ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានចាប់​ខ្លួន​បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ឆបោក​ម៉ូតូ ​កាលពីវេលាម៉ោង​៥និង​៣០នាទី​ល្ងាច​ ថ្ងៃទី​៧ មិថុនា នៅ​ក្នុង​ក្រុង​ស្វាយរៀង ។ ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ ឈ្មោះ ម៉ឹង ធាង អាយុ​៥០ឆ្នាំ មាន​ទីលំនៅ​ភូមិ​​អង្គ​សាលា ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ជា​កសិករ ។ 

លោក​​វរសេនីយ៍ត្រី កុយ សុភាព នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹងថា ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ សួន សុភ័ក្រ ភេទ​ប្រុស អាយុ​៤០ឆ្នាំ មានទីលំនៅ​ភូមិ​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ​​បាន​រៀបរាប់​ថា កាលពី​ថ្ងៃទី​២ មីនា មាន​បុរស​​ម្នាក់​​ឈ្មោះ ពៅ ចិន្តា ហៅ ស្នែ អាយុ​៣៩ឆ្នាំ បាន​មក​សួរ​​​ទិញ​ម៉ូតូ​របស់ខ្លួន ម៉ាកសេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៨ ហើយ​ក្រោយពេល​ត​ថ្លៃ​ត្រូវ​គ្នា​​​ឈ្មោះ ចិន្តា ហៅ​ ស្នែ ក៏​បាន​សុំ ជិះ​ម៉ូតូ​យក​ទៅ​ឱ្យ​ប្រពន្ធ​មើល​នៅ​ឯ​ផ្ទះ​សិន​ដោយ​មិនទាន់​បានឱ្យ​ លុយនោះទេ ។

​ដោយ​ទុក​ចិត្ត​ថា ជា​មនុស្ស​ស្គាល់​គ្នា​រូប​គាត់​ក៏​ព្រម​ឱ្យ​យក​ម៉ូតូ​ទៅ​ ប៉ុន្តែ​ពេល​បាន​ម៉ូតូ​ហើយ​ឈ្មោះ ស្នែ នោះក៏​យក​ទៅ​បាត់​តែម្តង ។ ប្រភពដដែល​​បន្ត​ថា រហូត​មក​ដល់​ថ្ងៃទី​៥ មិថុនា ក៏​មាន​គេឃើញ​ម៉ូតូ​​​ដែល​បាត់នេះ ​​គេ​កំពុង​ជិះ​នៅ​ក្រុង​ស្វាយ​រៀង ហើយ​ពេល​សមត្ថកិច្ច​ឃាត់​សាក​សួរ​ទើប​​ដឹងថា ឈ្មោះ មុឹង ធាង ​បាន​យក​មក​លក់​ឱ្យ​ក្នុង​តម្លៃ ៦០០ ដុល្លារ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ខ្លួន​​ជន​សង្ស័យ​តែម្តង ។ ​

​ក្រោយពេល​ត្រូវ​ចាប់​ខ្លួន​ជន​សង្ស័យ ម៉ឹង ធាង​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ​ខ្លួន​មិន​បាន​លក់​ម៉ូតូនោះទេ គឺ​ឈ្មោះ ពៅ ​ចិន្តា ហៅស្នែ ​ជា​​អ្នក​លក់​​ រីឯ​រូបគេ គ្រាន់​តែ​មក​ជា​មួយ​ប៉ុណ្ណោះ ហើយ​ពេល​លក់​ម៉ូតូ​នោះ​រូបគេ​ក៏​មិន​បាន​ចូល​រួម​លក់​ដែរ គឺ​ឈ្មោះស្នែ​នោះ​ទៅលក់​ម៉ូតូ​​ជាមួយ​បុរស​ម្នាក់​​ទៀត ​ឈ្មោះ​អាខ្មៅ ដោយ​ទុក​រូប​គេ ឱ្យ​នៅចាំ​រង្វង់​មូល​វិមាន​ឯករាជ្យខេត្ត​ លុះ​ពេល​លក់​បាន​លុយ​ហើយ​ទើប​ឈ្មោះ​ស្នែ និ​ង​អាខ្មៅ មក​យក​រូប​គេ​ទៅផឹក​ស៊ីជាមួយ ។

ទោះ​ជា​ជន​សង្ស័យ ម៉ឹង ធាង ខំប្រឹង​ឆ្លើយ​ដោះ​សាយ៉ាង​ណាក៏​ដោយ​រូប​គេនៅ​តែ​​ជា​ជន​សង្ស័យ​ដដែល ហើយ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូនខ្លួន​​ជាមួយ​វត្ថុតាង​ប្រគល់​ ឱ្យ​​​សមត្ថ​កិច្ច​ក្រុង​តាខ្មៅ​​ចាត់​ការ​បន្ត​នៅ​វេលាម៉ោង​១០ព្រឹក ថ្ងៃទី​៨ មិថុនា ។
រី​ឯ​ជន​សង្ស័យ​ ពៅ​ ចិន្តា ​ដែលជា​អ្នក​បោក​យក​ម៉ូតូ​ពី​ជនរ​ងគ្រោះ​ពេល​នេះ​សមត្ថកិច្ច​ក៏​កំពុង​តែ​តាម​រក​ចាប់​ខ្លួន​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]