ភ្នំពេញ៖ អ្នកនិពន្ធបទចម្រៀង ក្នុងស្រុកខ្មែរ ល្បីៗខ្លាំង មានមិនច្រើនទេ ក្នុងនោះគេសង្កេត ឃើញមានតែ កញ្ញា ស្រេង ច័ន្ទមល្លិកា លោក សុខ ចាន់ផល លោក ខេមរៈ ភារុណ លោក សុខ ជំនោរ និង សោម ដូរ៉េ ជាដើម ប៉ុន្តែកវី សោម ដូរ៉េ ជាកវីក្មេងជាងគេ ហើយបទចម្រៀង ភាគច្រើន គឺល្បីល្បាញ ស្ថិតក្នុងការចងចាំនៃ អ្នកស្ដាប់គ្រប់ៗគ្នា ពិសេសបទចម្រៀង ចុងក្រោយនេះ មានចំណងជើងថា "លើលោកនេះខ្ញុំ ស្រលាញ់ម៉ាក របស់ខ្ញុំជាងគេ" អាច រុញឲ្យ មាស សុខសោភា កាន់តែល្បីល្បាញ ខ្លាំងជាងមុន ខណៈ បទចម្រៀងពោរពេញ ទៅដោយសេចក្ដី ស្រឡាញ់ នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ។

អ្នកនិពន្ធវ័យក្មេង សោម ដូរ៉េ ទើបតែបានបង្ហាញ ស្នាដៃថ្មីៗ ជាមួយអាល់ប៊ុម "មនុស្សស្រី" ជាអាល់ប៊ុមមួយ មានវត្តមានតារា ចម្រៀងស្រី របស់ផលិតកម្ម ថោន មករួមបញ្ចូលគ្នា ក្នុងវ៉ុលចម្រៀង តែមួយ ។ ពេលអាល់ប៊ុមចេញលក់ លើទីផ្សារ បែរជាបាត់ចម្រៀង ចំនួនពីរបទ គឺ"ស្នេហ៍ពិតមានតែក្នុងកុន" របស់ មាស សុខសោភា និង បទចម្រៀង "យល់សប្តិ" របស់កញ្ញា សាសា ធ្វើឲ្យកវីរូបនេះ យំមិនចេញ ព្រោះអ្វីៗស្ថិតក្នុងអាល់ ប៊ុមនេះ ជាញើសឈាម នៃការប្រឹងប្រែង របស់លោក ទាំងស្រុង ។ អ្វីដែលលោកគិត ពិតជាមិនដូច អ្វីដែលលោក បានរំពឹងទុកឡើយ ។

ថ្មីៗនេះ ប្រភពពីក្នុង ផលិតកម្ម ថោន បានព្រលយថា កវីនេះកំពុងតែរៀបចំ បង្វេចនឹងដើរចេញ ពីផលិតកម្មនេះហើយ បន្ទាប់ពីលោកដាច់កុងត្រា ក្នុងឆ្នាំនេះ ព្រោះលោកកំពុងតែ អាក់អន់ស្រពន់ចិត្ត ជាមួយផលិតកម្ម យ៉ាងខ្លាំង ខណៈផលិតកម្មមិន សូវអើពើ ជាមួយនឹងលោកដូចមុន និងពេលខ្លះទុក លោកចោលក៏មាន។ ក្នុងជំនួបជាមួយ គេហទំព័រ LookingTODAY កវី សោម ដូរ៉េ បាននិយាយថា លោកពិតជាត្រៀម ចាកចេញមែន ប្រសិនបើផលិតកម្ម នៅតែមិនអើពើ ចំពោះលោកទៀត។ ដូចនេះ ព្រោះអាល់ប៊ុមលោក ត្រូវបានជាប់គាំង ជាង១ឆ្នាំ នឹង៨ខែ បើគិតជាកូនប្រហែលចេះ ដើរតេសតាសបាត់ ទៅហើយ។

រយៈពេលមួយដ៏យូរ បទចម្រៀងក្នុង អាល់ប៊ុម មិនត្រូវបានគេយក ទៅផ្សាព្វផ្សាយ តាមកញ្ចក់ ទូរទស្សន៍ទេ ផ្ទុយពីបទចម្រៀង អ្នកផ្សេង មិនទាន់ចេញលក់ផង ក៏ប្រម៉ូដ (ផ្សាព្វផ្សាយ) ពេញកញ្ចក់ទូរទស្សន៍។ សោម ដូរ៉េ ក៏មានហេតុផលជាច្រើនទៀត ធ្វើឲ្យលោកពិបាកបន្ត ការងារទៀតដែរ ពិសេសភាព មិនចុះសម្រុង ក្នុងការងារ ដែលលោកសុំមិន និយាយអ្វីច្រើន ជាងនេះទេ ។ លោកបានបន្តថា លោកទ្រាំអស់ចិត្តហើយ ។

បន្ទាប់ពី សោម ដូរ៉េ ប្រកាសចាកចេញ គេសង្កេតឃើញថា លោកហាក់ពិបាកបន្ត អាជីពនេះ ទៀតណាស់ ព្រោះទើប តែចាកចេញ ហង្សមាស មិនទាន់បាត់ ធុំក្លិនផង ឥឡូវក៏ត្រូវចាក ចេញពី ថោន ទៀត។ បើដូចនោះមែន គួរឲ្យ សោកស្ដាយ សម្រាប់សមត្ថភាព របស់កវីមុខស្រស់ និងចិត្តសប្បុរសធម៌រូបនេះ បើសិនជាលោកមិនអាច រកទ្រនំ បានជ្រកកោន រួចក៏បញ្ចប់អាជីព ជាអ្នកតែងនិពន្ធ របស់លោកមែន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា