូបនេះ បង្ហាញពីចំណាប់ អារម្មណ៍ ចង់ចូលរួមជាមួយកាំភ្លើងធំ Arsenal ជាជាងក្រុមរបស់លោក Brenden Rodger។


គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម បានចំណាយទឹកប្រាក់អស់ ៤០ លានផោនហើយ ក្នុងរដូវកាលដោះដូរកីឡាករនេះ ដោយទិញបាន Adam Lallana និង Rickie Lambert ពីក្រុម Southampton និង Emre Can ពីក្រុម Bayer Leverkusen ខណៈក្លឹបធំៗជាច្រើនទៀត នៅ Premier League ក៏ដុតដៃដុតជើង មិនបង្អង់យូរឡើយ តួយ៉ាងដូចជា ក្រុមតោខៀវ Chelsea ទិញបានកីឡាករឆ្នើមៗដូចជា Cesc Febregas ពីក្រុម Barcelona និងខ្សែប្រយុទ្ធលេចធ្លោរ Diego Costa ពីក្រុម At. Madrid ផងដែរ។



ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]