ក្រុមជម្រើសជាតិទាំង ៣២ ប្រទេស ចែកជា ៨ ពូល បានប្រកួតស៊ីសាច់ហុចឈាម ជាមួយគ្នា ទៅវិញទៅមក បានចំនួនពីរប្រកួត រួចមកហើយ ចាប់តាំងពីថ្ងៃបើកឆាក ការប្រកួតដំបូង នាថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤ ដែលខ្មែរឡូតធ្លាប់ចុះផ្សាយអត្ថបទ វិភាគ World Cup ភាគមួយ ដោយធ្វើការវិភាគទៅលើ ៥ ពូល រួមមាន ពូល A ពូល B ពូល C ពូល D និងពូល E កន្លងទៅនេះ។

[ភាគមួយ] តើក្រុមជម្រើស ជាតិណាខ្លះ ទៅស្រុកវិញ គិតត្រឹម ថ្ងៃនេះ?


ថ្ងៃនេះចូលមកដល់ភាគពីរ តាមការសន្យា គឺការវិភាគទៅលើ ៣ ពូលទៀត រួមមានពូល F ពូល G និងពូល H ដូចខាងក្រោម៖

ពូល F - ប៉ូស្នៀ ទៅស្រុក ខណៈ អៀរ៉ង់ និងនីហ្សេរីយ៉ា នៅប្រទាញប្រទូងគ្នា

ក្រុមជម្រើសជាតិអាហ្សង់ទីន កក់បានកៅអី ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយហើយ ដោយប្រកួត បន្ទាប់នោះ គឺត្រូវប៉ះ នីហ្សេរីយ៉ា ខណៈ អៀរ៉ង់ ត្រូវស៊ីប៉ូស្នៀ អោយបានច្រើនគ្រាប់ ហើយបុណ្យអោយអាហ្សង់ទីន លុតនីហ្សេរីយ៉ា អោយចាស់ដៃ។ ដូចនេះ នីហ្សេរីយ៉ា ទប់ត្រឹមស្មើ ក៏អាចបានមួយកៅអីដែរ ភាគរយ អៀរ៉ង់ទៅស្រុក ៨០ ខណៈនីហ្សេរីយ៉ា ២០។


ពូល G - ៩០% ព័រទុយហ្កាល់ ដឹកដៃ ហ្កាណា ទៅស្រុក

ព័រទុយហ្កាល់កុំតែធ្ងន់ក ត្រូវអាឡឺម៉ង់លុត ៤ ទល់នឹង ០ កាលពីប្រកួតដំបូងទេ កុំអីប្រហែលជាមិននៅ បាតតារាងនោះទេ។ អាឡឺម៉ង់ និង សហរដ្ឋអាមេរិក មាន ៤ ពិន្ទុរៀងៗខ្លួន ហើយពេលប៉ះគ្នា នៅប្រកួតក្រោយ ណាត់គ្នាយកតែស្មើ ក៏អាចដឹកដៃគ្នា ទៅវគ្គ ១៦ ក្រុមចុងក្រោយដែរ ខណៈប្រកួតរវាងក្រុម ហ្កាណា និងព័រទុយហ្កាល់ បើក្រុមណាឈ្នះក៏ដោយ ក៏អាចឡើងបានដែរ ប៉ុន្តែត្រូវចាំអ៊ុតមើល អាឡឺម៉ង់ ត្រូវលុត សហរដ្ឋអាមេរិក ដូចនេះ ព័រទុយហ្កាល់ និង ហ្កាណា ត្រូវដេកបុណ្យហើយ។


ពូល H - ៩០% កូរ៉េខាងត្បូងទៅស្រុក ខណៈមួយក្រុមទៀត បើមិន អាហ្សឺរី ក៏រុស្សី ពេលប៉ះគ្នា

ពូលនេះជក់ចិត្ត ដោយក្រុមបែលហ្សិច កក់បានកៅអីមួយហើយ ដោយប្រកួតបន្ទាប់ ប៉ះក្រុមដែល ត្រូវតែឈ្នះដាច់ខាត កូរ៉េខាងជើង ខណៈអាហ្សឺរី ត្រូវប្រកួតជាមួយ រុស្សី ពីរហ្នឹង មួយណាឈ្នះ មួយនោះឡើង។ ទោះកូរ៉េខាងត្បូង យកឈ្នះបែលហ្សិច អាហ្សឺរី ប៉ងយកស្មើ ជាមួយរុស្សី ក៏អាចឡើងទៅវគ្គបន្ត បានដែរ។ ដូចនេះភាគរយហាលអាវ កូរ៉េខាងត្បូង ៩០% និងមួយក្រុមទៀត អាហ្សឺរី ៦០% ខណៈរុស្សី ៤០%។


សរុបសេចក្តីមក ក្រុមដែលធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល ពោលគឺត្រូវហាលអាវ និងវេចបង្វេចទៅស្រុកវិញ មានដូចជា កាម៉ូរូន នៅពូល A, អូស្ត្រាលី និងអេស្ប៉ាញ នៅពូល B, អង់គ្លេស នៅពូល D, ហុងដូរ៉ាស នៅពូល E និង ប៉ូស្នៀ នៅពូល F សរុប ៦ ប្រទេសហើយ។

ចូលរួមទស្សន៍ទាយ World Cup ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ដ៏ច្រើនសន្ធឹក!

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]