ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ FIFA បានសម្រេចចេញ សេចក្តីប្រកាស ដោយដាក់បម្រាមខ្សែប្រយុទ្ធ Luis Suarez របស់ហង្សក្រហម Liverpool មិនអោយលេងឲ្យ ក្រុមជម្រើសអ៊ុយរ៉ាហ្កាយ ចំនួន ៩ ប្រកួត និងមិនអោយលេង ទាត់បាល់ រយៈពេល ៤ ខែ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ខាំស្មាខ្សែការពារ Giorgio Chiellini ក្នុងជំនួបរវាង អ៊ុយរ៉ាហ្កាយ ជាមួយនឹង អ៊ីតាលី ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក កន្លងទៅនេះ។


៩ ប្រកួតដែលហាមមិនអោយខ្សែប្រយុទ្ធរូបនេះ លេងអោយជម្រើសជាតិ មានន័យថា Suarez មិនអាចបន្តលេងអោយ អ៊ុយរ៉ាហ្កាយ វគ្គ ១៦ ក្រុមចុងក្រោយ នៅ World Cup បន្តទៀតទេ ខណៈព្រឹត្តិការណ៍ Copa America ឆ្នាំក្រោយ ក៏ត្រូវអាក់ខានចូលរួមដែរ។ ងាកទៅ ៤ ខែមិនអោយទាត់បាល់វិញនោះ គឺខ្សែប្រយុទ្ធរូបនេះ មិនអាចចូលរួមហ្វឹកហាត់ ក៏ដូចជាប្រកួត អោយ Liverpool រដូវកាលក្រោយទេ ពោលគឺគិតចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី ១ ខែ វិច្ឆិកា។


Suarez មិនអាចចូលរួមទស្សនាការប្រកួត របស់អ៊ុយរ៉ាហ្កាយ ជាមួយនឹង កូឡុំប៊ី ក្នុងព្រឹត្តិការណ៍ World Cup ទេ ហើយការប្រកួតបើកឆាក Premier League និងការប្រកួតដំបូងព្រឹត្តិការណ៍ Champions League ៣ ប្រកួត ក៏អាក់ខានចូលរួម គាំទ្រដែរ ប៉ុន្តែការដោះដូរខ្សែប្រយុទ្ធរូបនេះ អាចធ្វើទៅបាន ក្នុងកំឡុងពេលបម្រាម ប្រសិនបើហង្សក្រហម ពិតជាចង់លក់កីឡាករនេះ មែននោះ។

ករណីខាំកីឡាករឯទៀត របស់ Suarez៖

លើកទីមួយ៖ កីឡាករ Otman Bakkal របស់ PSV - ឆ្នាំ ២០១០ - បម្រាម ៧ ប្រកួត

លើកទីពីរ៖ កីឡាករ Branislav Ivanovic របស់ Chelsea - ឆ្នាំ ២០១៣ - បម្រាម ១០ ប្រកួត

លើកទីបី៖ កីឡាករ Giorgio Chiellini របស់ Juventus - ឆ្នាំ ២០១៤ - បម្រាម ៩ ប្រកួតអោយក្រុមជម្រើសជាតិ និង ៤ ខែមិនអោយទាត់បាល់

គួរបញ្ជាក់ផងដែរថា ការបម្រាមនេះអាចលើកលែងបាន ប្រសិនបើមានការទទូច ក៏ដូចជាការតវ៉ា សមស្របណាមួយ៕


តើប្រិយមិត្តយល់យ៉ាងណាដែរ? តើបម្រាមនេះ សមស្របដែររឺទេ?

ប្រភព៖ The Score

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]